ជាតិ
ភាពយន្តឯកសារស្តីពី «សេរីភាពបញ្ចេញមតិ និងសិទ្ធិទទួលបានព័ត៌មាន»ត្រូវប្រកួតប្រជែង នៅឆ្នាំនេះ
× ភ្នំពេញ៖ ៧ឆ្នាំកន្លងមកហើយដែលមហោស្រពភាពយន្តខ្លីចតុមុខ(CSFF) ជ្រើសរើសតែភាពយន្តបែបប្រឌិតមកប្រកួតប្រជែង។ ប៉ុន្តែឆ្នាំនេះពិសេសជាងរាល់ឆ្នាំ ដោយមហោស្រពបានសម្រេចផ្ដល់ឱកាសឱ្យភាពខ្លីឯកសារដាក់ប្រកួតប្រជែងជាលើកដំបូង ដើម្បីលើកទឹកចិត្តដល់ផលិតករ ដែលផលិតភាពយន្តឯកសារ។
លោក ស៊ុំ ស៊ីថែន ប្រធានក្រុមភាពយន្តឈូករ័ត្ន បាននិយាយថា ការប្រកួតប្រជែងនៅឆ្នាំនេះ គឺមានភាពយន្តឯកសារចំនួន១៩រឿង ដោយបែងចែកជា២ប្រភេទ គឺទី១ ភាពយន្តប៉ុស្ដិ៍ឯកសារកម្ពុជា ដែលត្រូវប្រកួតប្រជែង និងទី២ភាពយន្តរំលេចស្នាដៃ ដែលជាភាពយន្តឯកសារឯករាជ មិនចូលរួមប្រកួត។ បើតាមលោក ស៊ីថែន ភាពយន្តឯកសារទាំងអស់ផលិតឡើងក្រោមប្រធានបទ សេរីភាពបញ្ចេញមតិ និងសិទ្ធិទទួលបានព័ត៌មាន។
សម្រាប់ភាពយន្តប៉ុស្ដិ៍ឯកសារកម្ពុជា ដែលត្រូវប្រកួតប្រជែងក្នុងមហោស្រពភាពយន្តខ្លីចតុមុខ មាន១៣រឿង ដោយ៥រឿងផលិតនៅភ្នំពេញ និង៨រឿងផលិតនៅខេត្ត រួមមានខេត្តសៀមរាប បាត់ដំបង កែប និងខេត្តកំពត។ ចំណែកឯភាពយន្តឯកសារខ្លី ប្រភេទរំលេចស្នាដៃ ដែលជាភាពយន្តឯករាជ មាន៦រឿង ហើយ២រឿងជាភាពយន្តកម្ពុជា និង៤រឿងជាភាពយន្តបរទេស។ នេះបើតាមប្រធានក្រុមភាពយន្តឈូករ័ត្ន។
ប្រធានក្រុមភាពយន្តឈូករ័ត្នរូបនេះ បានបញ្ជាក់ទៀតថា ការដាក់បញ្ចូលភាពយន្តឯកសារ ដើម្បីប្រកួតប្រជែង ព្រោះមហោស្រពបានមើលឃើញពីសារសំខាន់របស់ភាពយន្តឯកសារ។លោក បញ្ជាក់ដូច្នេះថា៖«ភាពយន្តឯកសារពិតជាមានសារសំខាន់ណាស់ ព្រោះវាបានបង្ហាញពីតថភាពសង្គមពិតៗ ដែលនឹងផ្ដល់ប្រយោជន៍ច្រើនដល់សង្គមវិញ។ ហើយយើងក៏ចង់ជំរុញនិងលើកទឹកចិត្តផលិតករ ដែលផលិតភាពយន្តឯកសារ ឱ្យគាត់កាន់តែមានទឹកចិត្តក្នុងការធ្វើការងារនេះបន្តទៀតដែរ»។
មហោស្រពភាពយន្តខ្លីចតុមុខលើកទី៨ ឆ្នាំ២០១៩នេះ បានទទួលភាពយន្តដែលដាក់មកប្រកួតប្រជែងចំនួន១១១រឿង និងសម្រាំងយកមកចាក់បញ្ចាំង៥៣រឿង ដែលមកពី១៩ប្រទេស។ សម្រាប់ភាពយន្តកម្ពុជាមាន១២រឿង ដែលត្រូវចាក់បញ្ចាំងក្នុងមហោស្រពនេះ ដោយក្នុងនោះមាន៦រឿងជាប់ក្នុងជម្រើសសម្រាប់ប្រកួតប្រជែងយកពាន់រង្វាន់។
សម្រាប់ជ័យលាភីលេខ១ ភាពយន្តខ្លីឆ្នើមរបស់កម្ពុជា ទទួលបានប្រាក់រង្វាន់ ១,០០០ដុល្លារអាមេរិក។ ជ័យលាភីលេខ២ ភាពយន្តខ្លីឆ្នើមបន្ទាប់របស់កម្ពុជា ទទួលបានប្រាក់រង្វាន់ ៥០០ដុល្លារ។ ជ័យលាភីទី៣ រង្វាន់ទស្សនិកជនដល់ភាពយន្តខ្លីក្នុងស្រុក ទទួលបានប្រាក់រង្វាន់ ៣០០ដុល្លារ និងជ័យលាភីទី៤ រង្វាន់ទស្សនិកជន ដល់ភាពយន្តខ្លីអន្តរជាតិ ទទួលបានប្រាក់រង្វាន់ ៣០០ដុល្លារ។
សូមបញ្ជាក់ថា មហោស្រពភាពយន្តខ្លីចតុមុខ(CSFF) លើកទី៨នេះ រៀបចំដោយក្រុមភាពយន្តផ្កាឈូករ័ត្ន៕
Tag:
មហោស្រព
ភាពយន្ត
សិល្បៈ
© រក្សាសិទ្ធិដោយ thmeythmey.com