អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ចិន​ថា តៃវ៉ាន់​ព្រមាន​កោះ​សូ​លូ​ម៉ុ​ន​ពី​រឿង «​អន្ទាក់​បំណុល​ចិន​» ជា​រឿង​គ្មាន​បានការ​
08, Sep 2019 , 4:27 pm        
រូបភាព
ដោយ:
មហាអំណាច​ចិន ហាក់​មិនសូវ​ជា​ខ្វាយខ្វល់​ទៅនឹង​សារ​ព្រមាន និង​សេចក្តីថ្លែងការណ៍​ពាក់ព័ន្ធ​របស់​កោះ​តៃវ៉ាន់​លើ​គោលនយោបាយ​ការទូត​ប៉ុន្មាន​នោះទេ​។ អ្វីដែល​ចិន ផ្តោត​សំខាន់បំផុត​នោះ គឺ​ការអភិវឌ្ឍ​ទំនាក់ទំនង​ការទូត​ឲ្យ​កាន់តែច្រើន ស្របតាម​គោលនយោបាយ ចិន​តែមួយ ដែល​ក្រុង​ប៉េកាំង អះអាងថា មានការ​ទទួលស្គាល់​ដោយ​សកល​។​



អត្ថបទទាក់ទង


​ក្រសួងការបរទេស​តៃវ៉ាន់ តាមរយៈ​អ្នកនាំពាក្យ​របស់ខ្លួន នៅ​ថ្ងៃ​៦ កញ្ញា បាន​ព្រមាន រដ្ឋ​កោះ​សូ​លូ​ម៉ុ​ន ថា​អាច​នឹង​ធ្លាក់​ចូលក្នុង​អន្ទាក់​បំណុល​របស់​ចិន នៅពេលដែល​រដ្ឋ​កោះ​ប៉ាស៊ីហ្វិក​មួយ​នេះ ផ្តាច់ទំនាក់ទំនង​ការទូត​ពី​តៃវ៉ាន់​។ ការព្រមាន​របស់​តៃវ៉ាន់ ធ្វើឡើង​បន្ទាប់ពី សូ​លូ​ម៉ុ​ន ដាក់​ផែនការ​ងាក​មក​ផ្សារភ្ជាប់​ជាមួយនឹង​ចិន ដើម្បី​ទទួលបាន​ផលប្រយោជន៍​សម្រាប់​ការអភិវឌ្ឍ​ប្រទេស​របស់ខ្លួន​។​

​តាម​ការចុះផ្សាយ​របស់​ភ្នាក់ងារ​ព័ត៌មាន Reuters អ្នកនាំពាក្យ​ក្រសួងការបរទេស​តៃវ៉ាន់ លោកស្រី  Joanne Ou ក្រៅពី​ព្រមាន​ពី​ការ​ផុងខ្លួន​ជាមួយនឹង​អន្ទាក់​បំណុល លោកស្រី ក៏បាន​លើកឡើង​ពី​អំណះអំណាង និង​ផល​លំបាក​ដែល​រដ្ឋ​មួយចំនួន​ប្រឈម​នៅពេល​ទទួលបាន​ជំនួយ​អភិវឌ្ឍ​ពី​ចិន ជាពិសេស​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​។​

លោកស្រី អះអាងថា ហេដ្ឋារចនាសម្ព័ន្ធ ដែល​ចិន សន្យា​កសាង​ឲ្យ​បណ្តា​ប្រទេស​មួយចំនួន​កន្លងមក បាន​បណ្តាល​ឲ្យ​មានការ​បំផ្លិចបំផ្លាញ​ប្រព័ន្ធ​អេកូ​ក្នុងស្រុក និង​ថែមទាំង​បាន​បំពាន​អធិបតេយ្យ​របស់​រដ្ឋ​ទទួល​ជំនួយ​ទៀតផង​។

ជុំវិញ​សេចក្តីថ្លែងការណ៍​របស់​តៃវ៉ាន់ មិនបាន​ធ្វើ​ឲ្យ​ចិន ផ្លាស់ប្តូរ​អ្វី​ឡើយ​។ នៅ​ថ្ងៃ​៦ កញ្ញា​ដដែល​នោះ អ្នកនាំពាក្យ​ក្រសួងការបរទេស​រប​ស់​ចិន លោក Geng Shuang បាន​តប​វិញ​ថា ការលើកឡើង​របស់​តៃវ៉ាន់ គ្មាន​បានការ​អ្វី​ឡើយ​។ អ្នកនាំពាក្យ បាន​សង្កត់ធ្ងន់ថា រដ្ឋាភិបាល​ចិន បាន​ត្រៀមខ្លួន​រួចជាស្រេច​ក្នុងការ​អភិវឌ្ឍ​ទំនាក់ទំនង​ជាមួយនឹង​ប្រទេស​ជុំវិញ​ពិភពលោក ដោយ​លើ​មូលដ្ឋាន​នៃ​គោលការណ៍​ចិន​តែមួយ​។

គួរ​ជម្រាប​ថា បច្ចុប្បន្ន តៃវ៉ាន់ នៅសល់តែ​១៧​ប្រទេស​ទៀត​ប៉ុណ្ណោះ ដែល​នៅមាន​សម្ព័ន្ធភាព​ការទូត និង​ទទួលស្គាល់ថា តៃវ៉ាន់ ជា​រដ្ឋ​ស្របច្បាប់​របស់​ពិភពលោក​។ ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ តៃវ៉ាន់ បាន​បាត់បង់​សម្ព័ន្ធមិត្ត​ជា​បន្តបន្ទាប់ រួមមាន​ដូចជា ប៉ា​ណា​ម៉ា​, អែល​សាល់​វាល់​ឌ័​រ និង​សាធារណរដ្ឋ​ដូ​មី​និក ។ ចុងក្រោយ ហៃ​ទី ក៏​ត្រូវបាន​ជឿជាក់ថា នឹង​ផ្តាច់ទំនាក់ទំនង​ជាមួយនឹង​តៃវ៉ាន់ ដូច​រដ្ឋ​កោះ​សូ​លូ​ម៉ុ​ន​ផងដែរ ពោលគឺ​បើ​រដ្ឋ​ទាំងពីរ ពិតជា​នឹង​ចាក​ចេញពី​ចំណង​ជាមួយនឹង​តៃវ៉ាន់​មែន តៃវ៉ាន់ នឹង​នៅសល់តែ​រដ្ឋ​១៥​ទៀត​ប៉ុណ្ណោះ​។​

អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ ការបាត់បង់​សម្ព័ន្ធមិត្ត​ជា​បន្តបន្ទាប់​នេះ ត្រូវបាន​តៃវ៉ាន់​ចោទថា ដោយសារតែ​នយោបាយ​ការទូត​ទឹក​លុយ​របស់​ចិន​។ ពោលគឺ ដោយសារតែ​ចិន ព្យាយាម​ចែចូវ​ជាមួយនឹង​រដ្ឋ​ដៃគូ​របស់​តៃវ៉ាន់ ដោយ​ត្រូវអនុវត្ត​គោលនយោបាយ​ចិន​តែមួយ (​តៃវ៉ាន់ គ្រាន់តែ​ជា​ផ្នែក​មួយ​របស់​ចិន​ប៉ុណ្ណោះ​) ជាមួយនឹង​ថ្នូរ​ជំនួយ និង​កម្ចី​អភិវឌ្ឍ​របស់​រដ្ឋាភិបាល​ចិន​៕



© រក្សាសិទ្ធិដោយ thmeythmey.com