ជាតិ
កម្ពស់ទឹកទន្លេមេគង្គ-កំពង់ចាម ស្ទឹងត្រែង ក្រចេះ និងបាសាក់-កោះខែល ឡើងខ្ពស់ ទឹកទន្លេមេគង្គហក់ឡើងជាបន្តបន្ទាប់បានបណ្តាលឲ្យលិចចូលភូមិចំនួន៥ ស្ថិតនៅឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។ រូបថត ក្រសួងធនធានទឹក
× ខណៈដែលទឹកទន្លេមេគង្គ-ស្ទឹងត្រែង ក្រចេះ និងទន្លេបាសាក់-កោះខែល ក្នុងខេត្តកណ្តាល មិនទាន់ធ្លាក់ក្រោមកម្រិតប្រយ័ត្ន ក្រសួងធនធានទឹក និងឧតុនិយម នាព្រឹកថ្ងៃអាទិត្យ ទី៨ ខែកញ្ញា នេះ ក៏បានបង្ហាញពីករណីឡើងកម្ពស់ទឹកនៅទន្លេមេគង្គ-កំពង់ចាមផងដែរ។
កម្ពស់ទឹកទន្លេមេគង្គ-កំពង់ចាមឡើងដល់ ១៥.៣៥ម៉ែត្រ ខណៈកម្រិតប្រយ័ត្នគឺ ១៥.២០ម៉ែត្រ។ ទន្លេមេគង្គ-ស្ទឹងត្រែង បានស្រក ០.១៤ម៉ែត្រ បើប្រៀបធៀបកាលពីថ្ងៃសៅរ៍ ប៉ុន្តែនៅតែស្ថិតក្នុងកម្រិតខ្ពស់ដែលត្រូវប្រុងប្រយ័ត្នដដែល ពោលគឺ១១.៨២ម៉ែត្រ។
ព្រឹត្តិបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹក របស់ក្រសួងធនធានទឹក និងឧតុនិយម ក៏បានបង្ហាញផងដែរថា ទន្លេមេគង្គ-ក្រចេះ និងទន្លេបាសាក់-កោះខែល បន្តកើនឡើងកម្ពស់ទឹក ដោយនៅក្រចេះឡើងដល់២២.៧២ម៉ែត្រ និងកោះខែល ឡើងដល់ ៧.៥០ម៉ែត្រ។
បើតាមការព្យាករណ៍កម្ពស់ទឹកតាមស្ថានីយជលផលរបស់ក្រសួងធនធានទឹក នៅថ្ងៃទី៨-១១កញ្ញា ឆ្នាំ២០១៩ ទន្លេមេគង្គក្នុងខេត្តចំនួនបីខាងលើនេះនឹងស្រកចុះជាបន្តបន្ទាប់ ក្នុងនោះខេត្តទឹកទន្លេមេគង្គ-ក្រចេះនឹងស្រករហូតដល់ក្រោមកម្រិតប្រុងប្រយ័ត្នត្រឹម១៩.៩៨ម៉ែត្រ។ ដោយឡែក ទន្លេបាសាក់-កោះខែលទឹក នៅតែបន្តឡើងរហូតដល់កម្ពស់៧.៦៨ម៉ែត្រ៕
Tag:
ទន្លេមេគង្គ
ស្ទឹងត្រែង
ក្រចេះ
កណ្តាល
© រក្សាសិទ្ធិដោយ thmeythmey.com