ជាតិ
ទឹក​បឹង​ទន្លេសាប​ទាប នាំ​ឲ្យ​មានការ​ព្រួយបារម្ភ​ពី​ការ​ក្សត់​ត្រី និង​ការបាត់បង់​ព្រៃ​លិច​ទឹក​ដែល​នៅ​សេសសល់​បន្ថែមទៀត​
08, Sep 2019 , 1:59 pm        
រូបភាព
​រូបភាព​ពីលើ​អាកាស​បង្ហាញ​ពី​ទិដ្ឋភាព​នៃ​ការកាប់​ព្រៃ​លិច​ទឹក​ធ្វើ​កសិកម្ម​ជា​លក្ខណៈ​គ្រួសារ​ខាងក្រោយ​ភូមិ ក្នុង​ឃុំ​កំពង់​ភ្លុក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។ រូបភាព​៖ ឈុត ឈា​ណា​
​រូបភាព​ពីលើ​អាកាស​បង្ហាញ​ពី​ទិដ្ឋភាព​នៃ​ការកាប់​ព្រៃ​លិច​ទឹក​ធ្វើ​កសិកម្ម​ជា​លក្ខណៈ​គ្រួសារ​ខាងក្រោយ​ភូមិ ក្នុង​ឃុំ​កំពង់​ភ្លុក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។ រូបភាព​៖ ឈុត ឈា​ណា​
ដោយ:
បាតុភូត​អែល​នី​ញ៉ូ បាន​វាយប្រហារ​ព្រះរាជាណាចក្រ​កម្ពុជា ចាប់តាំងពី​ខែមីនា និង​អូសបន្លាយ​រហូតដល់​ខែមេសា និង​ឧសភា ក្នុង​ឆ្នាំ ២០១៩​នេះ បានធ្វើ​ឲ្យ​សីតុណ្ហភាព​ឡើងដល់ ៤២​អង្សា​សេ​។ ទន្លេ បឹង ស្ទឹង អូរ​មួយចំនួនធំ បាន​រីង​គោក​រាក់ ជាពិសេស តាម​តំបន់​ខ្លះ​ក្នុង​ទន្លេមេគង្គ និង​តំបន់​ជុំវិញ​បឹង​ទន្លេសាប​។



​កាលពី​ឆ្នាំ ២០១៦ បាតុភូត​អែល​នី​ញ៉ូ បាន​នាំមក​នូវ​ឆ្នាំ​ដ៏​រីងស្ងួត​ក្នុង​កំណត់ត្រា​ក្នុង​តំបន់​ទំនាប​លិច​ទឹក ដែល​បាន​បណ្តាល​ឲ្យ​ភ្លើង​ឆេះ​ព្រៃ​លិច​ទឹក រាលដាល​ដល់​តំបន់ដីសើម​មួយចំនួន ដែល​ភាគច្រើន​សម្បូរ​ទៅដោយ​ជីវចម្រុះ និង​ជា​តំបន់​ការពារ​ផងដែរ​។​


​រូបភាព​ពីលើ​អាកាស​បង្ហាញ​ពី​ទិដ្ឋភាព​នៃ​ការកាប់​ព្រៃ​លិច​ទឹក​នៅជាប់​មាត់បឹង​ទន្លេសាប​ដើម្បី​ធ្វើ​កសិកម្ម​ខ្នាត​ធំ ស្ថិតនៅក្នុង​ឃុំ​កំពង់​ភ្លុក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។ រូបភាព​៖ ឈុត ឈា​ណា​

​តាម​ការប៉ាន់ប្រមាណ​ដែល​មិន​ត្រូវបាន​ផ្សព្វផ្សាយ តែ​ក្នុង​តំបន់​ការពារ​ព្រែក​ទាល់​តែមួយ​ប៉ុណ្ណោះ ផ្ទៃ​ព្រៃ​លិច​ទឹក​ចំនួន​ប្រហែល ៨.០០០​ហិកតា ត្រូវបាន​ឆេះ​។ ផ្អែកលើ​និ​ន្ន​ន័យ​ពិភពលោក អត្រា​នៃ​ការកាប់បំផ្លាញ​ព្រៃ​លិច​ទឹក នៅ​ជុំវិញ​បឹង​ទន្លេសាប ប្រចាំឆ្នាំ មាន​ចំនួន ០.៩ ទៅ ១.៧ ភាគរយ ដែល​ស្ថិតនៅ​ក្នុងចំណោម​អត្រា​ខ្ពស់បំផុត​លើ​ពិភពលោក​។

​ជលផល​ពី​ទន្លេសាប គឺ​ពឹងផ្អែក​យ៉ាងខ្លាំង​ទៅលើ​ព្រៃ​លិច​ទឹក​ក្នុង​តំបន់​វាលទំនាប​លិច​ទឹក ដែលជា​ទីជម្រក​ពង​-​កូន ក៏ដូចជា​ទីកន្លែង​រក​ចំណី និង​ធំធាត់​នៃ​មច្ឆជាតិ​។ ការបាត់បង់​ព្រៃ​លិច​ទឹក និង​តំបន់ដីសើម​ជុំវិញ​បឹង​ទន្លេសាប បាន​បង្ក​អន្តរាយ​យ៉ាងខ្លាំង​ដល់​វិស័យ​ជលផល ក៏ដូចជា​ប្រភេទ​បក្សា​-​បក្សី​ជាច្រើន​ប្រភេទ ដែល​បាន​ពឹងផ្អែក​តំបន់​នោះ​ជាទី​ជម្រក និង​ជា ប្រភពដើម​នៃ​ធនធាន​ផ្សេងៗ និង​ចំណីអាហារ​សម្រាប់​ប្រជាជន​នៅក្នុង​តំបន់​។​

​ជាប្រចាំ​ឆ្នាំ ទឹកទន្លេ​មេគង្គ​ចាប់​ឡើង​ក្នុង​រដូវ​មូសុងវស្សា និង​ហូរ​ចូលទៅ​បំពេញ​ផ្ទៃ​បឹង​ទន្លេសាប ចាប់ពី​ខែឧសភា ដល់​ខែតុលា  និង​ហូរ​ត្រឡប់​ចេញមក​វិញ​ក្នុង​រដូវប្រាំង ចាប់ពី​ខែ វិ​ចិ្ឆ​កា ដល់​ខែមីនា​។ ប៉ុន្តែ ក្នុងឆ្នាំនេះ រដូវ​មូសុងវស្សា​ជិត​ត្រូវ​បញ្ចប់​ទៅហើយ ឯ​រដូវប្រាំង​ក៏​ជិត​ចូល​មកដល់​ដែរ តែ​បឹង​ទន្លេសាប​នៅ​ពុំទាន់​បានទទួល​របប​ទឹកជំនន់​ពី​ទន្លេមេគង្គ​គ្រប់គ្រាន់​នៅឡើយ​។ ទាំងនេះ ជាការ​ព្រួយបារម្ភ​មួយ​ចំពោះ​វដ្ត​ពង​-​កូន និង​ការ​លួត​លាស់​ធំធាត់​របស់​មច្ឆជាតិ ពោលគឺ​មិនអាច​ប្រព្រឹត្តទៅបាន​តាម​ធម្មជាតិ​នៃ​វដ្ត​ជីវិត​របស់​ពួកវា​។ ជាមួយគ្នា​នោះដែរ ព្រៃ​លិច​ទឹក​ដែល​នៅ​សេសសល់​ជុំវិញ​បឹង​ទន្លេសាប អាច​នឹងត្រូវ​ឆេះ​ដោយ​ភ្លើង​ឆេះ​ព្រៃ ឬ​ត្រូវ​កាប់​ទន្ទ្រាន​យក​ធ្វើជា​កម្ម​សិទ្ធ​សម្រាប់ធ្វើ​កសិកម្ម​បន្ថែមទៀត​ជាមិនខាន​។​


© រក្សាសិទ្ធិដោយ thmeythmey.com