ជាតិ
សោកស្តាយ​! លោក យក់ សៀង អតីត​សាស្ត្រាចារ្យ​ឯកទេស​បាលី​-​សំ​ស្ត្រឹ​ត ទទួលមរណភាព
08, Sep 2019 , 1:15 pm        
រូបភាព
លោក យក់ សៀង ទទួលបាននូវការគោរពស្រឡាញ់យ៉ាងខ្លាំងពីអតីតនិស្សិតរបស់លោក
លោក យក់ សៀង ទទួលបាននូវការគោរពស្រឡាញ់យ៉ាងខ្លាំងពីអតីតនិស្សិតរបស់លោក
ដោយ: ថ្មីៗ
លោក យក់ សៀង អតីត​សាស្ត្រាចារ្យ​អក្សរសាស្ត្រ​ខ្មែរ ឯកទេស​បាលី និង​សំ​ស្ត្រឹ​ត នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ បានទទួល​មរណភាព​ក្នុង​អាយុ​៧៤​ឆ្នាំ ដោយ​រោគាពាធ នា​រសៀល​ថ្ងៃ​សៅរ៍ ទី​៧ ខែកញ្ញា ឆ្នាំ​២០១៩​។ លោក យក់ សៀង មិនមែនជា​អ្នកល្បី​ល្បាញ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កឡើយ ប៉ុន្តែ​អតីត​សាស្ត្រាចារ្យ​រូបនេះ បាន​បណ្តុះបណ្តាល​ធនធាន​យុវជន​ជាច្រើន​។ អតីត​និស្សិត​របស់លោក សុទ្ធតែ​បានបង្ហាញ​ពី​ការសោកស្តាយ​តាមរយៈ​បណ្តាញ​សង្គម​របស់ខ្លួន​។​



​លោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​អតីត​និស្សិត​អក្សរសាស្ត្រ​ខ្មែរ​ជំនា​ន់ទី​១៧ បាន​បង្ហោះ​រូបថត​៤​សន្លឹក​ដោយ​ភ្ជាប់​អនុស្សាវរីយ៍​របស់លោក​ជាមួយ​លោក យក់ សៀង ដែលជា​សាស្ត្រាចារ្យ​ចូលនិវត្តន៍​។ ក្រៅ​ប្រកាស​នូវ​ដំណឹង​ដ៏​ក្រៀម​ក្រៅ លោក ហ៊ុយ វណ្ណៈ បានសរសេរថា​៖ «​យើង​មិនដែល ភ្លេច​ងាក​ទៅរក សាស្ត្រាចារ្យ និង​អ្នក​ទាំងឡាយ​ដែល មាន​ចំណែក​ក្នុង​ជីវិត​យើង​ឡើយ​»​។​

​កាលពី​ចុងឆ្នាំ​២០១៥​កន្លងមក លោក ហ៊ុយ វណ្ណៈ ដែលជា​ប្រធាន​សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា ផងដែរ​នោះ ក៏បាន​ផ្តួចផ្តើម​មូលនិធិ​សប្បុរសធម៌​ដើម្បី​រៃអង្គាស​ថវិកា​ជួយ​ដល់​អតីត​សាស្ត្រាចារ្យ​របស់ខ្លួន​ដែល​ចូលនិវត្តន៍ ក្នុងនោះ​មាន​លោក យក់ សៀង ផងដែរ​។​

​លោក ហម វុទ្ធី ដែល​តំណាង​ឲ្យ​មិត្ត​រួម​ថ្នាក់​អក្សរសាស្ត្រ​ខ្មែរ​អាហារូបករណ៍​ជំនា​ន់ទី​៣០ បានចាត់ទុក​លោក យក់ សៀង ជា​វីរ​សាស្ត្រាចារ្យ ដែល​បាន​បូជា​ពេលវេលា​ពេញ​មួយជីវិត ដើម្បី​បុព្វហេតុ​អប់រំ​ក្នុង​វិស័យ​អក្សរសាស្ត្រ​ជាតិ ។​

​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក Vanny Chhen Khmer Literature បានសរសេរថា​៖ «​វីរ​សាស្ត្រាចារ្យ យក់ សៀង បាន​បូជា​ពេលវេលា​ពេញ​មួយជីវិត ដើម្បី​បុព្វហេតុ​អប់រំ​ក្នុង​វិស័យ​អក្សរសាស្ត្រ​ជាតិ  […] សូមឱ្យ​ដួង​វិញ្ញាណក្ខន្ធ​លោកគ្រូ​បាន​ទៅកាន់​ទី​បរមសុខ ទី​ដ៏​ល្អប្រសើរ ដើម្បីឱ្យ​សក្ដិសម​នឹង​ការលះបង់​របស់លោក​គ្រូ​ចំពោះ​ឯកទេស បាលី សំស្ក្រឹត​នេះ​»​។​

​ជាមួយគ្នានេះ គណនី​ហ្វេ​ស​ប៊ុ​ក Sophea Chouk បាន​សរសេរ​កំណាព្យ​មួយ​យ៉ាង​ក្បោះក្បាយ​ទាក់ទង​នឹង​សាស្ត្រាចារ្យ​រូបនេះ ចំពោះ​ការលះបង់​ដ៏​ធំធេង​ក្នុងការ​លើកស្ទួយ​អក្សរសាស្ត្រ​ជាតិ​។​

លោក យក់ សៀង មានភរិយាឈ្មោះ ប្រាក់ សុខខេង និងមាន​កូន​បីនាក់ ដោយកូន​ប្រុសច្បងឈ្មោះ យក់ សេដ្ឋា កូនស្រីបន្ទាប់ឈ្មោះ យក់ ខេមា និងកូន​ប្រុសពៅឈ្មោះ យក់ វិជិត៕




សារព័ត៌មាន ThmeyThmey មិនទាន់​ទទួលបាន​ព័ត៌មាន​លំអិត​ទាក់ទង​នឹង​ប្រវត្តិ​អតីត​សាស្ត្រាចារ្យ​ដ៏​រូបនេះ​ឡើយ​។ បើតាម​គេហទំព័រ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ លោក យក់ សៀង បាន​បម្រើការ​ក្នុងតួនាទី​ជា​សាស្ត្រាចារ្យ​ឯកទេស ភាសាបាលី សំស្ក្រឹត តាំងពី​ឆ្នាំ ១៩៨៧​មក​។​

​លោក អ៊ុំ សារិន អ្នកកាសែត​ជើងចាស់​មួយរូប និង​ជា​ដន្លង​របស់លោក យក់ សៀង បាន​បញ្ជាក់ថា សព​របស់លោក យក សៀង ត្រូវ​តម្កល់​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅផ្ទះ​កូនស្រី ជិត​ស្ថានីយ៍ទូរទស្សន៍​អាស៊ី​អាគេ្នយ៍​។​
​យោងតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Vakhin Sorn ដែលជា​ព្រះសង្ឃ​នោះ លោក យក់ សៀង ត្រូវបាន​ចាត់ទុកជា​គ្រូ​តា ដោយ​លោក​មាន​ដំបូន្មាន​មួយ​ថា «​ចេះ​កុំ​ឲ្យ​ហួស​ដឹង ខឹង​កុំ​ឲ្យ​ហួសហេតុ​»៕

Tag:
 បាលី សំស្ក្រឹត
© រក្សាសិទ្ធិដោយ thmeythmey.com