ជាតិ
ស្រូវជាង៨០០០ហិកតានៅស្រុកពួក ខេត្តសៀមរាប គ្មានទឹកស្រោចស្រព រូបភាពពី AKP
× គ្រោះរាំងស្ងួតដោយសារតែរដូវប្រាំងអូសបន្លាយពេលយូរ បានប៉ះពាល់ដល់ដំណាំស្រូវរដូវវស្សាជាង៨ពាន់ហិកតា នៅក្នុងភូមិសាស្ត្រស្រុកពួក ខេត្តសៀមរាប។ ទោះបីមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ក្នុងអំឡុងសប្ដាហ៍នេះ តែគ្មានទឹកដក់សម្រាប់ដំណាំស្រូវលូតលាស់នោះឡើយ ដោយស្រូវតំបន់ខ្លះមានសភាពលូតលាស់ល្អឡើងវិញ តែខ្លះបានហួសរយៈពេលនៃការលូតលាស់ទៅហើយ។
លោក ស៊ិន ចាន់ថុល អភិបាលស្តីទី ស្រុកពួក ខេត្តសៀមរាប បានបញ្ជាក់ថា ស្រូវជាង៨ពាន់ហិកតាជួបបញ្ហាដោយសារគ្រោះរាំងស្ងួត ហើយក្នុងនោះក៏មានស្រូវស្រាលជាង២ពាន់ហិកតាផងដែរ។ លោក បន្តថា៖ «ស្រូវខ្លះមានសភាពល្អឡើងវិញខ្លះខូច តែបើទោះបីមានភ្លៀងធ្លាក់ក៏មិនទាន់មានទឹកដក់ឲ្យស្រូវដែលជួបគ្រោះរាងស្ងួតទាំងនេះ សម្រាប់លូតលាស់នោះទេ»។
ទន្ទឹមនេះដែរ អភិបាលខេត្តសៀមរាប លោក ទៀ សីហា បានណែនាំឲ្យអាជ្ញាធរស្រុក ឃុំ និងមន្ទីរជំនាញពាក់ព័ន្ធ ជួយយកចិត្តទុកដាក់លើបញ្ហានេះ ដើម្បីធ្វើការស្តារឡើងវិញ ក្នុងការងារបង្កបង្កើនផលរបស់ប្រជាកសិករ។
អភិបាលខេត្តបានពិនិត្យឃើញថា ស្រូវមួយចំនួនបានហួសពេលនៃការលូតលាស់ ដែលធ្វើឲ្យខាតបង់ពេលវេលាហើយមិនបានទទួលភោគផលទៀត។ ជាមួយគ្នាដែរ លោក បានស្នើទៅមន្ទីរធនធានទឹកខេត្ត ឲ្យយកចិត្តទុកដាក់ និងពិនិត្យ គ្រប់គ្រងប្រព័ន្ធស្រោចស្រព និងមានវិធានការក្នុងការទប់ស្កាត់ ថែរក្សាតំកល់ទឹកទុក ដើម្បីសម្រាប់ធ្វើការផ្គត់ ផ្គង់ទឹកដល់ប្រជាកសិករ។
ខណៈដែល តំបន់ មួយចំនួន នៅ ប៉ែក ខាងជើង ប៉ែក ត្បូង ភាគ ឦសាន ខេត្ត ជាប់ សមុទ្រ និង តំបន់ ជាប់ ដង ទន្លេមេគង្គ កំពុង រង ការ ជន លិច ដោយ ទឹកជំនន់ ទឹកភ្លៀង និង ទឹកទន្លេ ក៏មាន បណ្ដាល មាន តំបន់ មួយចំនួន ក្នុង ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ និង សៀម រាម កំពុង រង ការជួប គ្រោះរាំងស្ងួត ផងដែរ ។ នេះ បើតាម ការបញ្ជាក់ របស់ លោក កែវ វី អ្នកនាំពាក្យ គណៈកម្មាធិការ ជាតិ គ្រប់គ្រង គ្រោះមហន្តរាយ ៕
© រក្សាសិទ្ធិដោយ thmeythmey.com