ONE Championship
កីឡាជាតិ
ជាតិ
ឡុង សុ​ភី ត្រៀម​ប៉ះ រឿង សោ​ភ័​ណ្ឌ ដណ្ដើម​ប្រាក់រង្វាន់​៤០០០​ដុល្លារ
09, Sep 2019 , 7:59 am        
រូបភាព
ឡុង សុភី នាពេល​បង្ហាញខ្លួននៅសង្វៀន ONE FC ជាមួយ​កីឡាករឥណ្ឌូណេស៊ី Max Metino
ឡុង សុភី នាពេល​បង្ហាញខ្លួននៅសង្វៀន ONE FC ជាមួយ​កីឡាករឥណ្ឌូណេស៊ី Max Metino
​អត្ថបទ​៖ ស៊ី​ធី 

​ជើង​ខ្លាំង ឡុង សុ​ភី  ត្រៀមខ្លួន​យ៉ាង​ល្អ​នា​រយៈពេល​ជាង​២​សប្ដាហ៍​មកនេះ​សម្រាប់​ជំនួប​តទល់​ជាមួយ រឿង សោ​ភ័​ណ្ឌ នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ដណ្តើម​ខ្សែក្រវាត់​ទម្ងន់​៦៩​គីឡូក្រាម​ដោយមាន​ប្រាក់រង្វាន់ ៤០០០​ដុល្លារ​អាមេរិក​។ ការប្រកួត​នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី​១៤ ខែ កញ្ញា ឆ្នាំ ២០១៩ ដែល​ផ្សាយ​ផ្ទាល់​តាម​ទូរទស្សន៍ CNC​។



​សុ​ភី បញ្ជាក់ថា​៖« សម្រាប់​ខ្ញុំ​សង្ឃឹម​ត្រឹម​៥០​ភាគរយ ប៉ុន្តែ​រឿង​ជាក់ស្ដែង គឺ​ឡើងលើ​សង្វៀន​ទើប​ដឹង​។ យើង​អាច​មើល​ស្ថានការណ៍ និង​ចិត្តសាស្ត្រ​គូប្រកួត រឿង សោ​ភ័​ណ្ឌ សិន និង​ត្រូវ​បត់បែន​តាម​ស្ថានការណ៍​»​។

​យ៉ាងណាក្ដី ឡុង សុ​ភី បាន​បង្ហើប​រឿង​សោកស្ដាយ​មួយ​កាល​ទៅ​ប្រកួត​សង្វៀន ONE: CHAMPIONS AND WORRORS  នា​ឆ្នាំ ២០១៣ យ៉ាង​ដូច្នេះ​៖«​តាមពិត​ខ្ញុំ​គួរតែ​ប្រកួត​ក្នុង​កម្មវិធី Kickboxing ដែល​ស្រដៀង​គុន​ខ្មែរ​ដែរ ប៉ុន្តែ គេ​បិទ​កែង​។ កាលនោះ​ហ្វឹកហាត់​ត្រៀម​ប្រកួត MMA​បាន​តិច​ណាស់  ខ្ញុំ​ស្ដាយ​ក៏​ស្ដាយ សើច​ក៏​សើច​ពេល​មើល​វីដេអូ​ឡើងវិញ​»​។​

​កូនសិស្ស​របស់លោក ឡុង សាល​វ័​ន្ត បាន​រៀបរាប់​ទៀតថា គ្រានោះ​រូបគេ​ហ្វឹកហាត់​ក្បាច់​ឃ្លេ ក្បាច់​កាច់ និង ចំបាប់​បាន​ត្រឹម ២ សប្ដាហ៍​ប៉ុណ្ណោះ​មុន​ចេញទៅ​ប្រកួត​តំណាង​ឲ្យ​កម្ពុជា​កាលពី ៦ ឆ្នាំមុន​នៅ​ក្រុង​ក្រុង ហ្សា​កាតា ប្រទេស​ឥណ្ឌូណេស៊ី​។ បើ​ក្រឡេកមើល​វីដេអូ​ឡើងវិញ នៅ​ទឹក​ទី​១ ឡុង សុ​ភី​ត្រូវបាន​កីឡាករ​គុន​ចម្រុះ​ឥណ្ឌូណេស៊ី Max Metino រត់​ចូល​បោក​តែម្ដង​ដោយសារ​គេ​មាន​ក្បាច់​បាត​គុន​ចម្រុះ​ស្រាប់ ខណៈដែល សុ​ភី ជំនាញ​គុន​ខ្មែរ​។ Max Metino បាន​ចូល​កៀក ដើម្បី បោក និង ចាប់​ឃ្លេ ចំនួន ២ ដង ប៉ុន្តែ សុ​ភី រើរួច​ឃ្លេ​មួយគ្រា​។

​យ៉ាងណាក្ដី​ដោយសារ​ការហ្វឹកហាត់​បា​ន​តិចតួច​ខាង​គុន MMA សុ​ភី មិនអាច​គេចផុត​ពី​ឃ្លេ​ម្ដង​ទៀតឡើយ​រហូតដល់​ចប់​ទឹក​ទី​១​។  សុ​ភី បាន​ព្យាយាម​គ្រប់​មធ្យោបាយ​ដើម្បី​កុំ​ឲ្យ Max ចូល​កៀក ប៉ុន្តែ​ការរារាំង​ត្រូវ​បរាជ័យ ហើយ កីឡាករ​ឥណ្ឌូណេស៊ី ចូល​បោក​បាន​ដោយ​ប្រើ​កំភួនដៃ​អុក សុ​ភី ពីលើ​ហូរហែ រហូត ហើយ ដៃ និង ជើង​ម្ខាង​របស់គេ​គាប​ឃ្លេ​ទាល់តែ អាជ្ញាកណ្ដាល​បញ្ឈប់​ត្រឹម​ចុង​ទឹក​ទី​២​។​

​ទោះជា​បែបណា​ក្ដី ប្អូនប្រុស​បង្កើត​របស់​គ្រូបង្វឹក ឡុង សាល​វ័​ន្ត រូបនេះ​បង្ហាញ​ក្ដី​សង្ឃឹមថា ៖« បើ​គេ​ផ្ដល់ឱកាស​ដល់​ខ្ញុំ​ម្ដងទៀត ខ្ញុំ​ខំ​ហ្វឹកហាត់​ឲ្យ​ខ្លាំង រួមទាំង​ការត្រៀម​ឡើង​រេញ​រហូត​មកនេះ​អាច​ល្អប្រសើរ​ក្នុង​កម្មវិធី​ប្រកួត Kickboxing វិញ ដែល​វា​ខុសគ្នា​បន្តិច​អំពី​ប្រដាល់សេរី ឬ គុន​ខ្មែរ​ប៉ុណ្ណោះ​។ ការប្រកួត​គុន​ខ្មែរ​ជា​ជំនាញ​របស់​យើង​។ បើ​ឲ្យ​ប្រកួត​គុន​ចម្រុះ គឺ ដឹង​តែ​ចាញ់​ប្រៀប​គេ​ហើយ​។ ប៉ុន្តែ​ដោយសារ​ពីមុន​គេ​អត់​ទាន់​ដាក់​កម្មវិធី Kickboxing»​។
​គួរ​ដឹង​ដែរ​ថា ឡុង សុ​ភី មាន​អាយុ ៣១ ឆ្នាំ​ហើយ​នាពេល​បច្ចុប្បន្ន ប៉ុន្តែ​នៅតែ​ហ្វឹកហាត់​ទៀងទាត់ និង​ឡើង​សង្វៀន​ប្រកួត​នានា​មិន​ដាច់​សូរ​។ សុ​ភី មាន​ស្រុកកំណើត​នៅ​ភូមិ ស្វាយ​កង់ ឃុំ​អន្លង់​វិល ស្រុក​សង្កែ ខេត្តបាត់ដំបង​។  ឡុង សុ​ភី ឡើង​ប្រកួត​មិន​ក្រោម​៦០០ ដង ឡើយ បើ​គិតការ​ប្រកួត​តាម​តំបន់ តាម​សង្វៀន​ទូរទស្សន៍ និង កម្មវិធី​អន្តរជាតិ​នានា​៕


© រក្សាសិទ្ធិដោយ thmeythmey.com