ជាតិ
បាក់ឌុប
អ្នក​ភ្នំពេញ និង​កណ្តាល ចាំ​អ៊ុត​លទ្ធផល​បាក់​ឌុប​នៅ​ថ្ងៃស្អែក មួយថ្ងៃ​មុន​បណ្តា​ខេត្ត​ផ្សេងៗ​
08, Sep 2019 , 10:39 am        
រូបភាព
ដំណើរការស្រង់ បូកពិន្ទុ ដោយកុំព្យូទ័រ និងពិនិត្យផ្ទៀងផ្តាត់ពិន្ទុនៃការប្រឡងបាក់ឌុប កាលពីថ្ងៃទី១៩-២០សីហា​ របស់ក្រុមការងារពាក់ព័ន្ធ។ រូបថត ទំព័រហ្វេសប៊ុកក្រសួងអប់រំ យុជន និងកីឡា៕​
ដំណើរការស្រង់ បូកពិន្ទុ ដោយកុំព្យូទ័រ និងពិនិត្យផ្ទៀងផ្តាត់ពិន្ទុនៃការប្រឡងបាក់ឌុប កាលពីថ្ងៃទី១៩-២០សីហា​ របស់ក្រុមការងារពាក់ព័ន្ធ។ រូបថត ទំព័រហ្វេសប៊ុកក្រសួងអប់រំ យុជន និងកីឡា៕​
​ភ្នំពេញ​៖​លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​(​បាក់​ឌុប​)​នឹង​ប្រកាស​នា​រសៀល​ថ្ងៃទី​៩​កញ្ញា សម្រាប់​មណ្ឌល​ប្រឡង​នៅ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល​។ ដោយឡែក​នៅ​មណ្ឌល​ប្រឡង​នៅតាម​បណ្តា​ខេត្ត​ផ្សេងៗ​នឹង​ប្រកាស​លទ្ធផល​ប្រឡង​នៅ​ថ្ងៃ​១០​កញ្ញា​។ ការប្រកាស​លទ្ធផល​ប្រឡង​បាក់​ឌុប​នេះ ត្រូវបាន​ក្រសួង​អប់រំ យុវជន និង​កីឡា​ប្រកាស​មុន​មួយថ្ងៃ​នៃ​ការគ្រោងទុក​។  លទ្ធផល​នេះ ក្រៅ​បិទ​ផ្សាយ​នៅតាម​មណ្ឌល​ប្រឡង​នីមួយៗ ក៏មាន​ផ្សាយ​តាម​បណ្តាញ​សង្គម​Facebook​ផ្លូវការ​របស់​ក្រសួង​អប់រំ ផងដែរ​។



​បើតាម​លោក រស់ សុ​វាចា អ្នកនាំពាក្យ​ក្រ​សួងអប់រំ ការប្រកាស​លទ្ធផល​បាក់​ឌុប មុន​ថ្ងៃ​គ្រោងទុក​នេះ ដោយសារ​ដំណើរការ ស្រង់ បូក​ពិន្ទុ ដោយ​កុំព្យូទ័រ និង​ការពិនិត្យ​ផ្ទៀងផ្ទាត់​ពិន្ទុ​នៃ​ការប្រឡង​នេះ សម្រេចបាន​១០០​ភាគរយ កាលពី​ថ្ងៃទី​៧​កញ្ញា ឆ្នាំ​២០១៩​។

​លោក បាន​អះអាង​ប្រាប់​សារព័ត៌មាន​ThmeyThmey នា​ថ្ងៃ​ព្រឹក​ថ្ងៃទី​៨​កញ្ញា ដូច្នេះ​៖«​ដំណើរការ ស្រង់ បូក​ពិន្ទុ ដោយ​កុំព្យូទ័រ និង​ការពិនិត្យ​ផ្ទៀងផ្ទាត់​ពិន្ទុ​ប្រឡង​បាក់​ឌុប​ដែល​សម្រេចបាន​១០០​ភាគរយ​នេះ ដោយសារ​មាន​ភាព​ល្បឿន​ការងារ​របស់​ក្រុមការងារ​ពាក់ព័ន្ធ​មាន​ភាព​លឿន​ជាង​ការគ្រោងទុក​មួយថ្ងៃ ដែល​ប្រកបដោយ​ប្រសិទ្ធភាព និង​សុក្រឹតភាព​»​។​

​លោក​បាន​បន្ថែមថា ក្រសួង​អប់រំ យុវជន និង​កីឡា​សូម​គោរព​ថ្លែងអំណរគុណ​ចំពោះ​កិច្ចសហការ​វិជ្ជមាន​ពី​គ្រប់ភាគី​ពាក់ព័ន្ធ លើ​គ្រប់​ដំណាក់កាល​នៃ​ការប្រឡង​មធ្យមសិក្សា​ទុតិយភូមិ ដែល​បន្ត​គោរព​គោលការណ៍​ច្បាប់ យុ​ត្តិ​ធ៌​ម តម្លាភាព និង​លទ្ធផល​អាច​ទទួលយក​បាន ក៏ដូចជា​ការចូលរួម​គោរព​បទបញ្ញត្តិ​មាន​ជា​ធរមាន​នានា​។

​សូមជម្រាបថា ការប្រឡង​បាក់​ឌុប ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ បាន​ប្រព្រឹត្តិ​ឡើង​កាលពី​ថ្ងៃ ទី​១៩- ២០​សីហា ឆ្នាំ​២០១៩ ដែល​បេក្ខជន​ប្រឡង​បាក់​ឌុប​សរុប ១១៩,២១៧ នាក់ ក្នុងនោះ​មាន​ស្រី​ចំនួន ៦១,០៣១​នាក់​។ ចំណែក​មណ្ឌល​ប្រឡង មាន​ចំនួន ២០២ មណ្ឌល​៕




Tag:
 ប្រឡង​
  បាក់​ឌុប អប់រំ​
© រក្សាសិទ្ធិដោយ thmeythmey.com