ជាតិ
២៥ខេត្ត/រាជធានី
លោក ប៊ុន ចាន់​វីរៈ ចិញ្ចឹម​«​សត្វ​រុយ​» ធ្វើជា​ចំណី​សត្វ និង​ដើម្បី​ជួយ​សម្អាត​បរិស្ថាន
07, Sep 2019 , 4:58 pm        
រូបភាព
​ភ្នំពេញ​៖ លោក ប៊ុន ចាន់​វីរៈ ចិញ្ចឹម​«​រុយ​» សម្រាប់​ធ្វើជា​ចំណី​សត្វ និង​ជី​កសិកម្ម ក្នុង​គោលបំណង​ជួយ​សម្អាត​បរិស្ថាន​។ រយៈពេល​មួយខែ​នៃ​ការចិញ្ចឹម​រុយ​របស់ខ្លួន នៅក្នុង​ភូមិ​ខ្វិត​ទួល​ឃ្លាំង ឃុំ​ក្បាលទឹក ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង ចាន់​វីរៈ បាន​អះអាងថា ការចិញ្ចឹម​រុយ នេះ គឺ​មិនមែនជា​រឿង​ដែល​ប្លែក​នោះទេ ព្រោះ​នៅ​ប្រទេស​ធំៗ ដែល​រីកចម្រើន​ខាង​កសិកម្ម ដែល​យល់​ពី​អត្ថប្រយោជន៍​នៃ​សត្វ​រុយ​នេះ គឺ​គេ​ចិញ្ចឹម​វា​ជា​លក្ខណៈ​ធម្មតា​ទៅហើយ​។



​សត្វ​រុយ មាន​ច្រើន​ប្រភេទ ហើយ​រុយ​ដែល​លោក វីរៈ ចិញ្ចឹម​នេះ​មានឈ្មោះ Black Sodier Fly  គឺជា​ប្រភេទ​សត្វ​រុយ​ដែលមាន​អត្ថប្រយោជន៍​ច្រើន ដោយមាន​សារធាតុចិញ្ចឹម​(​ប្រូតេអ៊ីន​ជាង​៤០​ភាគរយ​) ខុសពី​សត្វ​រុយ​ធម្មតា​(Fly)​ដែល​ចម្លង​មេរោគ រោម​អាហារ សំណល់​កខ្វក់ និង​លាមក​ជាដើម​។  កសិករ​វ័យ​២៥​ឆ្នាំ ដែល​បាន​ស្រាវជ្រាវ​ពី​វិធីសាស្ត្រ​ចិញ្ចឹម​រុយ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​រូបនេះ  បាន​និយាយប្រាប់​សារព័ត៌មាន​ThmeyThme​ដូច្នេះ​ថា ៖«​មូលហេតុ​ដែល​ខ្ញុំ​សម្រេចចិត្ត​ចិញ្ចឹម​រុយ​នេះ គឺ​ដើម្បី​ធ្វើជា​ចំណី​មាន់ ទា និង​ត្រី​ជាដើម  ដែល​យើង​ចិញ្ចឹម​តាមបែប​ធម្មជាតិ​ពិតប្រាកដ ព្រោះ​កាលណា​យើង​និយាយថា ដាំ​បន្លែ​ធម្មជាតិ ចិញ្ចឹមសត្វ​ធម្មជាតិ យើង​មិនអាច​ទិញ​ចំណី​នៅលើ​ទីផ្សារ​ឱ្យ​សត្វ​ទាំងនោះ​ស៊ី​បានទេ ព្រោះ​ចំណី​ខ្លះ​គេ​ដាក់​ថ្នាំ​ដើម្បី​រក្សា​គុណភាព ឬ​ថ្នាំ​បំប៉ន​ជាដើម​»​។​

លោក ប៊ុន ចាន់វីរៈ អ្នកចិញ្ចឹម រុយ ជន្លេន និងចៀម សត្វចៀមនៅភូមិខ្វិតទួលឃ្លាំង ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង)។

ការចិញ្ចឹម​«​រុយ​» សម្រាប់​ធ្វើជា​ចំណី​សត្វ និង​ជី​កសិកម្ម​នេះ គឺ​ងាយស្រួល​ធ្វើ ចំណាយ​ថ្លៃដើម​តិច បើ​ប្រៀបធៀប​នឹង​ចំណី​-​ជី​នៅលើ​ទីផ្សារ នាពេល​បច្ចុប្បន្ន​។ នេះ​ជាការ​អះអាង​របស់ លោក ប៊ុន ចាន់​វីរៈ​។ បើតាម ចាន់់​វីរៈ ដំណើរ​វិវត្តន៍​របស់​សត្វ​រុយ​ប្រភេទ​នេះ​(Black Sodier Fly)​មាន​រយៈពេល​៤០​ថ្ងៃ​។  ហើយ​នៅពេលដែល​រុយ​នេះ​ចាប់ផ្តើម​ញាស់​ចេញពី​ដង្កូវ ក្រៅពី​ផឹកទឹក អ្វី​ក៏​វា​មិន​ស៊ី​ដែរ​។ បន្ទាប់មក​វា​ចាប់ផ្តើម​រក​ឈ្មោល និង​វា​ពង​។ ក្រោយពី​ពង​បាន​រយៈពេល​មួយ​សប្តាហ៍​គឺ​ងាប់​ទៅវិញ​។

សត្វចៀម ចិញ្ចឹមនៅភូមិខ្វិតទួលឃ្លាំង ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង(រូបផ្តល់ដោយ លោក ប៊ុន ចាន់វីរៈ)។

លោក​បាន​អះអាងថា​៖«​សត្វ​រុយ​ប្រភេទ​នេះ គឺ​មិន​បំពុល​ឬ​បំផ្លាញ​បរិស្ថាន​ទេ ដោយសារ​វា​មិន​ទំ​ឬ​រោម​លើ​ចំណីអាហារ​យើង ឬ​នៅលើ​កាកសំណល់​ឡើយ​។ លើសពីនេះ​វា​អាចជួយ​សម្អាត​បរិស្ថាន​យើង​បាន​វិញ តាមរយៈ​បំបែ​ង​កាកសំណល់​សំរាម បន្លែ ផ្លែឈើ ដែល​ស្អុយ រលួយ​ឱ្យ​វា​ស៊ី​»​។



​ក្រៅពី​ចិញ្ចឹម​រុយ លោក ប៊ុន ចាន់​វីរៈ ក៏មាន​ចិញ្ចឹម​ឃ្មុំ និង​ជន្លេន​ជា​ប្រភេទ​ពូជ​មកពី​ប្រទេស​ថៃ និង​អាហ្វ្រិក​ផងដែរ​។  លោក​បាន​ចិញ្ចឹមសត្វ​ទាំងនោះ ក្រោយ​លោក​ទទួលជោគជ័យ​លើ​ការ​ចិញ្ចឹមសត្វ​ចៀម​យក​សាច់​អស់​រយៈពេល​ជាង​២​ឆ្នាំ​មក​។ បច្ចុប្បន្ន​លោក​មាន​សត្វ​ចៀម​ចំនួន​៧៧​ក្បាល និង​គ្រោង​ពង្រីក​ការចិញ្ចឹម​ចៀម​នេះ​ឱ្យបាន​២​ពាន់​ក្បាល​។ «​បច្ចេកទេស​ចិញ្ចឹមសត្វ​ទាំងអស់នេះ​គឺ​ខ្ញុំ ស្រាវជ្រាវ និង​រៀន​ពី​អ៊ីនធឺណិត​(Internet) រួមជាមួយ​ចំណេះដឹង​មួយចំនួន​ដែល​ទទួលបាន​ពី​មិត្តភក្តិ​បរទេស​របស់ខ្ញុំ​»​។ នេះ​ជាការ​បញ្ជាក់​របស់ លោក​ប៊ុន ចាន់​វីរៈ​៕









Tag:
 ជាតិ​
  កសិកម្ម​
  រុយ​
  ជន្លេន​
  កំពង់ឆ្នាំង​
© រក្សាសិទ្ធិដោយ thmeythmey.com