ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ខំប្រឹង​ណាស់ដែរ តែ​សិល្បៈ​ល្ខោន​យីកេ ដួងព្រលឹង​ជាតិ នៅតែ​ខ្វះ​ការគាំទ្រ​!
27, Sep 2019 , 11:29 am        
រូបភាព
​ភ្នំពេញ​៖  នាពេល​បច្ចុប្បន្ន​គេ​សង្កេតឃើញ​ទម្រង់​ល្ខោន​យីកេ ត្រូវបាន​ដំឡើង​រឿង​ថ្មីៗ​ជាច្រើន​។ ទោះជា​យ៉ាងណាក៏ដោយ ទម្រង់​សិល្បៈ​មួយ​ប្រភេទ​នេះ នៅតែ​មិន​ទទួលបាន​ការចាប់អារម្មណ៍​ខ្លាំង​ពី​មហាជន ជាពិសេស​ក្នុង​ស្រទាប់​យុវវ័យ​។ ខ្វះ​អ្នកគាំទ្រ គ្មាន​ទីផ្សារ ឱកាស​ចូល​ក្របខណ្ឌ​រដ្ឋ​តិច មិនមាន​ការលើកទឹកចិត្ត​ជាដើម​នោះ សុទ្ធតែជា​មូលហេតុ​ចម្បង​នាំឱ្យ​ធ្លាក់ចុះ​សិស្ស​រៀន​សិល្បៈ​ល្ខោន​យីកេ​។ ជា​គ្រូ​បង្ហាត់បង្រៀន​ទម្រង់​សិល្បៈ​ខាងលើ អ្នកស្រី អ៊ុយ លតា​វណ្ណ ថា​វិបត្តិ​សិល្បៈ​វប្បធម៌​ជាតិ​ជា​រឿង​ពិបាក​និយាយ ប៉ុន្តែ​សំខាន់​គេ​ត្រូវ​យកចិត្តទុកដាក់​សិល្បៈ​ដែលជា​ដួងព្រលឹង​ជាតិ​។



​តទៅ​នេះ​សូម​ស្ដាប់​ពី​កង្វល់​របស់​គ្រូបង្ហាត់​សិល្បៈ​ល្ខោន​យីកេ​អ្នកស្រី អ៊ុយ លតា​វណ្ណ ដូចតទៅ​៖




«​សិល្បៈ​បុរាណ​មិនសូវមាន​គេ​គាំទ្រ​។ ទូរទស្សន៍​ក៏​គេ​មិន​ងាយ​ហៅ​ថត ហើយ​គេ​ឱ្យ​តម្លៃថោក ព្រោះ​មិនមាន​អ្នក​ឧបត្ថម្ភ​។ ចំណែក​អ្នក​ឧបត្ថម្ភ គេ​គិតថា​មិនមាន​អ្នកមើល​គេ​មិន​ចង់​ជួយ​ទេ ដូច្នេះ​វា​ក៏​មិនមាន​សិស្ស​ចូលរៀន​។ ដល់​រៀន​ចប់​ត្រូវ​ប្រឡង​ចូល​ក្របខណ្ឌ ជួនកាល​មួយឆ្នាំ​រើស​តែ​ម្នាក់​ឬ​ពីរ​នាក់​ប៉ុណ្ណឹង អ៊ីចឹង​ពួកគេ​មិនមាន​ទឹកចិត្ត​។ តើ​យើង​គួរ​បន្ទោស​អ្នកណា បើ​យើង​បន្ទោស​ថា​កូន​ខ្មែរ​មិន​ស្រឡាញ់​សិល្បៈ​វប្បធម៌​ជាតិ តើ​យើង​ត្រូវ​បន្ទោស​បែបនេះ​ទេ​»?

​ទាំងនេះ​គឺជា​ការ​ត្អូញត្អែរ​របស់​អ្នកស្រី អ៊ុយ លតា​វណ្ណ ដែលជា​គ្រូបង្ហាត់​ល្ខោន​យីកេ​មួយរូប​។ អង្គុយ​លើ​កៅអី​ដែក​ក្រោម​ឆត្រ​ធំ​ពណ៌​ក្រហម ក្បែរ​រូបសំណាក​ព្រះ​គោ​ព្រះ​កែវ ដែល​នៅជាប់​នឹង​រូប​ដំរី​បត់​ដោយ​ដើម​រុក្ខជាតិ ក្នុង​បរិវេណ​សារមន្ទីរ​ជាតិ​ផ្នែក​ខាងក្រោយ គ្រូ​ល្ខោន​យីកេ​រូបនេះ ថា​បញ្ហា​ខាងលើ​គឺជា​វិបត្តិ​របស់​សិល្បៈ​វប្បធម៌​ជាតិ​៖«​នេះ​គឺជា​វិបត្តិ​នៅក្នុង​វប្បធម៌​ជាតិខ្មែរ​យើង​។ សរុបមក​ខ្មែរ​យើង​មិន​ស្គាល់​តម្លៃ​សិល្បៈ​វប្បធម៌​ជាតិ បានជា​គាត់​មិន​គាំទ្រ​។ បើសិនជា​ទាំងអស់គ្នា​ឱ្យ​តម្លៃ សម្ដែង​លក់​សំបុត្រ​មានការ​លើកទឹកចិត្ត ដោយ​ការទិញ​សំបុត្រ​ចូល​មើល​ពេញៗ​រោង សិល្បករ​ចេះតែមាន​ទឹក​ចិត្ត​ហើយ​។ ខ្ញុំ​លើក​អំពី​ការប្រគំ​តន្ត្រី​មួយ មាន​អ្នកចម្រៀង​មកពី​ប្រទេសក្រៅ សំបុត្រ​មួយ​១០​ដុល្លារ ឬមួយ​១៥​ដុល្លារ ក៏​គេ​ហ៊ាន​ទិញ​មើល​ដែរ​។ នេះ​ក្នុង​ស្រទាប់​យុវវ័យ​»​។



​ក្រោយ​ចូលនិវត្តន៍​ពី​មន្ត្រីរាជការ​អ្នកស្រី អ៊ុយ លតា​វណ្ណ ដែល​ហាក់​ទំនេរ​ច្រើន​ពី​ការបង្រៀន​សិស្ស​ជា​លក្ខណៈ​ឯកជន បាន​ឆ្លៀត​ពេលទំនេរ​របស់ខ្លួន ដំឡើង​របាំ​ស្មូន​ខ្អម​ទុកជា​សម្បត្តិ​ជាតិ ដែលជា​ស្នាដៃ​ក្រោយ​ចូល​និ​វ​ត្តិ​ន៍​នោះ​៖«​ខ្ញុំ​កំពុង​ត្រៀម​ធ្វើ​របាំ​ស្មូន​ក្អម​ដាក់​នាយកដ្ឋាន​សិល្បៈ​ទស្សនីយភាព​របស់​ក្រសួង​វប្បធម៌​។ ឥឡូវនេះ​មិនមាន​បង្ហាត់​អ្វី​ទេ ទាល់​តែមាន​សិស្ស​ដែល​ចង់​រៀន​ម្រៀ​ង​ឬ​រៀន​ក្បាច់​រាំ​យីកេ គាត់​ទាក់ទង​មក​ខ្ញុំ​ទើប​ខ្ញុំ​បង្ហាត់​»​។ 

​គ្រូ​យីកេ​រាង​ទាប​ទ្រនាប់​សម្បុរ​ស្រអែម​ញញឹម​ស្រស់​វ័យ​៦៨​ឆ្នាំ​រូបនេះ បាន​ដឹកនាំ​សម្ដែង​យីកេ​រឿង​ល្បីៗ​មួយចំនួន ដែល​មហាជន​ភាគច្រើន​បាន​ស្គាល់​និង​បាន​ទស្សនា តាមរយៈ​ការ​ទៅ​ទស្សនា​ផ្ទាល់ និង​ទស្សនា​តាម​ខ្សែ​វីដេអូ​នោះ​៖«​ខ្ញុំ​បាន​ដឹកនាំ​យីកេ​រឿង ម៉ាក់​ថើ​ង គឺជា​កម្មវិធី​ផ្លែផ្កា​របស់​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ​។ ក្នុង​មួយ​សប្តាហ៍​ខ្ញុំ​បង្ហាត់​តែ​ថ្ងៃអាទិត្យ​ទេ ព្រោះ​ក្រៅ​ម៉ោង​ធ្វើការ​។ រឿង​ទំ​ទាវ​បី​ជំនាន់ នាយកដ្ឋាន​សិល្បៈ​បាន​ចាត់តាំង​ខ្ញុំ​ឱ្យ​ដឹកនាំ​បង្ហាត់ ព្រោះ​ខ្ញុំ​ចេះ​ចាំ​ទាំង​អស់ពី​គ្រូ​របស់ខ្ញុំ គឺ​លោកគ្រូ ពេ​ជ្យ ទុំ​ក្រវិល គាត់​ជា​អ្នក​ដំឡើង​»​។

​គ្រូរបាំ​ដែល​បាន​ចាប់​ជំនាញ​សិល្បៈ​ក្រោយ​បែក​សម័យ​សង្គ្រាម​រូបនេះ ថា​ក្រុម​សិល្បៈ​ល្ខោន​យីកេ​នាពេល​សព្វថ្ងៃ មិនសូវមាន​ឡើយ​នៅ​ទូទាំងប្រទេស​កម្ពុជា ហើយ​ទាំងនេះ​គឺជា​ក្ដី​ព្រួយបារម្ភ​របស់​អ្នកស្រី​៖«​និយាយ​ត្រឹមតែ​ខ្ញុំ​ដឹង​ទេ វង់​ល្ខោន​យីកេ​មាននៅ​នាយកដ្ឋាន​សិល្បៈ មាននៅ​សាលា​មធ្យម​វិចិត្រសិល្បៈ មាននៅ​ខេត្តតាកែវ ដែលជា​កូន​ចេះ​ជំនាន់​ក្រោយ​របស់​លោកតា​ធី និង​មាននៅ​ខេត្តកំពត​»​។

​ទោះបីជា​ការគាំទ្រ​មិនសូវមាន ប៉ុន្តែ​ដោយ​មើលឃើញថា​ទម្រង់​មួយ​នេះ​ស្ទើរតែ​បាត់បង់ ទាំង​ក្រសួង​វប្បធម៌ អង្គ​ការដែល​ធ្វើការ​លើ​សិល្បៈ​បុរាណ​ជាតិ និង​យុវជន​មួយចំនួន​ផង​នោះ កន្លងមក​បាន​ខ្នះខ្នែង​ដំឡើង​រឿង​មួយចំនួន​ដែរ​។ តែ​ទោះជា​យ៉ាងណា ផលវិបាក​របស់​ទម្រ​ង់​ល្ខោន​យីកេ គឺ​ត្រូវការ​សិល្បករ​ដែលមាន​ទេពកោសល្យ​ខ្ពស់ និង​រូបសម្បត្តិ​ស្រស់ស្អាត​។
​អ្នកស្រី លតា​វណ្ណា បញ្ជាក់​ដូច្នេះ​៖«​ទម្រង់​ល្ខោន​យីកេ​ស្ទើរតែ​បាត់បង់ ដូច្នេះ​គេ​ខំប្រឹងប្រែង​គាស់កកាយ​ឡើងវិញ​។ បើ​ទម្រង់​ល្ខោនបាសាក់​នៅទីណា​ក៏មាន ប៉ុន្តែ​ទម្រង់​យីកេ​គេ​មិនសូវ​ស្គាល់ ហើយ​មិនសូវមាន​អ្នកធ្វើ​ទេ ព្រោះ​ទម្រង់​នេះ​ពិបាក​បង្កើត ពិបាក​ហាត់រៀន​និង​សម្ដែង​។ ល្ខោន​យីកេ​គឺ​ត្រូវ​ការចេះ​រាំ​ផង ចេះ​ច្រៀង​ផង​និង​ចេះ​សម្ដែង​ផង​។ អ្នក​ដែល​ពូកែ​សម្ដែង​ជួនកាល​គាត់​មិនចេះ​ច្រៀង ហើយ​អ្នក​ដែល​ច្រៀង​ពីរោះ គាត់​បែរជា​មិនសូវ​ចេះ​សម្ដែង ហើយ​រូបសម្បត្តិ​គាត់​អន់​»​។​

​អ្នកស្រី​បន្ថែម​៖«​ឥឡូវនេះ​ខ្មែរ​យើង​និយម​រូបសម្បត្តិ​ជាធំ​។ បើ​រូបសម្បត្តិ​អន់​ពេក មានតែ​សំឡេង​យើង​ពិបាក​នឹង​យក​។ យើង​ពិបាក​រកបាន​ទាំង​ព្រម​។ រូបសម្បត្តិ​មិនបាច់​ល្អ​ពេក​ទេ ព្រោះ​ដល់ពេល​សម្ដែង​យើង​លាប​ក្រែ​ម​ម្សៅ​ទៅ​ក៏​ស្អាត​បាន ប៉ុន្តែ​អ្វីដែល​សំខាន់​គាត់​ត្រូវមាន​សំឡេង​ចេះ​ច្រៀង​ពីរោះ​និង​សម្ដែង​ល្អ​។ យើង​មិន​ចង់​លេងល្ខោន​ដែល​ឌុប​ប៉ា​រូ​ល​(​បញ្ចូល​សំឡេង​ឱ្យ​តួ​សម្ដែង​) គឺ​អ្នក​ក្នុង​គេ​ច្រៀង​ឱ្យ ហើយ​យើង​គ្រាន់តែ​ហាមាត់​តាម​គេ​ច្រៀង​»​។

​គ្រូ​យីកេ​ដែល​មកពី​ខេត្តកំពង់ចាម​រូបនេះ បញ្ជាក់​អំពី​បទពិសោធ​ក្នុងការ​ប​ញ្ជូ​ល​សំឡេង​ឱ្យ​តួ​សម្ដែង​យីកេ​ថា​៖«​ខ្ញុំ​ធ្លាប់​ឌុប​ប៉ា​រូ​ល​ឱ្យ​តួ​នាង​ទាវ​និង​នាង​នោ​។ យើង​ត្រូវ​ប្រមូល​អារម្មណ៍​ឱ្យ​ដូច​តួ​សម្ដែង​ខាងក្រៅ​អ៊ីចឹង ហើយ​ភ្នែក​ត្រូវតែ​សម្លឹង​ជាប់ ព្រោះ​ត្រូវ​មើល​ដង្ហើម​អ្នក​សម្ដែង ថា​ហាមាត់​ពេលណា​។ អ្នក​សម្ដែង​និង​អ្នក​ឌុប​ប៉ា​រូ​ល គឺ​ត្រូវ​វាស់​ដង្ហើម​ឱ្យ​ត្រូវ​គ្នា​។ បើ​អ្នក​ឌុប​ប៉ា​រូ​ល​មិន​ពូកែ វា​អាច​នាំឱ្យ​តួ​សម្ដែង​បែក​អារម្មណ៍ ដូច្នេះ​ការសម្ដែង​ត្រូវបាន​១០​ភាគរយ វា​ធ្លាក់​មក​នៅត្រឹម​៧​ឬ​៨​ភាគរយ​។ ខ្ញុំ​ធ្លាប់មាន​បទពិសោធ​ខ្ញុំ​ដឹង​»​។



​អង្គុយ​នៅក្រោយ​ឆាក​សម្ដែង​របស់​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ ក្នុង​បរិវេណ​សារមន្ទីរ​ជាតិ ដែលមាន​ភ្លេង​របាំ​ក្ងោក​ប៉ៃលិន​កំពុង​ហាត់​សម​មុន​សម្ដែង​កំដរ​ផង​នោះ អ្នកស្រី លតា​វណ្ណ ថា​ជា​រៀងរាល់ឆ្នាំ​សាលា​វិចិត្រសិល្បៈ​បាន​រើស​សិស្ស​ឱ្យចូល​រៀន​ច្រើន ប៉ុន្តែ​មិនសូវមាន​សិស្ស​ចូលរៀន​ឡើយ​។​

​អ្នកស្រី​ប្រាប់​ពី​មូលហេតុ​ដែលនាំឱ្យ​កើតរឿង​បែបនេះ​៖«​រាល់​ឆ្នាំ​សាលា​រើស​សិស្ស​ច្រើន​ដែរ តែ​មិនសូវមាន​សិស្ស​ចូលរៀន​ទេ​។ យើង​ដឹង​ស្រាប់​ហើយ​សិល្បៈ​បុរាណ​មិនសូវ​រកចំណូលបាន​ទេ​។ សំខាន់បំផុត​ពេល​រៀន​ចប់ មួយឆ្នាំ​រើស​ក្របខ័ណ្ឌ​ជួនកាល​រើស​តែ​ម្នាក់ ជួនកាល​២​នាក់ ដូច្នេះ​សួរថា​អ្នក​ដែល​រៀន​ជាង​១០​ឆ្នាំ​ទៅហើយនោះ​តើ​គាត់​ទៅណា​? ដូច្នេះ​វា​ខាត​ពេលវេលា ខាត​ប្រាក់កាស ហើយ​អ្នកខ្លះ​ពេល​ចុងក្រោយ​ចូល​ធ្វើជា​ប៉ូលិស ចូល​ទាហាន ខ្លះទៀត​ទៅធ្វើ​ការងារ​អ្វី​ផ្សេង​។ ទាំងនេះ​ធ្វើឱ្យ​សិល្បៈ​បុរាណ​ខ្វះខាត​ធនធានមនុស្ស​»​។​

​ជា​អ្នក​ស្រឡាញ់​និង​ព្យាយាម​ថែរក្សា​សិល្បៈ​វប្បធម៌​ជាតិ គ្រូបង្ហាត់​ល្ខោន​យីកេ​រូបនេះ ថា​យុវជន​ភាគច្រើន បានឱ្យ​តម្លៃ​សិល្បៈ​បរទេស​ជាង​សិល្បៈជាតិ​ខ្លួន​។ ទោះជា​យ៉ាង​គ្រូ​វ័យ​ចំណាស់ លតា​វណ្ណ អះអាងថា​អ្នកស្រី​មិន​ហាមឃាត់​ចំ​ណុង​ចំណូលចិត្ត​របស់​យុវជន​ឡើយ ប៉ុន្តែ​សុំឱ្យ​ពួកគេ​គិតពី​តម្លៃ​សិល្បៈ​ដែលជា​ព្រលឹង​របស់ខ្លួន​។



​អ្នកស្រី​ទទូច​៖«​មិនមែន​ថា​មិនឱ្យ​គាំទ្រ​សិល្បៈ​គេ​ទេ ប៉ុន្តែ​យើង​ត្រូវតែដើរ​ទន្ទឹមគ្នា អ្វី​ដែលជា​ព្រលឹង​របស់​យើង នោះ​យើង​ត្រូវតែ​ស្រឡាញ់ និង​រួមចំណែក​គាំទ្រ​។ យើង​មិនត្រូវ​បោះបង់ចោល​ទេ ព្រោះនេះ​ជា​ព្រលឹង​របស់​យើង​។ បើ​យើង​ចេះតែ​បោះបង់ចោល នោះ​សិល្បៈ​របស់​យើង​ចេះតែ​បាត់​បន្តិច​ម្ដងៗ ប្រៀបដូចជា​ស្រមោល​របស់​យើង ពេល​ស្រមោល​ដែល​ចាប់ផ្ដើម​លិច ដូច្នេះ​ព្រលឹង​របស់​យើង​ចាប់ផ្ដើម​បាត់​ហើយ​។ សិល្បៈ​ដែល​ដូនតា​យើង​ខំ​ស្រាវជ្រាវ ខំ​បង្កើត​ទុក​មកនេះ​មាន​ច្រើនណាស់ គ្រាន់តែ​ល្ខោន​មាន​ជាង​២០​ទម្រង់ ហើយ​នៅ​របាំ​និង​តន្ត្រី​ក៏​សម្បូរ​»៕



Tag:
 យីកេ​
  ល្ខោន​
  សិល្បៈ​បុរាណ​
  វប្បធម៌​
  អ៊ុយ លតា​វណ្ណ​
© រក្សាសិទ្ធិដោយ thmeythmey.com