អន្តរជាតិ
បាងកក នាំមុខប៉ារីសនិងឡុងដ៏ ក្លាយជាទីក្រុងទទួលភ្ញៀវទេសចរច្រើនជាងគេ
×
ដោយ៖ ងួន សុភាវត្តី
តាមការស្ទង់មតិមួយដែលបង្ហាញកាលពីថ្ងៃទី៤ ខែកញ្ញាកន្លងទៅ ទីក្រុងបាងកករបស់ថៃបានវ៉ាដាច់ទីក្រុងប៉ារីសរបស់បារាំងនិងទីក្រុងឡុងដ៏របស់អង់គ្លេស ហើយក្លាយជាទីក្រុងដែលមានចំនួនភ្ញៀវទេសចរច្រើនជាគេ។ ព័ត៌មាននេះបានធ្វើអោយប្រទេសថៃពេញចិត្ត បន្ទាប់ពីខ្លួនមានការព្រួយបារម្ភពីការធ្លាក់ចុះភ្ញៀវទេសចរនាពេលថ្មីៗនេះ។
ទីក្រុងបាងកកបានជាប់ជាទីក្រុងដែលមានចំនួនភ្ញៀវទេសចរណ៍ច្រើនជាគេចំនួន៤ ឆ្នាំជាប់គ្នាមកហើយ ដែលមានភ្ញៀវទេសចរណ៍អន្តរជាតិជាង ២២,៨លាននាក់ក្នុង១ឆ្នាំៗ។ នេះបើយោងតាមការរបាយការណ៍របស់ MasterCard Inc។
ចំណែកឯ ប៉ារីសនិង ទីក្រុងឡុងដ៏វិញជាប់ចំណាត់ថ្នាក់លេខ២និងលេខ៣បន្តបន្ទាប់គ្នា។ ទីក្រុងទាំងពីរបានទទួលភ្ញៀវទេសចរណ៍ប្រមាណ១៩.១លាននាក់ជារៀងរាល់ឆ្នាំ។ នៅក្នុងរបាយការណ៍ស្ទង់មតិនេះក៏បានបង្ហាញផងដែរថា ទីក្រុងសិង្ហបុរី និងកូឡាឡាំពួរជាប់ចំណាត់ថ្នាក់ទី៤និងទី៥។ ទីក្រុងញូវយ៉ក អ៊ីស្តង់ប៊ុល តូក្យូ អាន់តាលីយ៉ារបស់តួកគី ក៏ជាប់ក្នុងបញ្ជីចំណាត់ថ្នាក់ប្រទេសលើគេទាំង១០ផងដែរ។
ចំនួនភ្ញៀវទេសចរណ៍អន្តរជាតិនៅទីក្រុងជាង២០០បានកើនឡើង៧៦%ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ។
យ៉ាងណាមិញ បាងកកដែលជាទីក្រុងឈរលើកំពូលតារាងនេះ បានជួបបញ្ហាការធ្លាក់ចុះភ្ញៀវទេសចរអន្តរជាតិចំនួន១,០៣%នៅត្រឹមខែឧសភា។ យ៉ាងណាក៏ដោយតួលេខនេះត្រូវបានកើនឡើងវិញ០,៨៩%ក្នុងខែមិថុនា។ វិស័យទេសចរណ៍នេះ បានជួយសេដ្ឋកិច្ចថៃជាង១២%។
ដោយសារសេដ្ឋកិច្ចរបស់ចិនមានការថមថ យនិងបញ្ហាគ្រោះថ្នាក់លើទូកកាលពីឆ្នាំមុន បានធ្វើអោយភ្ញៀវទេសចរចិននៅប្រទេសថៃមានការធ្លាក់ចុះនៅដើមឆ្នាំនេះ។ យ៉ាងណាមិញចំនួនភ្ញៀវទេសចរណ៍ឥណ្ឌាក៏បានកើនឡើងបន្តិចថងដែរ។ ថៃរំពឹងថានឹងទទួលភ្ញៀវទេសចរណ៍ឥណ្ឌា២លាននាក់ក្នុងឆ្នាំ២០១៩នេះ។
គួររំលឹកឡើងវិញថា ដើម្បីដោះស្រាយបញ្ហាការធ្លាក់ចុះភ្ញៀវទេសចរណ៍នេះ រដ្ឋាភិបាលថៃបានសម្រេចមិនយកថ្លៃស្នើសុំទិដ្ឋាការពីភ្ញៀវទេសចរណ៍ពី១៨ប្រទេស រួមទាំងចិននិងឥណ្ឌាផង៕
© រក្សាសិទ្ធិដោយ thmeythmey.com