ជាតិ
បទសម្ភាសន៍
យុវតី​ខ្មែរ​-​ហ្គា​ណា សាន ប​ទិ​មា​អា​តាំ នៅតែ​រំពឹងថា មានឱកាស​ជួប​ឪពុកម្តាយ​ខ្លួន​វិញ
08, Sep 2019 , 7:29 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ កញ្ញា សាន ប​ទិ​មា​អា​តាំ ជា​កូនកាត់​ខ្មែរ​-​ហ្គា​ណា ដែល​កើត និង​រស់នៅ​កម្ពុជា​តាំងពី​តូច​។ នាង​រស់នៅក្នុង​ជីវ​ភាពជា​ក្មេង​កំព្រា បើទោះបី​នាង មាន​ឪពុកម្តាយ​ដូច​គេឯង​ក៏ដោយ​។ បែក​ឪពុកម្តាយ​តាំងពី​មិនទាន់​ដឹងក្តី បានធ្វើ​ឲ្យ​យុវតី សាន ប​ទិ​មា​អា​តាំ មានជីវិត​រសាត់អណ្តែត ដោយ​ផ្ញើខ្លួន​ជាមួយ​ជីដូន និង​ជ្រកកោន​ជាមួយ​អង្គការ​គ្រិស្តសាសនា​។ បច្ចុប្បន្ន យុវតី​រូបនេះ ទើប​ប្រឡង​ចប់​បាក់​ឌុប​នាពេល​ថ្មីៗ​នេះ នៅតែ​ចិញ្ចឹមចិត្ត​រក​ឪពុកម្តាយ ដែល​បាន​បែក​គ្នា​តាំងពី​ជាង​១០​ឆ្នាំមុន​។









​ខុសពី​កុមារ​ជាច្រើន ដែលមាន​ឪពុកម្តាយ​យកចិត្តទុកដាក់ និង​ផ្គត់ផ្គង់​សព្វគ្រប់​នោះ តែ​យុវតី សាន ប​ទិ​មា​អា​តាំ ដែលជា​កូនកាត់ ខ្មែរ​-​ហ្គា​ណា មិនដែល​ទទួលបាន​ភា​ព​កក់ក្តៅ​ពី​ឪពុកម្តាយ​ដូច​ក្មេង​ដទៃទៀត​នោះទេ ព្រោះ​នាង​ត្រូវ​ឪពុកម្តាយ​បោះបង់ចោល​តាំងពី​នៅ​ជា​កូនង៉ែត​មកម្ល៉េះ​។

​មាឌ​ដំបង សម្បុរ​ខ្មៅ និង​សក់រួញ ប​ទិ​មា​អា​តាំ បាន​រៀប​រាប់ទាំង​ទឹកភ្នែក​រលីងរលោង​ថា​៖ «​ខ្ញុំ​អត់​ដែល​ស្គាល់មុខ​ប៉ា​ទេ តែ​ម៉ាក់​ខ្ញុំ​ធ្លាប់​ឃើញ​កាល​នៅ​តូច ព្រោះ​ពេល​នៅ​តូច ម៉ាក់​មកលេង​យាយ​បាន​មួយថ្ងៃ ហើយ​យាយ​ប្រាប់ថា នេះ​ជា​ម៉ាក់​ខ្ញុំ​។ ប៉ុន្តែ ជាង​១០​ឆ្នាំនេះ ខ្ញុំ​មិនដែល​បានឃើញ​ពួកគាត់​រហូតមកដល់​ឥឡូវ​។ បងប្រុស​ខ្ញុំ​ក៏​ដូចគ្នា​។ យើង​ទាំងពីរ​នាក់ កំព្រា​ឪពុកម្តាយ ព្រោះ​មិន​ដែលមាន​ភាពកក់ក្តៅ​ពី​ឪពុកម្តាយ​ទេ​»​។

កញ្ញា សាន បទិមាអាតាំ(ឆ្វេង)កញ្ញា ឯក ចាន់តាវីន (ស្តាំ) រូបថត៖ រ៉ឹម ភារី

យុវតី សាន ប​ទិ​មា​អា​តាំ ជា​ក្មេងស្រី​ម្នាក់​ក្នុងចំណោម​ក្មេងៗ​ប្រមាណ​២០​នាក់ ដែល​បាន​រស់នៅក្នុង​អង្គការ​មិត្តភាព​កុមារ​កម្ពុជា និង​កុមារ​អន្តរជាតិ​។ អង្គការ​គ្រិស្តសាសនា​មួយ​នេះ ទទួលយក​ក្មេង​ក្រីក្រ និង​ក្មេង​កំព្រា​មក​បណ្តុះបណ្តាល​វិជ្ជាជីវៈ​មួយចំនួន ដូចជា​៖ កាត់ដេរ របាំ បង្រៀន​ភាសា​អង់គ្លេស និង​កុំព្យូទ័រ​ជាដើម ព្រមទាំង​ផ្គត់ផ្គង់​ដល់​ការសិក្សា​នៅ​សាលា​រដ្ឋ​ផងដែរ​។ ក្រោយ​ទទួលបាន​ជំនួយ​ពី​អង្គការ​នេះហើយ ទើប​ប​ទិ​មា​អា​តាំ មានលទ្ធភាព​រៀនសូត្រ​រហូត​បាន​ប្រឡង​បាក់​ឌុប​នឹង​គេ​។  

​ក្នុង​វ័យ​២០​ឆ្នាំ យុវតី ប​ទិ​មា​អា​តាំ បាន​រម្លឹក​ពី​អតីតកាល​របស់​នាង​ទាំង​ទឹកមុខ​ស្រពោន​ថា​៖ «​យាយ​ខ្ញុំ​ប្រាប់ថា នៅ​ជំនាន់​អ៊ុនតាក់ តែ​អត់​ដឹងថា ប៉ា​ខ្ញុំ​ទាហាន​ឬ​យ៉ាងម៉េច​? ពេលដែល​គាត់​មក​កម្ពុជា ចោរប្លន់​គាត់ ហើយ​វ៉ៃ​គាត់​ឲ្យ​សន្លប់ ម៉ាក់​ខ្ញុំ​បានឃើញ​ប៉ា​ខ្ញុំ និង​ជូន​ប៉ា​ខ្ញុំ​ទៅ​ពេទ្យ និង​បាន​មើលថែ​រហូត​គាត់​បានដឹងខ្លួន ហើយ​ប៉ា​ក៏បាន​សុំ​ស្រឡាញ់​ម៉ាក់​ខ្ញុំ​។ ពេលនោះ យាយ​ខ្ញុំ​ក៏​អត់ថា​អ្វី​ដែរ ហើយ​ម៉ា​ក់បាន​រៀបការ​ជាមួយ​ប៉ា រហូត​បាន​ខ្ញុំ​។ បន្ទាប់មក ប៉ា​បាន​ទៅ​ស្រុក​គាត់​វិញ ហើយ​ប៉ា​បាន​ទុក​អាស័យដ្ឋាន និង​រូបថត​គាត់ តែ​ផ្ទះ​ខ្ញុំ​នៅ​ផ្សារ​តាប៉ាង​ជិត​ផ្សារ​ថ្មី បាន​ឆះ​អស់ គ្មាន​សល់​អ្វី​ទេ រួច​តែ​ខ្លួន​»​។

​បើតាម កញ្ញា សាន ប​ទិ​មា​អា​តាំ កន្លងមក​បងប្រុស​ប​ង្កើ​តរបស់​នាង​ដែល​ជាប់​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​នៅ​សហរដ្ឋអាមេរិក ក៏បាន​ស្វះ​ស្វែងរក​ឪពុក​ដែរ ប៉ុន្តែ ពុំមាន​តម្រុយ​អ្វី​សូម្បីតែ​បន្តិច​។
​នាង​បរិយាយ​យ៉ាង​ដូច្នេះ​ថា​៖ «​បង​ខ្ញុំ​ធ្លាប់​ស្រាវជ្រាវ​សួរ​អ៊ុនតាក់​ពី​ប្រវត្តិ​ប៉ា​របស់​ពួក​ខ្ញុំ​។ គាត់​ធ្លា​ប់ខ​ល​(​ហៅ​)​ទៅ​ស្ថានទូត UN ដូចជា អ៊ុនតាក់ តែ​គេ​ថា យើង​អត់​មាន​ព័ត៌មាន​អ្វី​ច្បាស់ ដោយសារ ផ្ទះ​យើង​ឆេះ​អស់ យើង​ដឹង​តែ​ឈ្មោះ ដឹងថា​គាត់​មក​ឆ្នាំ​ណា​? ពេល​ហ្នឹង គេ​ថា រក​តម្រុយ​ហ្នឹង​ពិបាក​ដែរ គេ​ជួយ​អត់​បានទេ​។ ដល់ពេល​អ៊ីចឹងទៅ បង​ខ្ញុំ​ក៏​អស់សង្ឃឹម​រហូតមកដល់​ឥឡូវ​។ ពួក​ខ្ញុំ​លែង​ស្វែងរក ឬ​រក​ជំនួយ​ណា​ឲ្យ​គេ​ជួយ​ដែរ​»​។

​តាមពិតទៅ ប​ទិ​មា​អា​តាំ នៅតែ​ចង់រក​ឪពុក ទោះបីជា​នាង​យល់ថា ឪពុក​របស់​នាង ទំនង​គ្មាន​បំណងរ​កនាង​ក៏ដោយ​។ «​បើសិនជា​គាត់​រក​ខ្ញុំ  ខ្ញុំ​គិតថា គាត់​អាច​នឹង​រកឃើញ ប៉ុន្តែ ខ្ញុំ​គិតថា គាត់​អាច​នឹង​គ្មាន​បំណង​ចង់រក​ទេ​។ ដោយសារតែ ខ្ញុំ​ឮ​អ្នកខ្លះ​ដែលជា​កូនកាត់​ដែរ គេ​ថា គេ​មិនដែល​ឃើញ​ឪ​គេ​ទេ តែ​ដឹង​ម៉េច ឪ​គេ​មករក​កូន​គេ​ឃើញ តែ​សម្រាប់​ឪ​ខ្ញុំ អត់​ដែល​លឺដំណឹង​អ្វី​ទេ​។ ខ្ញុំ​គិតថា បើ​គាត់​ចង់រក អាច​ឃើញ ព្រោះ​ឈ្មោះ​ខ្ញុំ ឪ​ខ្ញុំ​ជា​អ្នក​ដាក់​ឲ្យ មិនមែន​ម៉ែ​ខ្ញុំ​ទេ​»​។ នេះ​ជាការ​រៀបរាប់​របស់​យុវតី សាន ប​ទិ​មា​អា​តាំ ដែល​មិនបាន​ជួប​មុខ​ឪពុក​ជា​យូរហើយ ខណៈ​ម្តាយ​មាន​ស្វាមី​ថ្មី ហើយ​បោះបង់​នាង​ចោល​តាំងពី​តូច​។ 

​ក្រោយពី​ដល់​វ័យ​ត្រូវ​ចាក​ចេញពី​អង្គការ​ដែលជា​ជម្រក​ដ៏​កក់ក្តៅ​ជាង​១០​ឆ្នាំ​មកនេះ បច្ចុប្បន្ន យុវតី ប​ទិ​មា​អា​តាំ កំពុង​រស់នៅ​ផ្ទះជួល​ជាមួយ​មិត្តភក្តិ​របស់​នាង​ស្ថិតក្នុង​សង្កាត់​ទួល​សង្កែ​ខណ្ឌ​ឬ​ស្សី​កែវ ក្រោម​ការឧបត្ថម្ភ​បង់ថ្លៃ​ឈ្នួល​ពី​អង្គការ​ខាងលើ​ដដែល​។​

​កញ្ញា ឯក ចាន់​តា​វីន អាយុ​១៨ ដែលជា​មិត្តភក្តិ​ស្និទ្ធស្នាល​របស់​ប​ទិ​មា​អា​តាំ បាន​អះអាងថា ប​ទិ​មា​អា​តាំ គឺជា​មនុស្ស​រួសរាយ​រាក់ទាក់​ជាមួយ​មនុស្ស​ជុំវិញខ្លួន មានការ​តស៊ូ​ក្នុង​ជីវិត និង​មាន​ភាពក្លាហាន​។ 
​នាង​និយាយ​បែបនេះ​ថា​៖ «​ពួក​ខ្ញុំ រួសរាយ​រាក់ទាក់​ដូចគ្នា​។ ឃើញ​គ្នា​មុន​ចឹ​ង ទៅ​និយាយ​ជាមួយគ្នា ឬ​សួរនាំ មិនចាំបាច់​គេ​មក​យាយ​រក​យើង​មុន​ទេ​។ មនុ​សុ្ស​គាត់​មាន​អត់ធ្មត់ តស៊ូ ខំប្រឹងប្រែង ដូចជា ខ្ញុំ​ប្រឡង​ថ្នាក់​ទី​១២​រួចហើយ តែ​គាត់​កំពុង​រៀន​ក្នុង​ឆ្នាំ​ប្រឡង​អ៊ីចឹង គាត់​ចេះ​មក​សួរ​ខ្ញុំ​ពី​លំ​ហាត់​។ ការរៀនសូត្រ​របស់គាត់ គឺ ល្មម មិន​ខ្សោយ​ពេក ក៏​មិន​ខ្លាំងពេក​ដែរ​។ ខ្ញុំ​អត់​បាន​រៀន​ខ្មែរ​ក្នុង​ថ្នាក់​ជាមួយ​គាត់​ទេ តែ​បាន​រៀន​អង់គ្លេស​ក្នុង​ថ្នាក់​ជាមួយគ្នា​មួយថ្ងៃ​មួយ​ម៉ោង ពេល​គាត់​ឆ្ងល់ គាត់​ចេះ​សួរ​ច្រើន ហើយ​ពេល​គ្រូ​សួរ គាត់​ចេះ​ឆ្លើយ​សំណួរ​អ៊ីចឹងទៅ​»​។
​ខុសពី​កូនកាត់​ដទៃទៀត ដែលមាន​ជីវិត​ហ៊ី​ហារ ដ្បិត​មាន​ឪពុកម្តាយ​គេ​មាន​ជីវភាព​ប្រសើរ​នោះ ប៉ុន្តែ យុវតី ប​ទិ​មា​អា​តាំង​បែរជា​រស់នៅ​ជាមួយនឹង​ភាពក្រីក្រ និង​ឯកោ​តាំងពី​តូច​រហូតមកដល់​បច្ចុប្បន្ន​។ មាន​រូបរាង និង​មុខមាត់​ដូច​ជនជាតិ​អាហ្វ្រិក បានធ្វើ​កញ្ញា សាន ប​ទិ​មា​អា​តាំ មិនសូវមាន​ទំនាក់ទំនង​ជាមួយ​អ្នក​ផ្សេងទៀត ដោយសារតែ​មនុស្ស​ជុំវិញខ្លួន​នាង បាន​គិតថា នាង​ជា​ជនជាតិ​បរទេស​។

​នាង​បន្ថែមថា​៖ «​ពេលខ្លះ ពួកគាត់​មើល​មក​ខ្ញុំ គាត់​ថា ខ្ញុំ​ជា​ជនជាតិ​គេ​។ ហើយ​គាត់​មិនសូវ​ហ៊ាន​និយាយ​ទេ តែ​អ្នកខ្លះ​គាត់​ឃើញ ក៏​សួរ ព្រោះ​ឮ​ខ្ញុំ​និយាយ​ខ្មែរ បាន​គាត់​ហ៊ាន​សួរ​។ គាត់​សួរ​ខ្ញុំ​ថា ខ្ញុំ​ជា​ជនជាតិ​គេ​មែន​? ហេតុអ្វី​ក៏​និយាយ​ខ្មែរ​ច្បាស់​ម្ល៉េះ​? ខ្ញុំ​ក៏​ឆ្លើយថា ខ្ញុំ​ជា​កូនកាត់ ហើយ​រស់នៅ​ខ្មែរ​យូរហើយ តែ​គេ​ខ្លះ​មិនសូវ​ជឿ​ទេ​។ អ្នកខ្លះ ពេល​ដឹងថា ខ្ញុំ​ជា​កូនកាត់​គេ​សប្បាយចិត្ត ប៉ុន្តែ សម្រាប់​ខ្ញុំៗ​មិនសូវ​សប្បាយ​ទេ ព្រោះ ពេល​គិតថា យើង​ជា​ជនជាតិ​គេ ហើយ​គេ​គិតថា គេ​អត់​សូវ​ចេះ​និយាយ​អង់គ្លេស គេ​អត់​និយាយ​ជាមួយ​យើង​ដែល​ធ្វើ​ឲ្យ​យើង​មិនសូវមាន​មិត្តភាព​ជាមួយ​អ្នកដទៃ​ជាច្រើន​»​។

​បើតាម​គម្រោង ប្រសិនជា​នាង​ប្រឡង​ជាប់​បាក់​ឌុប យុវតី រូបនេះ ចង់​ធ្វើ​ការងារ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​គ្រិស្ត​រយៈពេល​១​ឆ្នាំកន្លះ​។ បន្ទាប់មកទៀត នាង​នឹង​ស្វែងរក​អាហារូបករណ៍ ឬ​ប្រកប​អាជីវកម្ម​ផ្ទាល់ខ្លួន​។ តែបើ​នាង​ធ្លាក់​ឌុប​វិញ​នោះ នាង​នឹងសិក្សា​ថ្នាក់​១២​ឡើងវិញ តាម​សំណើរ​របស់​បងប្រុស​ខ្លួន ដើម្បី​ប្រឡង​យក​សញ្ញាបត្រ​បាក់​ឌុប​ឲ្យ​បាន សម្រាប់​ដាក់​អាហារូបករណ៍​ទៅ​រៀន​នៅក្រៅ​ប្រទេស​៕



© រក្សាសិទ្ធិដោយ thmeythmey.com