អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ប៉េកាំង​សរសើរ​ពី​វីរភាព​លោក Mugabe ជាពិសេស​ការប្រឆាំង​ការ​លូកដៃ​ពី​បរទេស​
07, Sep 2019 , 1:59 pm        
រូបភាព
ប្រធានាធីបតី ស៊ី ជិនភីង និងមេដឹកនាំស៊ីមបាវ៉េ Robert Mugabe ប្រភពរូប៖ AFP
ប្រធានាធីបតី ស៊ី ជិនភីង និងមេដឹកនាំស៊ីមបាវ៉េ Robert Mugabe ប្រភពរូប៖ AFP
ដោយ:
​រដ្ឋាភិបាល​ក្រុង​ប៉េកាំង តាមរយៈ​ក្រសួងការបរទេស បាន​ចូលរួម​រំលែក​ទុក្ខ​ចំពោះ​មរណភាព​របស់​អតីត​ប្រធានាធិបតី​ស៊ីម​បា​វ៉េ លោក Robert Mugabe ក្រោយពី​លោក​បាន​ស្លាប់​កាលពី​ថ្ងៃ​សុក្រ ទី​៦ កញ្ញា នៅ​អាយុ ៩៥ នា​ប្រទេស​សិង្ហ​បុរី​។

 
​ថ្លែង​ក្នុង​សន្និសីទ​ព័ត៌មាន​នៅ​ថ្ងៃ​សុក្រ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោក Geng Shuang បានបញ្ជាក់​បែបនេះ​ថា​៖«​លោក Mugabe ជា​មេដឹកនាំ​ចលនា​រំដោះជាតិ​ដ៏​ឆ្នើម​ម្នាក់ និង​ជា​រដ្ឋបុរស​នៃ​ប្រទេស​ស៊ីម​បា​វ៉េ​»​។ នេះ​បើតាម​ការចុះផ្សាយ​ទីភ្នាក់ងារ​ចិន Xinhua ។​


 
«​ពេញ​មួយជីវិត​របស់លោក លោក Mugabe បានការ​ពារ​អធិបតេយ្យភាព និង​ឯករាជ្យ​របស់​ប្រទេស​លោក​យ៉ាង​មុតមាំ​, ប្រឆាំង​ការ​លូកដៃ​ពី​សំណាក់​បរទេស និង​ប្រឹងប្រែង​លើកស្ទួយ​យ៉ាងសកម្ម​នូវ​កិច្ច​សហប្រតិបត្តិ និង មិត្តភាព​រវាង ស៊ីម​បា​វ៉េ​-​ចិន និង ចិន​-​អាហ្វ្រិក​»​។ លោក Geng លើកឡើង​បែបនេះ ដោយ​សង្កត់ធ្ងន់ថា រដ្ឋាភិបាល​ចិន ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​មរណភាព​របស់លោក Mugabe និង​ផ្ញើ​ការអាណិតអាសូរ​ដោយស្មោះ​ដល់​រដ្ឋាភិបាល ប្រជាជន​ស៊ីម​បា​វ៉េ ក៏ដូចជា​ជា​សមាជិកគ្រួសារ​លោក​ផងដែរ​។​
 
 
​សូមបញ្ជាក់ថា លោក Robert Mugabe អតីត​ប្រធានាធិបតី​ផ្តាច់ការ​ស៊ីម​បា​វ៉េ បានទទួល​មរណភាព​ក្នុង​អាយុ​៩៥​ឆ្នាំ​នៅ​មន្ទីរពេទ្យ​ប្រទេស​សិង្ហ​បុរី​។ យោងតាម​ការផ្សាយ​រប​ស់ CNN លោក​ប្រធានាធិបតី​ក្នុង​តំណែង​នាពេល​បច្ចុប្បន្ន គឺ​លោក Emmerson Mnangagwa បានប្រកាស​ពី​ដំណឹង​មរណភាព​នេះ​ដោយផ្ទាល់​។ 
 
​ដំណឹង​ផ្សេងៗ បាន​ផ្សព្វផ្សាយ​ថា អតីត​ប្រធានាធិបតី​ផ្តាច់ការ​រូបនេះ បាន​ចំណាយពេល​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ផ្កាយ​៥ Gleneages Hospital ប្រទេស​សិង្ហ​បុរី តាំងពីដើម​ឆ្នាំ​មក ដោយសារ​សុខភាព​កាន់តែ​ទ្រុឌទ្រោម​។ លោក Mugabe បាន​កាន់អំណាច​៣៧​ឆ្នាំ​នៅ​ស៊ីម​បា​វ៉េ ដោយ​ក្នុងតួនាទី​ជា​នាយករដ្ឋមន្ត្រី​ពី​ឆ្នាំ​១៩៨០​ដល់​ឆ្នាំ​១៩៨៧ និង​ជា​ប្រធានាធិបតី​ពី​ឆ្នាំ​១៩៨៧ ដល់​ឆ្នាំ​២០១៧ មុន​ពេលដែល​កងកម្លាំង​យោធា​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​លោក​។​ 
 
​បច្ចុប្បន្ន​សិង្ហ​បុរី និង​ស៊ីម​បា​វ៉េ កំពុង​សហការគ្នា​រៀបចំ​ដឹក​សព​អតីត​មេដឹកនាំ​រូបនេះ ទៅកាន់​ប្រទេស​ស៊ីម​បា​វ៉េ វិញ​។ ក្រៅ​ចិន អតីត​ប្រធានាធិបតី​កុង​ហ្គោ លោក Joseph Kabila, ប្រធានាធិបតី​អាហ្វ្រិក​ខាងត្បូង លោក Cyril Ramaphosa រួមទាំង​ថ្នាក់ដឹកនាំ និង​អតីត​ថ្នាក់ដឹកនាំ​ផ្សេងទៀត ក៏បាន​សម្តែង​ការសោកស្តាយ​ផងដែរ​។​
 
​ទោះបីជា​យ៉ាងណាក៏ដោយ លោក Mugabe ក៏​ទទួល​នូវ​ការរិះគន់​ពី​អន្តរជាតិ​ផងដែរ នា​អំឡុងពេល​លោក​កាន់អំណាច​ជិត​៤០​ឆ្នាំ​នៅ​ស៊ីម​បា​វ៉េ តាមរយៈ​ការដឹកនាំ​ផ្តាច់ការ និង​រំលោភ​សិទ្ធិមនុស្ស​៕
 
 
 
 
 

Tag:
 ចិន​
  Robert Mugabe
© រក្សាសិទ្ធិដោយ thmeythmey.com