គំនិតមួយ
ជាតិ
ពីនេះ ពីនោះ
ប្រយ័ត្ន​! «​ធ្វើ​គុណ​មួយរយ​សំពៅ ទោស​មួយ​ចូលទៅ​រលាយ​បាត់អស់​»!
29, Aug 2023 , 7:29 am        
រូបភាព
​ដោយ​សាស្ត្រាចារ្យ ឈ​ត ប៊ុន​ថង

​ភ្នំពេញ​៖ ជាទូទៅ ប្រជាជន​ដែល​រស់នៅ​ក្នុងសង្គម​ឬ​រដ្ឋ​មួយ តែងតែ​ត្រូវបាន​ជំ​រុញឱ្យ​ប្រព្រឹត្ត​អនុលោម​ទៅតាម​និយាម​សង្គម ដូចជា ប្រពៃណី ទំនៀមទម្លាប់ ជំនឿ សាសនា និង​សីលធម៌ ជាដើម​។ លើសពីនេះ​ទៀត ពួកគេ​ក៏ត្រូវ​បាន​ចាប់បង្ខំ​ឱ្យ​គោរព​ច្បាប់​រដ្ឋ​ផងដែរ​។ ទោះបីជា​ពួកគេ​ខិតខំ​ព្យាយាម​ប្រព្រឹត្ត​ល្អ​យ៉ាងណាក៏ដោយ ក៏​ពួកគេ​មិនអាច​គេចផុត​ពី​ការ​ថ្លោះធ្លោយ​ម្ដង​មួយ​កាល​ធ្លាក់​ក្នុង​ទង្វើ​អាក្រក់​ដែរ​។ ការ​ជ្រុលជ្រួស​ម្ដង​មួយ​កាល​នេះ ត្រូវបាន​មតិ​ខ្លះ​វិនិច្ឆ័យ​ថា អាចធ្វើឱ្យ​រលាយបាត់​អស់​នូវ​ផល​ល្អ ឬ​កេរ្ដិ៍ឈ្មោះ​ល្អ​ដែល​បុគ្គល​ឬ​ក្រុម​ណាមួយ​បាន​កសាង​កន្លងមក​។ ហេតុនេះហើយ​បានជា​មាន​សុភាសិត​មួយ​លើកឡើងថា «​ធ្វើ​គុណ​មួយរយ​សំពៅ ទោស​មួយ​ចូលទៅ​រលាយ​បាត់អស់​»​។ តើ​សុភាសិត​នេះ មាន​អត្ថន័យ​ដូចម្ដេច​? ហើយ​វា​មាន​បង្កប់​ខ្លឹមសារ​អប់រំ​យ៉ាងណាដែរ​?



​មុននឹង​បកស្រាយ​សុភាសិត​នេះ យើង​គួរ​គប្បី​យល់ដឹង​នូវ​ពាក្យ​គន្លឹះ​មួយចំនួន​ជាមុនសិន​។ «​គុណ​» គឺ​សំដៅយក​ដំណើរ​ធ្វើឱ្យ​ចម្រើន​ឡើង សេចក្ដីចម្រើន លក្ខណៈ​ឬ​សេចក្ដី​ល្អ​និង​កុល​សភាព ដែល​កើតឡើង​ពី​អំពើ​ល្អ​។ «​ទោស​» គឺជា​កំហុស ឬ​អកុសល​ភាព ដែល​កើតឡើង​ពី​អំពើអាក្រក់ អំពើ​អសីលធម៌ និង​អំពើ​ល្មើសច្បាប់​។ «​សំពៅ​» សំដៅយក​នាវា​ធំៗ ដែល​ក្នុង​សម័យបុរាណ​គេ​សម្រាប់​ដឹក​មនុស្ស ឬ​ទំនិញ​ឆ្លងកាត់​ទន្លេ សមុទ្រ ឬ​មហាសាគរ ហើយ​បច្ចុប្បន្ននេះ​គេ​ប្រើ​កាណូត ឬ​កប៉ាល់​ធំៗ​ជំនួស​វិញ​។  «​គុណ​មួយរយ​សំពៅ​» គឺជា​ពាក្យប្រដូច​ដែល​សំដៅយក​គុណ​ដ៏​ច្រើន​ឥត​គណនា​។ «​ទោស​មួយ​» សំដៅយក​ទោស​ដែល​កើតឡើង​បន្តិចបន្តួច​បើ​ប្រៀបធៀប​ទៅនឹង​គុណ​ដ៏​មហាសាល​។​

«​ធ្វើ​គុណ​មួយរយ​សំពៅ ទោស​មួយ​ចូលទៅ​រលាយ​បាត់អស់​» គឺជា​របៀប​នៃ​ការពិចារណា ការវាយតម្លៃ ឬ​ការថ្លឹងថ្លែង​បែប​អនុមានរួម ដោយ​ផ្ដើមចេញពី​ភស្តុតាង​តែមួយ ឬ​ភស្តុតាង​មួយចំនួន​ណា​នោះ បន្ទាប់​សន្និដ្ឋានថា សភា​ពឬ​លក្ខណៈ​របស់​ក្រុម​ទាំងមូល ឬក៏​អ្វីមួយ​ទាំងមូល​មាន​សភា​ពឬ​លក្ខណៈ​ដូច្នោះ​ដែរ​។ សុភាសិត​នេះ មាន​លក្ខណៈ​ដូច​សុភាសិត​ខ្មែរ​មួយទៀត គឺ​«​ត្រី​មួយ​ត្រក ស្អុយ​តែមួយ ស្អុយ​ទាំងអស់​»​។ តាមពិទទៅ សច្ចភាព​នៃ​ការសន្និដ្ឋាន​បែប​អនុមានរួម​នេះ មិនមាន​សភា​ពិត​ដាច់ខាត​ទេ​។ ការសន្និដ្ឋាន​បែបនេះ​ពេលខ្លះ​អាច​ពិត ប៉ុន្តែ ពេលខ្លះ​ក៏​វា​មិន​ពិត​ដែរ ពីព្រោះ​ភស្តុ​ង​តាង​តែមួយ ឬ​ភស្តុ​ង​តែមួយ​ចំនួន មិនអាច​តំណាងឱ្យ​សភាព​ឬ​លក្ខណៈ​ពិត​របស់​ក្រុម​ទាំងមូល ឬ​អង្គ​ទាំងមូល​បានទេ​។​

​ទោះបីជា​យ៉ាងណាក៏ដោយ បើ​យើង​ពិនិត្យមើល​ចេតនា​របស់​សុភាសិត​នេះ គឺ​បុព្វបុរស​ខ្មែរ​ចង់​បណ្ដុះ​គំនិត​ឱ្យ​ប្រជាជន​ខ្មែរ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ កុំឱ្យ​ធ្លាក់​ទៅក្នុង​ការប្រព្រឹត្ត​ខុស អសីលធម៌ និង​ល្មើសច្បាប់ ដែល​អាច​នាំឱ្យមាន​កំហុស​ឆ្គង​កើតឡើង​ជាយថាហេតុ​។ លើសពីនេះ​ទៀត​ទម្រង់​នៃ​ការអប់រំ​បែបនេះ មាន​លក្ខណៈ​ជាការ​បំភ័យ​ក្នុង​បំណង​រារាំង​មិនឱ្យ​សមាជិក​សង្គម​ប្រព្រឹត្ត​ខុសឆ្គង​ទោះបី​ដោយ​ចេតនា ឬ​អ​ចេតនា​ក៏ដោយ​។

​ជារួម ថ្វីបើ​សុភាសិត​នេះ មាន​ទម្រង់​ជាការ​ពិចារណា​បែប​អនុមានរួម ដែល​សន្និដ្ឋាន​របស់​វា​ផ្អែកលើ​តែ​ភស្តុតាង​មួយ ឬ​ភស្តុតាង​មួយចំនួន​ក៏ដោយ ក៏​ពេលខ្លះ​វា​អាច​ពិត​ដែរ ដូចជា ក្នុងករណី ទឹកស្អាត​ដែលមាន​ទឹក​កខ្វក់​ឬ​ទឹក​មាន​មេរោគ​ហូរ​ចូល​តែ​បន្តិច​ក៏​វា​អាច​ក្លាយទៅជា​ទឹក​មិន​ស្អាត​ដែល​មិន​មិនគួរ​ផឹក​ដែរ​។ អ្វីដែល​យើង​គួរ​ចាប់អារម្មណ៍​នោះ គឺ​ចេតនា​របស់​សុភាសិត​នេះ ចង់​អប់រំ​ប្រជាជន​ខ្មែរ​ឱ្យ​រក្សា​នូវ​ការប្រព្រឹត្ត​ល្អជា​និច្ច​កុំឱ្យ​ថ្លោះធ្លោយ​។ ហេតុនេះ យើង​គួរតែ​ស្វែងយល់​ពី​សុភាសិត​នេះ​ឱ្យបាន​ច្បាស់លាស់ ផ្សព្វផ្សាយ​វា​ឱ្យបាន​ទូលំទូលាយ និង​អនុវត្ត​វា​ឱ្យបាន​ហ្មត់ចត់ និង​ប្រកបដោយ​ការពិចារណា​ត្រឹមត្រូវ ដើម្បី​រួមចំណែក​ធ្វើឱ្យ​សង្គម​របស់​យើង​រស់នៅ​ដោយ​សុខដុម​៕   




Tag:
 សុភាសិត
© រក្សាសិទ្ធិដោយ thmeythmey.com