អន្តរជាតិ
នយោបាយអន្តរជាតិ
អតីតរដ្ឋមន្ត្រីពាណិជ្ជកម្មរបស់លោកស្រី យីងឡាក់ ជាប់ពន្ធនាគារ៤៨ឆ្នាំពីបទពុករលួយក្នុងកម្មវិធីស្រូវ-អង្ករ រូបភាព៖ Khaosod
× តុលាការថៃ បានសម្រេចកាត់ទោសអតីតរដ្ឋមន្ត្រីពាណិជ្ជកម្មថៃ លោក Boonsong ឲ្យជាប់ពន្ធនាគាររយៈប្រាំមួយឆ្នាំពាក់ព័ន្ធនឹងការអនុវត្តគោលនយោបាយស្រូវអង្ករពេលកាន់តំណែង។ ទោសនេះ ធ្វើឲ្យអតីតរដ្ឋមន្ត្រី នៃរដ្ឋាភិបាលលោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ ត្រូវជាប់ពន្ធនាគារសរុប ៤៨ ឆ្នាំ ខណៈលោកអតីតរដ្ឋមន្ត្រី កំពុងតែអនុវត្តទោស៤២ ឆ្នាំហើយនោះ។
អង្គជំនុំជម្រះសំណុំរឿងព្រហ្មទណ្ឌរបស់អ្នកនយោបាយ នៃតុលាការកំពូលថៃ នៅថ្ងៃ៦ កញ្ញា បានចោទប្រកាន់ និងកាត់ទោសអតីតរដ្ឋមន្ត្រីពាណិជ្ជកម្មថៃ លោក Boonsong Teriyapirom ឲ្យជាប់ពន្ធនាគារ ៦ ឆ្នាំបន្ថែមទៀត លើបទល្មើសអនុវត្តកិច្ចសន្យាលក់ស្រូវអង្កររវាងរដ្ឋាភិបាល និងរដ្ឋាភិបាលក្លែងក្លាយ ក្នុងពេលដែល លោក កាន់មុខតំណែង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post។
តាមប្រភពព័ត៌មានដដែលនោះ តុលាការកំពូលថៃ បានកាត់ទោស លោក Boonsong និងមន្ត្រីជាន់ខ្ពស់ពាក់ព័ន្ធជាង២០រូបផ្សេងទៀត នៃរដ្ឋបាលដឹកនាំរបស់អតីតនាយករដ្ឋមន្ត្រី លោកស្រី យីងឡាក់ ស៊ីនណាវ៉ាត់ ឲ្យជាប់ពន្ធនាគារ ៤២ឆ្នាំ ម្តងរួចទៅហើយនៅឆ្នាំ២០១៧។ ក៏ប៉ុន្តែដោយសារតែលោក Boonsong មិនសុខចិត្ត និងប្តឹងជំទាស់ តុលាការ បានបើកជំនុំជម្រះជាថ្មី ហើយបន្ថែមទោសលើរូបលោក ៦ឆ្នាំទៀត។
គួរជម្រាបផងដែរថា ក្រោយរដ្ឋប្រហារទម្លាក់អតីតនាយករដ្ឋមន្ត្រីថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ របបយោធារបស់លោកឧត្តមសេនីយ៍ ប្រាយុទ្ធ ចន្ទ អូចា បានផ្តើមប្តឹងគណៈរដ្ឋមន្ត្រីរបស់លោកស្រី យីងឡាក់ ជាបន្តបន្ទាប់ ពីបទប្រព្រឹត្តអំពើពុករលួយ ជាពិសេសនោះលើការអនុវត្តគោលនយោបាយស្រូវ-អង្ករ ដែលរបបសឹក អះអាងថា បានធ្វើឲ្យរដ្ឋ បាត់បង់ចំណូលជាច្រើនលានដុល្លារ។
លោកស្រីអតីតនាយករដ្ឋមន្ត្រី យីងឡាក់ ត្រូវបានតុលាការកំពូលថៃកាត់ទោសកំបាំងមុខ ឲ្យជាប់ពន្ធនាគាររយៈពេលប្រាំឆ្នាំ ក្រោមបទចោទ លោកស្រី បណ្តែតបណ្តោយឲ្យមានអំពើពុករលួយកើតឡើង ក្នុងរដ្ឋបាលដឹកនាំរបស់លោកស្រី ជាពិសេសនោះក្នុងកម្មវិធីស្រូវ-អង្ករតែម្តង។ យ៉ាងណា លោកស្រី មិនបាននៅអនុវត្តទោសនេះឡើយ ដោយសារតែ លោកស្រី បានរត់គេចខ្លួនមុនពេលនៃការកាត់ទោសនេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com