ជាតិ
រៀន​ត្រឹម​ថ្នាក់​ទី​៩ តែ​លោកស្រី កែវ មុំ ក្លាយជា​ស្ត្រី​ឆ្នើម​ម្នាក់ ដែល​នាំ​ផលិតផល​ខ្មែរ​ទៅ​ទីផ្សារ​ក្រៅ​ស្រុក
09, Sep 2019 , 8:59 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ លោកស្រី កែវ មុំ អគ្គនាយិកា​ក្រុមហ៊ុន​លី​លី ផលិត​នំ​ស្រួយ បាន​រៀនសូត្រ​ត្រឹម​ថ្នាក់​ទី​៩​ប៉ុណ្ណោះ តែ​ស្ត្រី​ខ្មែរ​រូបនេះ បែរជា​អាចដឹកនាំ​ក្រុមហ៊ុន​ដ៏​ធំ​មួយ ដោយ​ទទួលបាន​ភាពជោគជ័យ​ជា​បន្តបន្ទាប់​។ ផ្តើមចេញពី​សហគ្រាស​តូច​មួយ​នៅ​ឆ្នាំ​២០០២ បច្ចុប្បន្ន​ក្រុមហ៊ុន​របស់លោក​ស្រី​បាន​ពង្រីក​រោងចក្រ​ធំៗ​ចំនួន​៣ ហើយ​ម៉ាក​យីហោ​នំ​ស្រួយ​លី​លី ក៏បាន​ឈរជើង​យ៉ាងរឹងមាំ​ទាំង​ទីផ្សារ​ក្នុងស្រុក និង​ទីផ្សារ​ក្រៅប្រទេស​។ តើ​ហេតុអ្វី​បាន​លោកស្រី​អាចដឹកនាំ​ក្រុមហ៊ុន​មាន​ភាព​រីកចម្រើន​អស់​រយៈពេល​ជិត​ពីរ​ទសវត្សរ៍​យ៉ាង​ដូច្នេះ​?




           

លោកស្រី កែវ មុំ បាន​កសាង​ម៉ាក​យីហោ​នំ​ស្រួយ​លី​លី​ឲ្យ​មាន​ភាពល្បីល្បាញ​ទាំង​ក្នុងស្រុក និង​ក្រៅប្រទេស​អស់​ជិត​២​ទសវត្សរ៍​មកហើយ ទាំង​ដែល​លោកស្រី​មិនមាន​ការសិក្សា​ខ្ពស់​ខ្ពង់​នោះទេ​។



​ជា​កូន​ទី​៣​ក្នុងចំណោម​បងប្អូន​៧​នាក់​លោកស្រី កែវ មុំ បាន​រម្លឹក​យ៉ាង​ដូច្នេះ​ថា​៖ «​ខ្ញុំ​បាន​សិក្សា​ត្រឹមតែ​ឌី​ប្លូ​ម ដោយសារ ជំនាន់​នោះ ប៉ា​ម៉ាក់ មាន​សុខភាព​មិនសូវ​ល្អ​។ ដូច្នេះ យើង​ជា​កូនស្រី​ក្នុង​គ្រួសារ បញ្ហា គឺ​រឿង​ជួយ​អាជីវកម្ម​របស់គាត់​ដើម្បី​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​។ អាជីវកម្ម​យើង​មមាញឹក​ច្រើន រវល់​ច្រើន ពេលវេលា​សិក្សា​រៀន ក៏​រៀន​មិនសូវ​បានល្អ​ប៉ុន្មាន​ដែរ​។ អ៊ីចឹង​ក៏​សម្រេចចិត្ត​ឈប់រៀន​ត្រឹម​ឌី​ប្លូ​ម​ទៅ ហើយ​ចាប់​បន្ត​អាជីវកម្ម​ប៉ា​ម៉ាក់​»​។ 

​លោកស្រី កែវ មុំ ដែល​កើត​ក្នុង​គ្រួសារ​អាជីវក​លក់​ចាប់ហួយ បាន​រៀន​ត្រឹម​ថ្នាក់​ទី​៩ ប៉ុន្តែ គេ​មិន​នឹកស្មានថា ស្ត្រី​ខ្មែរ​រូបនេះ បែរជា​អាចដឹកនាំ​សហគ្រាស​មួយ ដែល​ចាប់ផ្តើម​ពី​សហគ្រាស​តូច​មួយ​មាន​បុគ្គលិក​ចំនួន​ជាង​២០​នាក់​រហូត​ពង្រីក​បាន​រោងចក្រ​ធំៗ​ចំនួន​៣ និង​បុគ្គលិក​រហូតដល់​ជាង​២៥០​នាក់ ព្រមទាំង​បាន​ឈរជើង​ក្នុង​ទីផ្សារ​យ៉ាងរឹងមាំ​ទាំង​ក្នុងស្រុក និង​ធ្វើការ​នាំចេញ​ទៅកាន់​ប្រទេស​ជាច្រើន​នៅ​ជុំវិញ​ពិភពលោក​។

​តាមពិតទៅ ដ្បិតតែ​មិនមាន​សញ្ញាបត្រ​សិក្សា​ថ្នាក់​ខ្ពង់ខ្ពស់​ក៏ដោយ តែ​លោកស្រី កែវ មុំ បាន​ស្វះស្វែង​រៀនសូត្រ​ពី​អ្នកដទៃ តាមរយៈ​ការធ្វើការងារ​ជាមួយ​ក្រុមហ៊ុន​ជនជាតិ​សិង្ហ​បុរី​មួយ ដើម្បី​សន្សំ​បទពិសោធន៍ និង​ដើមទុន សម្រាប់​បើក​សហគ្រាស​ផលិត​នំ​ស្រួយ​លី​លី ដោយ​ចាប់ផ្តើម​ពី​ដើមទុន​១០​ម៉ឺន​ដុល្លារ​អាមេរិក ដែលជា​ទុន​បានមកពី​ការលក់​ផ្ទះ​។

​វ័យ​៤៤​ឆ្នាំ ស្ត្រី​កូន​៣​រូបនេះ បាន​បរិយាយ​យ៉ាង​ដូច្នេះ​ថា​៖ «​ពីមុនមក យើង​ធ្វើ​អាជីវកម្ម​ខ្នាតតូច​នៅផ្ទះ លក់ដូរ​ទិញ​លក់ ទិញ​លក់​តែ​ប៉ុណ្ណឹង តែ​ពេល​យើង​រៀប​អាពាហ៍ពិពាហ៍​ហើយ យើង​បាន​សម្រេចចិត្ត​ធ្វើការ​ងារ​ឲ្យ​ក្រុមហ៊ុន​ជនជាតិ​សិង្ហ​បុរី ដើម្បី​រៀន​យក​បទពិសោធន៍​មួយចំនួន ថា​តើ ការគ្រប់គ្រង​អាជីវកម្ម​មួយ ដែល​ទទួលបាន​ជោគជ័យ​ជា​ក្រុមហ៊ុន​មួយ​ធំ តើ​គេ​ធ្វើ​យ៉ាងម៉េច​? ជនជាតិ​សិង្ហ​បុរី គាត់​ថា បើ​យើង​ចង់​ធ្វើជា​អ្នកមាន លុះត្រាតែ​រក​ផលិតផល​ណា​ដែល​ផ្តាច់មុខ​ដោយ​ខ្លួនឯងបាន​។ ដូច្នេះ យើង​ក៏បាន​ស​ម្រ​ច​ចិត្ត​ធ្វើ​ការងារ​ជាមួយ​គាត់ ដើម្បី​រៀន​ពី​របៀប​គ្រប់គ្រង​ហិរញ្ញវត្ថុ ការគ្រប់គ្រង​ស្តុក ការធ្វើ​ទីផ្សារ ជាពិសេស ការគ្រប់គ្រង​បុគ្គលិក​កម្មករ គេ​ធ្វើ​របៀប​ម៉េច​?»​។

​ស្ត្រី​កូន​៣​រូបនេះ បាន​ចូលធ្វើការ​នៅ​ក្រុមហ៊ុន​ជនជាតិ​សិង្ហ​បុរី ដែល​នាំចូល​ភេសជ្ជៈ និង​នំ​ពី​សិង្ហ​បុរី និង​ម៉ាឡេស៊ី​មក​លក់​កម្ពុជា បាន​រយៈពេល​២​ឆ្នាំ ដោយ​ចាប់ផ្តើម​ការងារ​ដំបូង​ជា​អ្នក​កាន់​ស្តុក បន្ទាប់មក​ធ្វើការ​ងារ​នៅ​ផ្នែក​គណនេយ្យ និង​ក្រោយមកទៀត​ធ្វើ​ការងារ​ផ្នែក​ទីផ្សារ និយាយ​ឲ្យ​ចំ ថៅកែ​ប្រើ​ឲ្យ​ធ្វើ​អ្វី លោកស្រី​ធ្វើការ​ងារ​នោះ​។​

​ហេតុអ្វី​លោកស្រី កែវ មុំ ចាប់ផ្តើម​អាជីវកម្ម​ក្នុង​វិស័យ​កែច្នៃ​អាហារ​?

​តាមរយៈ​បទពិសោធន៍​ការងារ​ផ្នែក​លក់​នៅ​ក្រុមហ៊ុន​សិង្ហ​បុរី​កាលពី​ទសវត្សរ៍​៩០ លោកស្រី កែវ មុំ ដែល​ចូលចិត្ត​ញ៉ាំ​នំ​កញ្ចប់​តាំងពី​តូច បាន​សង្កេតឃើញថា កាលនោះ ខ្មែរ​មិនសូវមាន​ការកែច្នៃ​នំ​ក្នុងស្រុក​នោះឡើយ​។ កាលនោះ ផលិតផល​ភាគច្រើន​ដែល​ដាក់លក់​ក្នុង​ទីផ្សារ​កម្ពុជា ស្ទើរតែ​ទាំងស្រុង​ជា​ផលិតផល​នាំចូល​ពី​បរទេស​។ ហេតុនេះហើយ ទើប​លោកស្រី​ផ្តើម​ស្វែងរក​ដៃគូ​អាជីវកម្ម និង​លក់​ផ្ទះ​ធ្វើជា​ដើមទុន ដើម្បី​បង្កើត​សហគ្រាស​ផលិត​នំ​ស្រួយ​លី​លី​នៅ​ឆ្នាំ​២០០២​។

​លោកស្រី កែវ មុំ ដែលមាន​សម្បុរ​ស មាឌ​ដំបង និង​សក់ខ្មៅ​រលោង បាន​រម្លឹកថា ការបង្កើត​សហគ្រាស​ផលិត​នំ​ស្រួយ​នេះ គឺជា​ការងារ​ថ្មី​សន្លាង​សម្រាប់​លោកស្រី ដ្បិត​លោកស្រី​មិនមាន​ជំនាញ​ធ្វើ​នំ ពោល គឺ​អ្នកស្រី​ចេះតែ​លក់​នំ​តែ​ម្យ៉ាង​ប៉ុណ្ណោះ​។ យ៉ាងណាក៏ដោយ លោកស្រី​បាន​ស្វែងរក​ដៃគូ​ដើម្បី​បង្កើត​វា​ឡើង​ឲ្យ​បាន​ជោគជ័យ បើ​ទោះ​ស្ថិតក្នុង​កាលៈទេស ដែល​ពលរដ្ឋ​កម្ពុជា​មិនសូវ​ទុកចិត្ត​ផលិតផល​ក្នុងស្រុក​ក៏ដោយ​។

​អង្គុយ​លើ​កៅអី​ក្បែរ​តុ​ឈើប្រណិត​ក្នុង​ការិយាល័យ​របស់​រោង​ចក្រ​នំ​ស្រួយ​លី​លី​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​រាជធានី​ភ្នំពេញ លោកស្រី កែវ មុំ  បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​ប្រទេស​គេ គេ​ផលិត​ច្រើន ថ្លៃដើម​វា​ទាប តែ​របស់​យើង យើង​ផលិត​បាន​តិច ថ្លៃដើម​វា​ខ្ពស់​។ ហើយ​ទីផ្សារ​របស់គេ លក់​ក្នុងស្រុក​ខ្មែរ​យើង គេ​ចែកចាយ​ទូទាំងប្រទេស សាយ​ភាព​ពេញ​ទៅហើយ​។ យើង​វិញ​ជា​អ្នកថ្មី ដែល​គេ​ពុំទាន់​ស្គាល់ ហើយ​ផលិត​ក្នុងស្រុក​ទៀត អ៊ីចឹង ប្រជាពលរដ្ឋ គឺ​គេ​មិនទាន់​ទទួលស្គាល់ ហើយ​យើង​ផលិត​បាន​តិច​ទៀត​។ ដូច្នេះ ពិបាក​ប្រកួតប្រជែង​ជាមួយ​គេ​ខ្លាំង​»​។

​បើតាម លោកស្រី កែវ មុំ មូល​ហេតុដែល​លោកស្រី​ចាប់ផ្តើម​អាជីវកម្ម​ក្នុង​វិស័យ​កែច្នៃ​អាហារ​នេះ គឺ​ដោយសារតែ​កម្ពុជា​សម្បូរ​ប្រភព​វត្ថុធាតុដើម​ល្អ ដូចជា ពោត និង​ស្រូវ​ជាដើម​។ ក្រៅពី​មាន​វត្ថុធាតុដើម​ក្នុង​ការផលិត ការបង្កើត​សិប្បកម្ម​កែច្នៃ​អាហារ​នេះ លោកស្រី​ក៏​ចង់​ជួយ​ទិញ​កសិផល​ខ្មែរ និង​ផ្តល់​ការងារ​ដល់​ពលរដ្ឋ​ខ្មែរ​ផងដែរ​។

​បច្ចុប្បន្ន ក្រុមហ៊ុន​លី​លី​ផលិត​នំ​ស្រួយ​មាន​រោងចក្រ​ចំនួន​៣ ដោយ​រោងចក្រ​ទីមួយ គឺជា​រោងចក្រ​ផ្ទាល់ខ្លួន ដែលមាន​សមត្ថភាព​ផលិត​នំ​បាន​១០​តោន​ក្នុង​មួយថ្ងៃ​។ រោងចក្រ​ទី​២ គឺជា​រោងចក្រ​ដែល​ចាប់​ដៃគូ​ជាមួយ​វិនិយោគិន​ជប៉ុន ដែល​អាច​ផលិត​បាន​១០​តោន​នៅក្នុង​មួយថ្ងៃ និង​រោងចក្រ​ទី​៣ គឺជា​រោងចក្រ​កែច្នៃ​បន្លែ​ផ្លែឈើ​ក្រៀម​ដែល​កំពុង​សាងសង់ ដោយ​ទុន​៣០​ភាគរយ​ជា​ជំនួយឥតសំណង់​ពី​និ​ធិ​ការបង្កើត​ថ្មី​សម្រាប់​ការកាត់បន្ថយ​ភាពក្រីក្រ​(AIP) និង​៧០​ភាគរយ​ទៀត​ជា​ទុន​របស់​លោកស្រី​ផ្ទាល់​។ បើ​គិត​ទាំង​៣​រោច​ក្រ​នេះ អ្នកស្រី​បានផ្តល់​ការងារ​ដល់​បុគ្គលិក​ជាង​២៥០​នាក់ និង​កសិករ​រាប់ពាន់​គ្រួសារ​។ ជា​រៀងរាល់ឆ្នាំ ក្រៅពី​ទីផ្សារ​ក្នុងស្រុក យីហោ​នំ​ស្រួយ​លី​លី បាន​នាំចេញ​ទៅកាន់​ទីផ្សារ​ក្រៅប្រទេស​ជាច្រើន រួមមាន​៖ សហរដ្ឋអាមេរិក អូស្ត្រាលី កាណាដា កូរ៉េខាងជើង កូរ៉េខាងត្បូង វៀតណាម ចិន ថៃ ភូមា ឥណ្ឌូនេស៊ី និង​បែក​អាហ្វ្រិក​ជាដើម​។​

​លោកស្រី កែវ មុំ​៖«​ធ្វើ​អ្វី​ក៏ដោយ ត្រូវដាក់​ចិត្ត​ដាក់​កាយ​ធ្វើ​វា កុំ​ធ្វើ​លំៗ ទើប​ជោគជ័យ »
​បើតាម​សហគ្រិន​ជើងចាស់ ដែលមាន​បទពិសោធន៍​ក្នុង​វិស័យ​ធុរកិច្ច​ជិត​២​ទសវត្សរ៍​រូបនេះ ការបង្កើត​អាជីវកម្ម​មួយ មាន​ភាពងាយស្រួល ប៉ុន្តែ ការធ្វើ​ឲ្យ​អាជីវកម្ម​រីកចម្រើន មិនមែនជា​ការងារ​ស្រួល​ទេ ពោល គឺ​ប្រឈម​នឹង​ការខាតបង់ និង​ដួលរលំ​គ្រប់ពេលវេលា​។ លោកស្រី​ពន្យល់ថា មានតែ​ការរៀនសូត្រ​ពី​អ្នកដទៃ ការតស៊ូ ដាក់ចិត្ត​ធ្វើ​វា​ដោយ​ម៉ត់ចត់ ទើប​ធ្វើ​ឲ្យ​អាជីវកម្ម​មួយ​រីក​ច្រើន​ទៅបាន​។

​លោកស្រី កែវ មុំ ដែលជា​អតីត​ប្រធាន​សមាគមន៍​សហគ្រិន​ស្ត្រី​កម្ពុជា មាន​សមាជិក​ជាង​៥០០​ក្រុមហ៊ុន បាន​ចែករំលែក​គន្លឹះ​ក្នុង​ការធ្វើ​អាជីវកម្ម​យ៉ាង​ដូច្នេះ​ថា​៖ «​ចាប់​ផ្តើមដំបូង តែងតែមាន​បញ្ហា​ប្រឈម​ហើយ ដូច​កូនក្មេង​រៀន​ដើរ​អ៊ីចឹង​។ កូនក្មេង​ដើរ​ដួលៗ បើសិន​កូនក្មេង​លះបង់​ឈប់​ដើរ គាត់​នឹង​មិនចេះ​ដើរ​មួយជីវិត​។ ដូច្នេះ កូនក្មេង គាត់​មិន​បោះបង់​ការរៀន​ដើរ​របស់គាត់​នោះទេ បើទោះបី​ត្រូវ​ដួល​ក្រឡិត​ជង្គង់ ចេញឈាម​យ៉ាងណា ក៏​គាត់​នៅតែ​ងើប​ដើរ​។ អ៊ីចឹង អាជីវកម្ម ក៏​ដូចគ្នា​ដែរ​។ សូម្បី​នាង​ខ្ញុំ​សព្វថ្ងៃ ក៏​យើង​ធ្លាប់​បរាជ័យ​អាជីវកម្ម​ពីរ​បី​ដែរ ទើប​យើង​ចាប់បាន​អាជីវកម្ម​មួយ​ច្បាស់លាស់ យើង​ដាក់ចិត្ត​ដាក់​កាយ​ក្នុង​ការធ្វើ​ទើប​ជោគជ័យ បើ​យើង​ធ្វើ​លំៗ អត់​ជោគជ័យ​ទេ ព្រោះ Startup​នេះ បង្កើត​ស្រួល តែ​ពិបាក​ក្នុងការ​ថែទាំ ពង្រឹង និង​ពង្រីក​។ បង្កើត​ហើយ ត្រូវតែ​ពង្រឹង ទើប​ទៅ​ពង្រីក​បាន ព្រោះ​បើ​មិនទាន់​ពង្រឹង​ផង ស្រាប់តែ​ទៅ​ពង្រីក ដូច​យើង​ធ្វើ​ផ្ទះ អត់​មាន​គ្រឹះ​រឹងមាំ កុំ​ឲ្យ​អាង​តែមាន​លុយ​ចេះតែ​ពង្រីក អាច​នឹង​ដួលរលំ​បាន​»​។

​បើតាម​លោកស្រី កែវ មុំ នៅ​ថ្ងៃ​អនាគត លោកស្រី​នឹង​ពង្រីក​ការកែច្នៃ​កសិផល​របស់​ខ្មែរ​ឲ្យ​បាន​កាន់តែច្រើន ដើម្បី​ជួយ​កសិករ​ខ្មែរ និង​លើក​មុខមាត់​ផលិតផល​នៅលើ​ទីផ្សារ​អន្តរជាតិ​។ លោកស្រី​សង្កត់ធ្ងន់ថា បរទេស​យក​ផលិត​របស់គេ​មក​លក់​នៅ​ស្រុក​យើង ដើម្បី​នាំ​លុយ​ចេញពី​ស្រុក​យើង​ទៅ​ស្រុក​គេ ប៉ុន្តែ លោកស្រី​ចង់យក​ផលិតផល​របស់​ខ្មែរ​ទៅ​លក់​នៅ​ស្រុក​គេ ដើម្បី​នាំ​លុយ​ស្រុក​គេ​ចូលមក​កម្ពុជា​វិញ​៕ 



Tag:
 កែវ មុំ​
 ​សហគ្រិន​ស្ត្រី​
© រក្សាសិទ្ធិដោយ thmeythmey.com