សង្គមអន្តរជាតិ
អន្តរជាតិ
មិនធ្លាប់មានពីមុន! ស្ត្រីឥណ្ឌាវ័យ៧៤ឆ្នាំ ទើបប្រសូតបានកូនភ្លោះ
× អ្នកស្រី Erramatti Mangayamma បានក្លាយជាមាតាដំបូងនៅលើពិភពលោកដែលមានវ័យដល់ទៅ៧៤ឆ្នាំ ហើយទើបប្រសូតបានកូនភ្លោះស្រី តាមរយៈបច្ចេកទេសបង្កកំណើតក្រៅស្បូន (IVF)។ នេះបើយោងតាមការផ្សាយរបស់ Hindustan Times កាលពីថ្ងៃទី៥ ខែកញ្ញា។
រស់នៅក្រុង Guntur រដ្ឋ Andhra Pradesh អ្នកស្រី Mangayamma វ័យ៧៤ឆ្នាំ ទើបប្រសូតបានកូនភ្លោះស្រីមួយគូ ដែលមានសុខភាពល្អប្រសើរ និងទម្ងន់ប្រមាណ២គីឡូក្រាម។ នេះជាសុបិនក្លាយជាការពិតមួយសម្រាប់គាត់ និង Rajarao អាយុ៨០ឆ្នាំ ជាស្វាមី ដែលបានរៀបការតាំងពីឆ្នាំ១៩៦២មក ប៉ុន្តែមិនមានកូនសោះ។
ក្រុមគ្រូពេទ្យ បានអះអាងពីជោគជ័យរបស់ខ្លួនក្នុងការជួយសម្រាលកូនភ្លោះរបស់អ្នកស្រី Mangayayamma ដែលទទួលបានស៊ុតបង្កកំណើតពីសប្បុរសជនម្នាក់ និងរួមបញ្ចូលជាមេជីវិតឈ្មោលរបស់ស្វាមី។ វេជ្ជបណ្ឌិត Umasankar បានអះអាងថា លោកយាយ Mangayamma ចាប់ផ្តើមពរពោះតាំងខែមករាមក ហើយមិនមានសញ្ញាគ្រោះថ្នាក់ណាមួយដល់សុខភាពឡើយ។
លោកយាយ Mangayamma បានបំបែកកំណត់ត្រារបស់ស្ត្រីឥណ្ឌាម្នាក់ទៀតឈ្មោះ Daljinder Kaur ពីរដ្ឋ Punjab ភាគខាងជើងឥណ្ឌាដែលប្រសូតកូនប្រុសកាលពីឆ្នាំ២០១៦ ក្នុងវ័យ៧០ឆ្នាំ៕
© រក្សាសិទ្ធិដោយ thmeythmey.com