អន្តរជាតិ
ថៃ​ព្រួយបារម្ភ​ពី​ការប្រកួតប្រជែង​ទីផ្សារ​ទុ​រេ​ន​នៅ​ចិន​
09, Sep 2019 , 9:37 am        
រូបភាព
​ដោយ​៖ ងួន សុ​ភាវ​ត្តី

​កសិករ​ថៃ​ត្រូវតែ​ព្យាយាម​ពង្រឹងគុណភាពទុ​រេ​ន​ខ្លួន​ដើម្បី​ប្រកួតប្រជែង​ក្នុង​ទីផ្សារ​ចិន បន្ទាប់ពី​ខេត្ត​ហៃ​ណាន ប្រទេស​ចិន​ទទួលបាន​ជោគជ័យ​ក្នុង​ការដាំ​ទុ​រេ​ន​ដែល​ខ្លួន​បាន​យក​ពូជ​ពី​ម៉ាឡេស៊ី​។​នេះ​ជាការ​ក្រើនរំលឹក​របស់​ស្ថាប័ន​ពាណិជ្ជកម្ម​ថៃ​។​



​លោកស្រី Wanlada Rattanapanich ប្រធាន​នាយកដ្ឋាន​ពាណិជ្ជកម្ម​អន្តរជាតិ​(DITP) ប្រចាំ​នៅ​ណាន​ជី​ង​បាន​និយាយថា លោកស្រី​បាន​តាមដាន​មើល​ការសាកល្បង​ដាំ​ទុ​រេ​ន​របស់​ចិន​ក្នុង​រយៈពេល​ថ្មី​នេះដែរ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន Straits Times​។

​លោកស្រី​បាន​មានប្រសាសន៍ថា​៖ «​ក្រុមហ៊ុន​ឯកជន​មួយ​នៅ​ខេត្ត​ហៃ​ណាន​បាន​ទិញ​គ្រាប់ពូជ​ធុ​រេ​ន​Sanno ពី​ប្រទេស​ម៉ាឡេស៊ី និង ទទួលជោគជ័យ​ក្នុង​ការដាំ​ធុ​រេ​ន​នៅ​ទីក្រុង Sanya ភាគខាងត្បូង​នៃ​ខេត្ត​ហៃ​ណាន​»​។​

​លោក​Feng Xuejie ប្រធាន​វិទ្យាស្ថាន​ផ្លែឈើ​ត្រូពិច​ហៃ​ណាន បាន​លើកឡើងថា ការដាំ​ធុ​រេ​ន​នៅ​ចិន​គឺ មិន​ងាយស្រួល​ទេ​សំរាប់​កសិករ​ចិន ដោយសារ​ដើម​ទុ​រេ​ន​ត្រូវការ​ទីធ្លា​ធំ​ទូលាយ​ក្នុង​ការដាំ និង​ត្រូវ​ចំណាយពេល​ពី ៤​ទៅ​៨​ឆ្នាំ​ដើម្បី​ទទួលបាន​ផល​។​

​លោក Xuejie មានប្រសាសន៍ថា​៖ «​ពួកយើង​បាន​ព្យាយាម​ដាំ​ទុរេ​ន​នេះ​ជាច្រើន​ឆ្នាំ​មកហើយ ប៉ុន្តែ​តែងតែ​ទទួលបាន​ផល​មិនល្អ ពោលគឺ​ផ្លែ​តូច​និង​សាច់​គ្មាន​រសជាតិ​»​។ លោក​បាន​បន្ថែមថា ទោះបីជា​ការសាកល្បង​ថ្មីៗ​នេះ​ទទួលបាន​ជោគជ័យ​ក៏ដោយ ក៏​វា​នៅមាន​ឱកាស​បរាជ័យ​វិញ​ដែល​បើ​ទីកន្លែង​ដាំ​នោះ​មាន​អាកាសធាតុ​ប្រែប្រួល មិន​ដូច​ពេល​យើង​ដាំ​នៅក្នុង​បន្ទប់ពិសោធន៍​។​

​ស្របពេល​ជាមួយគ្នា​នោះដែរ លោកស្រី Wanlada បាន​និយាយថា ទោះជា​ហៃ​ណាន​មិនទាន់​អាច​ដាំ​ធុ​រេ​ន​បាន​ក្តី តែ​ក្រោម​ការស្រាវជ្រាវ​និង​អភិវឌ្ឍន៍​បន្ថែមទៀត​ទុ​រេ​ន​ចិន​អាចជា​ដៃគូរ​ប្រកួតប្រជែង​របស់​ថៃ​នៅពេល​ខាងមុខនេះ​។

​គួររំលឹកថា បច្ចុប្បន្ននេះ ទុ​រេ​ន​ដែល​ប​ដាក់លក់​នៅ​ចិន​មាន ៨០%​ជា​ទុ​រេ​ន​ថៃ​។ លោកស្រី Wanlada បាន​បន្ថែមថា ដើម្បី​រក្សា​ទីផ្សារ​នៅ​ចិន​បាន កសិករ​ថៃ​ត្រូវតែ​បង្កើន​គុណភាព​ទុ​រេ​ន​ខ្លួន ជាពិសេស​លើ​ទំហំ​នឹង​រសជាតិ​របស់​ទុ​រេ​ន​៕


Tag:
 ទុរេ​ន​
  ចិន​
  ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com