ជាតិ
ក្រៅពី​មេគង្គ​ស្ទឹងត្រែង និង​ក្រចេះ ទឹកទន្លេ​បាសាក់​-​កោះ​ខែល ឡើងដល់​កម្រិត​ប្រុងប្រយ័ត្ន​ហើយ​
07, Sep 2019 , 10:38 am        
រូបភាព
ស្ថានីយរំដោះទឹករបស់តេជោសែនទី៥១ ចាប់ផ្តើមបូមទឹកចេញពីក្រុងក្រចេះ កាលពីថ្ងៃទី​៦ ខែធ្នូ។ រូបថត ក្រសួងធន​ធានទឹក
ស្ថានីយរំដោះទឹករបស់តេជោសែនទី៥១ ចាប់ផ្តើមបូមទឹកចេញពីក្រុងក្រចេះ កាលពីថ្ងៃទី​៦ ខែធ្នូ។ រូបថត ក្រសួងធន​ធានទឹក
​ទឹកទន្លេ​បាសាក់​-​កោះ​ខែល​ក្នុង​ខេត្តកណ្តាល បាន​ហក់​ឡើងដល់​កម្រិត​ប្រុងប្រយ័ត្ន នា​ថ្ងៃទី​៧​កញ្ញា​នេះ​ក្នុង​កម្ពស់​៧.៤០​ម៉ែត្រ​។ ជាមួយគ្នានេះ ទឹកទន្លេ​មេគង្គ​ក្នុង​ខេត្តក្រចេះ​នៅតែ​បន្ត​ហក់​ឡើង លើសពី​កម្រិត​ប្រុងប្រយ័ត្ន​ដដែល ដែលមាន​កម្ពស់​រហូត​ដល់​២២.៥៦​ម៉ែត្រ​។  កម្ពស់​ទឹក​នេះ បើ​ធៀប​ទៅនឹង​ម្សិលមិញ គឺ​កើនឡើង​ក្នុង​កម្រិត​០.៣៦​ម៉ែត្រ​។ ដោយឡែក​ទឹក​ទ​ន្ល​មេគង្គ​ក្នុង​ខេត្តស្ទឹងត្រែង បាន​ស្រក​ចុះ​បន្តិច​វិញ ប៉ុន្តែ​ស្ថិតនៅក្នុង​កម្រិត​លើសពី​ការប្រុងប្រយ័ត្ន​ដដែល ដោយមាន​កម្ពស់​១១.៩៤​ម៉ែត្រ​។ នេះ​បើ​យោងតាម​ព្រឹត្តិបត្រ​ព័ត៌មាន និង​ព្យាករណ៍​កម្ពស់​ទឹក របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​។

 
​ព្រឹត្តិបត្រ​ព័ត៌មាន និង​ព្យាករណ៍​កម្ពស់​ទឹក​នេះ បាន​បញ្ជាក់ថា ទន្លេមេគង្គ​-​ស្ទឹងត្រែង មាន​កម្រិត​កម្ពស់​ទឹក​ប្រុងប្រយ័ត្ន​ត្រឹម​១០.៧០​ម៉ែត្រ​។ រីឯ​ទន្លេមេគង្គ​-​ក្រចេះ​មាន​កម្រិត​កម្ពស់​ទឹក​ប្រុងប្រយ័ត្ន​ត្រឹម​២០​ម៉ែត្រ​។ 
 
​បើតាម​ការព្យាករណ៍​កម្ពស់​ទឹក​តាម​ស្ថានីយ​ជលផល​របស់​ក្រសួង​ធនធានទឹក នៅ​ថ្ងៃទី​៨-១០​កញ្ញា ឆ្នាំ​២០១៩ ទន្លេមេគង្គ​-​ស្ទឹងត្រែង និង​ក្រចេះ នឹង​ចុះ​ស្រក​វិញ​ជា​បន្តបន្ទាប់​។ រីឯ​ទន្លេបាសាក់​-​កោះ​ខែល នឹងមាន​កម្ពស់​ទឹក​ឡើងជា​បន្តបន្ទាប់​វិញ​៕ 

Tag:
 ទន្លេមេគង្គ​
  ស្ទឹងត្រែង​
 ​ក្រចេះ​
 ​កណ្តាល​
© រក្សាសិទ្ធិដោយ thmeythmey.com