ស្វាយរៀង៖ ជីវភាពរស់នៅរបស់អ្នកស្រី រាជ យ៉ាន ល្អប្រសើរដោយសារតែការដាំបន្លែសរីរាង្គ នៅលើផ្ទៃដីទទឹង២០ម៉ែត្រ និងបណ្តាយ៤០ម៉ែត្រ នៅជាប់ផ្ទះ។ ការដាំដុះបន្លែសរីរាង្គនេះ ធ្វើឱ្យស្ត្រីមេម៉ាយវ័យ៦៥ឆ្នាំរូបនេះ មានលទ្ធភាពចិញ្ចឹមម្តាយវ័យ៩០ឆ្នាំ និងចៅ៣នាក់ឱ្យបានសិក្សារៀនសូត្រ នឹងគ្រោងបញ្ជូនចៅច្បង ឱ្យទៅបន្តការសិក្សាកម្រិតបរិញ្ញាបត្រ បន្ទាប់ពីលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា២០១៨-២០១៩ ត្រូវបានប្រកាស។
ថ្វីដ្បិតមានម្តាយវ័យ៩០ឆ្នាំ និងចៅបីនាក់ជាបន្ទុកក្តី ប៉ុន្តែ អ្នកស្រី រាជ យ៉ាន ហាក់មិនព្រួយបារម្ភពីការចំណាយប្រចាំថ្ងៃឡើយ ជាពិសេសលើការចំណាយរបស់ចៅទាំងបីនាក់ ដែលកំពុងសិក្សា។ កំពុងស្ថិតក្នុងចម្ការរបស់ខ្លួន នៅភូមិព្នៅ ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ដែលមានទៅដោយបន្លែចម្រុះ ដូចជា ម្រះ ត្រសក់ សណ្តែកគួរ និងស្ពៃ ជាដើម អ្នកស្រី បាននិយាយប្រាប់សារព័ត៌មាន ThmeyThmey ថា បច្ចេកទេសនៃដាំដុះ គឺអ្នកស្រីទទួលបានការបណ្តុះបណ្តាលពីអង្គការដៃគូរបស់់សហគមន៍ផ្គត់ផ្គង់កសិផលស្វាយរៀង (សាក់) និងមន្ទីរកសិកម្មខេត្តស្វាយរៀង។
«រយៈពេលជិត១០ឆ្នាំ ដែលខ្ញុំដាំបន្លែសរីរាង្គ ដោយអនុវត្តតាមបច្ចេកទេសត្រឹមត្រូវ គឺខ្ញុំទទួលបានទិន្នផលល្អច្រើន និងលក់បានតម្លៃខ្ពស់ ជាងកាលខ្ញុំដាំបន្លែតាមបែបធម្មជាតិ ដោយគ្មានបច្ចេកទេសដាំដុះ និងការពារបន្លែទាំងនោះ។ បន្លែសរីរាង្គនេះ គឺមានទីផ្សារស្រាប់ គឺខ្ញុំលក់ទៅឱ្យសហគមន៍សាក់ ដែលគេចាំទទួលទិញជាប្រចាំ និងមួយចំនួនលក់នៅទីផ្សារក្នុងស្រុកយើងធម្មតា។ ក្នុងមួយខែ ខ្ញុំអាចទទួលប្រាក់ចំណូលពីបន្លែសរីរាង្គនេះ យ៉ាងហោចណាស់៥០ម៉ឺនរៀល ហើយខែខ្លះខ្ញុំទទួលប្រាក់បានរហូតដល់៨០ម៉ឺនរៀល»។ នេះជាការរៀបរាប់ របស់ អ្នកស្រី រាជ យ៉ាន ក្នុងទឹកមុខសប្បាយរីករាយចំពោះសមិទ្ធផលដែលអ្នកស្រីទទួលបានប្រចាំខែ ពីបន្លែសរីរាង្គ។
អ្នកស្រី រាជ យ៉ាន បន្តថា ការដាំដុះបន្លែសរីរាង្គ អាចឱ្យស្រី្តមេម៉ាយរូបនេះ មានលទ្ធភាពកាន់តែខ្ពស់ក្នុងការផ្គត់ផ្គង់ចំណីអាហារ ថ្នាំបង្ការនិងព្យាបាលផ្សេងៗ សម្រាប់ជំងឺរបស់ម្តាយខ្លួន។ លើសពីនេះ អ្នកស្រី ក៏នៅមានលទ្ធភាពបង់ថ្លៃការសិក្សាក្រៅម៉ោង (រៀនគួរ) របស់ចៅទាំងបីនាក់ផងដែរ ក្រៅពីម៉ោងសិក្សារបស់រដ្ឋ។ អ្នកស្រី មានប្រសាសន៍ថា៖«ខ្ញុំចំណាយប្រាក់៧ម៉ឺនរៀលក្នុងមួយខែ ទៅលើការរៀនគួរបស់ចៅម្នាក់ ហើយថវិកាដែលផ្គត់ផ្គង់ការរៀនសូត្ររបស់ចៅទាំងបីនេះ គឺបានមកពីការសន្សំប្រាក់តាមរយៈការលក់បន្លែសរីរាង្គ ព្រោះខ្ញុំគ្មានមុខរបរអ្វីក្រៅពីធ្វើចម្ការនេះទេ»។ អ្នកស្រី បន្ថែមថា៖«ចៅច្បងខ្ញុំទើបប្រឡងចប់បាក់ឌុបឆ្នាំនេះ ប៉ុន្តែមិនទាន់ដឹងលទ្ធផលទេ។ ប្រសិនបើចៅប្រឡងជាប់បាក់ឌុបនេះ ខ្ញុំនឹងឱ្យចៅរៀនបន្តនៅសាកលវិទ្យាល័យទៅតាមមុខជំនាញដែលចៅស្រឡាញ់ និងចូលចិត្ត។ មិនថាចៅចង់រៀនបន្តនៅត្រឹមសាកលវិទ្យាល័យនៅខេត្តឬនៅភ្នំពេញទេ គឺខ្ញុំមានលទ្ធភាពឱ្យចៅរៀនសូត្រ តាមរយៈការសន្សំប្រាក់ពីការដាំបន្លែទាំងនេះ»។
ក្រៅពីចេះធ្វើជីធម្មជាតិដោយមានអង្កាម អាចម៍គោ និងបន្លែរលួយ ជាដើម ដែលលាយបញ្ជូលគ្នានៅក្នុងឡជីឧស្ម័ននៅក្បែរផ្ទះ ស្ត្រីវ័យ៦៥ឆ្នាំរូបនេះ ក៏ចេះពីរបៀបដាំដុះ និងការពារផលដំណាំបន្លែពីការរំខាន ឬបំផ្លាញរបស់សត្វល្អិតចង្រៃផងដែរ ដូចជាប្រើប្រាស់សំណាញ់ហ៊ុមព័ទ្ធចម្ការបន្លែ និងប្រើប្រាស់បា្លស្ទិកគ្របដណ្តប់លើរោងបន្លែ។
បើតាមប្រសាសន៍របស់ស្ត្រីដាំបន្លែសរីរាង្គក្នុងខេត្តស្វាយរៀងរូបនេះ ការងារកសិកម្មនេះ គឺអ្នកស្រី ធ្វើជាមួយជាកូនស្រីរបស់ខ្លួន ដែលជាម្តាយរបស់ចៅទាំងបីនាក់អ្នកនោះ។ អ្នកស្រី រាជ យ៉ាន បានបន្តថា ក្រៅពីជួយដាំដុះបន្លែក្នុងចម្ការ កូនស្រីរបស់គាត់ បានធ្វើការងារផ្នែកវេចខ្ចប់បន្លែសរីរាង្គ និងសុវត្ថិភាព នៅក្នុងសហគមន៍សាក់ ដើម្បីរកចំណូលបន្ថែមសម្រាប់ការចំណាយផ្សេងៗរបស់គ្រួសារ ពិសេសលើចំណាយរបស់ចៅទាំងបីនាក់នោះ។ «ខ្ញុំធ្វើបានចំណូលខ្លះពីការដាំបន្លែ ហើយកូនរកបានខ្លះពីការធ្វើការងារក្នុងសហគមន៍លក់បន្លែ ទើបធ្វើឲ្យគ្រួសារយើងកាន់តែល្អប្រសើរ និងមានថវិកាសម្រាប់ឱ្យរៀនបន្ត»។
ជាមួយគ្នានេះ អ្នកស្រី រាជ យ៉ាន បានផ្តាំផ្ញើដល់ប្រជាកសិករទាំងអស់ កុំបោះបង់ការធ្វើកសិកម្ម ជាពិសេសការដាំបន្លែ។ អ្នកស្រី អះអាងថា៖«ការដាំបន្លែសរីរាង្គ គឺមិននឿយហត់ និងមិនចំណាយដើមទុនច្រើនក្នុងការទិញជី-ថ្នាំពុលគីមីនោះទេ។ ម្យ៉ាងទៀត ទីផ្សារបន្លែទាំងនេះ គឺមានគេត្រូវការច្រើន។ ថ្វីដ្បិតការដាំបន្លែសរីរាង្គនេះ មិនសូវទទួលបានទិន្នផលច្រើនក៏ពិតមែន ប៉ុន្តែតម្លៃគឺបានខ្ពស់ជាងបន្លែធម្មតា»។
អ្នកស្រី បញ្ជាក់ដូច្នេះ៖«ការដាំដុះបន្លែសរីរាង្គហ្នឹង ឱ្យផលយើងមកវិញក៏មិនពិបាកដែរ ព្រោះវាអាចដោះស្រាយបានថ្លៃម្ហូបអាហារប្រចាំថៃ្ងបាន មិនបាច់ទៅរកប្រាក់ឯណាឆ្ងាយទេ។ យើងរកនៅទីហ្នឹងក៏វាគ្រាន់បើដែរ បើធៀបនឹងប្រាក់ខែគេមួយចំនួនក៏វាមិនជាងគ្នាប៉ុន្មានដែរ។ បើយើងដាំបន្លែ តិចណាស់ក៏ចូលបាន១ម៉ឺនរៀលក្នុងថ្ងៃដែរ»៕