អន្តរជាតិ
នយោបាយអន្តរជាតិ
នាយករដ្ឋមន្ត្រីថៃ ទទូចឲ្យភាគីពាក់ព័ន្ធពន្លឿនការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្ម RCEP ឲ្យចប់ត្រឹមឆ្នាំនេះ លោក ប្រាយុទ្ធ ចន្ទ អូចា (កណ្តាល) នាជំនួបរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន។ រូបភាព៖ រដ្ឋាភិបាលថៃ
× ប្រមុខរដ្ឋាភិបាលថៃ លោក ប្រាយុទ្ធ ចន្ទ អូចា បានទទូចឲ្យអាស៊ាន និងដៃគូសន្ទនារបស់ខ្លួនពន្លឿនការចរចាលើលក្ខខណ្ឌនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មភាពជាដៃគូគ្រប់ជ្រុងជ្រោយក្នុងតំបន់ ( RCEP) ឲ្យបានចប់សព្វគ្រប់ត្រឹមបំណាច់ខែវិច្ឆិកា។ ប្រមុខដឹកនាំថៃរូបនេះ មើលឃើញថា ដំណើរការនៃការចរចាកិច្ចព្រមព្រៀងល្មមនឹងត្រូវបញ្ចប់ហើយ។
តាមរយៈសុន្ទរកថាបើកកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥១ ក្នុងរាជធានីបាងកក លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចន្ទ អូចា បានថ្លែងទៅកាន់រដ្ឋមន្ត្រីអាស៊ានទាំងដប់ និងដៃគូសន្ទនាទាំងប្រាំមួយត្រូវតែធ្វើការជាមួយគ្នាដើម្បីកសាងការតភ្ជាប់ទាំងក្នុង និងក្រៅ ក្នុងគោលដៅបញ្ចប់ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មភាពជាដៃគូគ្រប់ជ្រុងជ្រោយក្នុងតំបន់ឲ្យបានចប់នៅត្រឹមឆ្នាំនេះ។
លោកនាយរដ្ឋមន្ត្រី តាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok បានលើកឡើងថា ការពន្លឿនការបញ្ចប់ការចរចារវាងភាគីពាក់ព័ន្ធ នឹងឆ្លុះបញ្ចាំងឲ្យឃើញពីការទុកចិត្តគ្នាក្នុងចំណោមដៃគូក្នុងការកសាងប្រព័ន្ធពាណិជ្ជកម្ម និងវិនិយោគរួមគ្នាក៏ដូចជាបទដ្ឋាន ក្នុងការគ្រប់គ្រងពាណិជ្ជកម្មពហុភាគី។
គួរឲ្យសម្គាល់នោះ ក្នុងជំនួបចុងក្រោយនៅខែមិថុនាកន្លងទៅ អាស៊ាន និងដៃគូសន្ទនារបស់ខ្លួន បានឯកភាពគ្នាលើ៧ជំពូក នៃជំពូកសរុបទាំង២០ របស់ RCEP ដែលនេះមានន័យថា មុនពេលជំនួបកំពូលរបស់អាស៊ាននាខែវិច្ឆិកាខាងមុខនេះ រដ្ឋភាគី ត្រូវពន្លឿនការចរចាលើចំណុចដែលសេសសល់ឲ្យបានឆាប់។
ក្នុងនាមជាម្ចាស់ផ្ទះ និងជាស្ថាបនិករបស់អាស៊ានផងនោះ ប្រមុខដឹកនាំថៃរូបនេះ បានអះអាងថា អាស៊ាន បានកកើតឡើងជាមួយនឹងក្តីស្រម៉ៃ និងចក្ខុវិស័យ ចង់ឃើញតំបន់មានភាពរុងរឿងតាមរយៈស្ថិរភាពនយោបាយ កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គម។
គួរជម្រាបថា អាស៊ាន ដែលមានរាជាណាចក្រថៃ ជាប្រធានវិលជុំ បានរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ( AEM) ដែលត្រូវចាប់ផ្តើមពីថ្ងៃ៨-១២ កញ្ញា។ ជំនួបនេះ ផ្តោតលើមាគ៌ាដែលអាស៊ានត្រូវដើរក្នុងដំណើរសមាហរណកម្មសេដ្ឋកិច្ច និងជាពិសេសនោះលើដំណើរការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី RCEP។
RCEP គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយដែលផ្តួចផ្តើមដោយរដ្ឋាភិបាលចិនក្នុងឆ្នាំ២០១២។ កិច្ចព្រមព្រៀងដែលមានទំហំពាណិជ្ជកម្មស្មើនឹង៣០ភាគរយ នៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក បង្កើតឡើងដើម្បីប្រែក្លាយតំបន់រដ្ឋអាស៊ាន និងដៃគូសន្ទនារបស់ខ្លួនក្លាយជាតំបន់ពាណិជ្ជកម្មសេរី ខណៈពិភពលោក លើកកម្ពស់សាកលភាវូបនីយកម្ម។
ភាគីនៃកិច្ចព្រមព្រៀងនេះ រាប់បញ្ចូលសមាជិកអាស៊ានទាំងដប់ និង ដៃគូសន្ទនាផ្សេងទៀតរួមមានចិន ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា អូស្ត្រាលី និង ណូវែលសេឡង់។ តាមពិតទៅ RCEP គ្រោងនឹងបញ្ចប់ការព្រមព្រៀងគ្នាតាំងពីឆ្នាំ ២០១៥ ប៉ុន្តែត្រូវបន្តពន្យារពេលជាបន្តបន្ទាប់រហូតមកទល់ពេលនេះ។ អាស៊ាន និងដៃគូ បានប្តេជ្ញាសម្រេចការចរចាឲ្យបានត្រឹមបំណាច់ចុងឆ្នាំនេះ ខណៈអាស៊ានដែលមានថៃជាប្រធាន នឹងមានជំនួបកំពូលមួយទៀត នៅខែវិច្ឆិកាខាងមុខ៕
© រក្សាសិទ្ធិដោយ thmeythmey.com