FIFA
កីឡាជាតិ
ជាតិ
លោក Keisuke Honda មានកំណត់ត្រាផ្ទាល់ខ្លួនពិសេសជាមួយជម្រើសជាតិបារ៉ែន Keisuke ពេលស៊ុតចូលទីលើបារ៉ែន កាលពីឆ្នាំ២០១០ និងរូបពេលដឹកនាំក្រុមជម្រើសជាតិកម្ពុជានាជំនួបជាមួយហុងកុង។ រូបថត AFP
× មុនជំនួបក្នុងពូល C នៃវគ្គជម្រុះ World Cup ជុំទីពីរ នាថ្ងៃអង្គារទី១០ ខែកញ្ញានេះ ក្រុមកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា មិនដែលមានប្រវត្តិជួបជាមួយបារ៉ែនឡើយនាពេលកន្លងមក ប៉ុន្តែសម្រាប់លោក Keisuke Honda ដែលជាអ្នកចាត់ការទូទៅរបស់កម្ពុជាវិញ លោកមានកំណត់ត្រាប្រវត្តិសាស្ត្រក្នុងជំនួបតទល់ជាមួយក្រុមពីតំបន់ឈូងសមុទ្រពែក្សមួយនេះ កាលពីពេលលោកនៅជាកីឡាករជម្រើសជាតិជប៉ុន។
ក្នុងអាយុ២២ឆ្នាំ Keisuke Honda ត្រូវបានលោក Takeshi Okada កោះហៅឲ្យចូលលេងក្រុមជម្រើសជាតិជប៉ុន ដោយ បារ៉ែននេះហើយ ជាក្រុមដំបូងបំផុតដែលខ្សែបម្រើ Honda ប្រកួតតទល់។ នាវគ្គជម្រុះ World Cup ជុំទីបីនៅកីឡដ្ឋាន Saitama កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០០៨ Honda បានចូលលេងនៅ១០នាទីចុងក្រោយជំនួស Seiichiro Maki មុនពេលដែលខ្សែការពារ Atsuto Uchida រកបានគ្រាប់បាល់ជ័យជម្នះ ១-០ សម្រាប់ជប៉ុននៅជិតបញ្ចប់ការប្រកួត។
នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០០៩ Keisuke Honda មានឱកាសបង្ហាញខ្លួនក្នុងជម្រើសដំបូង នាជំនួបជាមួយបារ៉ែនម្តងទៀត។ នាការប្រកួតជម្រុះជើងទីមួយ AFC Asian Cup នៅកីឡដ្ឋានជាតិបារ៉ែន ក្នុងក្រុង East Riffa ខ្សែបម្រើ Honda លេងបាន៦៣នាទី មុននឹងត្រូវបានជំនួសដោយ Shinji Kagawa។ ប៉ុន្តែគ្រាប់បាល់បញ្ចូលទីរបស់ Salman Ali Isa តាំងពីពាក់កណ្តាលតង់ទីមួយ បាននាំឲ្យបារ៉ែន ទទួលបានជ័យជម្នះ ១-០។
នៅជើងទីពីរ ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០១០ ជប៉ុនបានយកឈ្នះប៉ារែនវិញក្នុងលទ្ធផល ២-០។ Shinji Okazaki បានស៊ុតបាល់បញ្ចូលទីនៅតង់ទីមួយ ហើយ Honda បានតែតបន្ថែមគ្រាប់ទីពីរនៅនាទី៩០+២ ក្រោយការបញ្ជូនរបស់ Atsuto Uchida ដោយផ្តល់ភាពរីករាយសម្រាប់អ្នកទស្សនាជាង៣៨០០០នាក់នៅកីឡដ្ឋាន Saitama។
ថ្វីត្បិតតែ Honda រកបានគ្រាប់បាល់បញ្ចូលទីលើកដំបូងសម្រាប់ក្រុមជម្រើសជាតិជប៉ុន នាជ័យជម្នះ ៤-០ លើស៊ីលី បន្ទាប់មក១គ្រាប់ទៀតនាជ័យជម្នះ ២-០ លើស្កុតឡែន និងគ្រាប់ទីបីនាជ័យជម្នះ ៥-០ លើតូហ្គោ ប៉ុន្តែការប្រកួតទាំងបីនៅឆ្នាំ២០០៩នោះ សុទ្ធតែជាមួយជំនួបមិត្តភាពអន្តរជាតិទាំងអស់។ នេះមានន័យថា គ្រាប់បាល់បញ្ចូលទីលើបារ៉ែន ជាគ្រាប់ទី៤របស់ Honda សម្រាប់ក្រុមជម្រើសជាតិ ប៉ុន្តែជាគ្រាប់បាល់ដំបូងដែលរកបានក្នុងជំនួបប្រកួតប្រជែងដណ្តើមពាន AFC Asian Cup។
បន្ទាប់មក Keisuke បានបង្ហាញវត្តមានជាបន្តបន្ទាប់ក្នុងជម្រើស១១នាក់ដំបូងនៃក្រុមជម្រើសជាតិជប៉ុនសម្រាប់ព្រឹត្តិការណ៍ AFC Asian Cup ឆ្នាំ២០១១ រហូតបានក្លាយជាជើងឯក AFC Asian ជាលើកទី៤ ដោយសារគ្រាប់បាល់បញ្ចូលទីរបស់ Tadanari Lee នៅនាទី១០៩ លើអូស្ត្រាលីនៅវគ្គផ្តាច់ព្រ័ត្រ។ ជាមួយគ្នានោះ Honda បានជាប់ជាកីឡាករឆ្នើមប្រចាំព្រឹត្តិការណ៍ និងខ្សែបម្រើល្អក្នុងចំណោមកីឡាករ១១នាក់នៃ Team of the Tournament ផងដែរ៕
Tag:
ជម្រើសជាតិ
Asian Cup
World Cup
© រក្សាសិទ្ធិដោយ thmeythmey.com