ជាតិ
​ផ្លូវ​សំខាន់ៗ​៥​ខ្សែ​នៅ​ខេត្តក្រចេះ ត្រូវ​លិច​ដោយសារ​ជំនន់​មេគង្គ និង​ទឹកភ្លៀង​
07, Sep 2019 , 3:06 pm        
រូបភាព
​ភ្នំពេញ​៖ ផ្លូវជាតិ​-​ផ្លូវ​ខេត្ត​ចំនួន​៥​ខ្សែ​ក្នុង​ខេត្តក្រចេះ ត្រូវបាន​លិច​ដោយសារ​ជំនន់​ទឹកទន្លេ​មេគង្គ និង​ជំនន់​ទឹកភ្លៀង​។ បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តក្រចេះ​ឱ្យដឹងថា នៅ​ព្រឹក​ថ្ងៃទី​៧​ខែកញ្ញា​នេះ ផ្លូវ​ដែល​ទាំងនោះ​មាន ផ្លូវ​ខេត្ត​លេខ​២៧៩, ៣៧១, ៣៧៧, ៣៧៥F និង​ផ្លូវ​NF៧៣ ដែល​ស្ថិតនៅ​ក្នុងស្រុក​ចិត្រ​បុរី ព្រែក​ប្រសព្វ សំបូរ និង​ស្រុក​ឆ្លូង ខេត្តក្រចេះ​។ ក្រៅពី​ផ្លូវ​ទាំងនេះ​លិច ក៏មាន​លិច​ស្ពាន​ព្រែក​គ្រៀង និង​មាន​បាក់​ច្រាំងទន្លេ​លើផ្លូវ​រួម​ស្រុក​ឆ្លូង ផងដែរ​។​



​សេចក្តីជូនដំណឹង​ដដែល​នេះ បានបង្ហាញ​ពី​ប្រវែង​និង​ជម្រៅ​នៃ​ផ្លូវ​នីមួយៗ​ដែល​បាន​លិច​ផងដែ​។ ដូចជា​ផ្លូវ​ខេត្ត​លេខ​២៧៩ ក្រាល​ក្រួស​ក្រហម​លិច​ទឹក​ក្នុង​ជម្រៅ​ជិត​កន្លះ​ម៉ែត្រ ទៅ​ជាង​មួយ​ម៉ែត្រ​កន្លះ ក្នុង​ប្រវែង​១៧,៧០០​ម៉ែត្រ ដែល​ស្ថិតនៅក្នុង​ឃុំ​ព្រែក​ប្រសព្វ និង​ឃុំ​ជ្រាយ​បន្ទាយ​ក្នុង ព្រែក​ប្រសព្វ​។ ផ្លូវ​ខេត្ត​លេខ​៣៧៥F លិច​ជាង​១,៨០០​ម៉ែត្រ ក្នុង​ជម្រៅ​៤,៤២​ម៉ែត្រ ស្ថិតនៅក្នុង​ព្រែក​សា​ម៉ាន់ ស្រុក​ឆ្លូង​។ រីឯ​ផ្លូវ​លិច​ក្នុង​ឃុំ​បុល​លាវ  ស្រុក​ចិត្រ​បុរី​និង​ស្រុក​សំបូរ មាន​ផ្លូវ​NF៧៣  និង​៣៧៧ ដែលមាន​ប្រវែង​ជាង​៥,៥០០​ម៉ែត្រ លិច​ក្នុង​ជម្រៅ​ពី​០,០៥-០,១៥​ម៉ែត្រ​។​



​ជាមួយគ្នានេះ អាជ្ញាធរ​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ផ្អាក​ធ្វើដំណើរ​តាមផ្លូវ​ទាំងនេះ ជៀសវាង​គ្រោះថ្នាក់​ផ្សេងៗ​អាច​កើតមានឡើង​ជាយថាហេតុ ខណៈ​ទំនន់​ទឹកភ្លៀង និង​ជំនន់​ទន្លេមេគង្គ​នៅតែ​បន្ត​ឡើង​៕



រូបបានពីទំព័រហ្វេសប៊ុកមន្ទីរសាធារណៈការ និងដឹកជញ្ជូន ខេត្តក្រចេះ

Tag:
 ផ្លូវ​
  ទឹក​
  ទន្លេមេគង្គ​
  ជំនន់​
  អាកាសធាតុ​
© រក្សាសិទ្ធិដោយ thmeythmey.com