ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ងាយ​ណាស់​! សើច​ច្រើនៗ នឹង​ចម្រើន​ផល​ល្អ​ទាំងនេះ​ចំពោះ​សុខភាព​រាងកាយ​មិន​ខាន​
09, Sep 2019 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
ភាគច្រើន​នៃ​ពួកយើង​ប្រហែលជា​ធ្លាប់​បានឮ​ទាក់ទង​នឹង​ឃ្លា​មួយ​ដែលថា “​សំណើច គឺជា​ថ្នាំ​ដ៏​ល្អ​បំផុត​មួយ​។​” ប៉ុន្តែ​ថា​តើ​ការ​សើច​អាច​ប៉ះពាល់​យ៉ាងណា​ខ្លះទៅ​ចំពោះ​សុខភាព​របស់​ពួកយើង​? វា​ហាក់បីដូចជា​សំណើច​ជួយ​ធ្វើ​ឲ្យ​របៀប​នៃ​ការរស់នៅ​កាន់​តែមាន​ភាពប្រសើរឡើង​ពោរពេញ​ដោយ​ភាព​រីករាយ​។



​ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​ឲ្យ​ដឹង​ពី​អត្ថប្រយោជន៍​អស្ចារ្យ​នៃ​ការ​សើច​ចំពោះ​សុខភាព ៖

១. កាត់បន្ថយ​ស្ត្រេ​ស ឬ​ភាព​តានតឹង​ក្នុង​អារម្មណ៍​

​បំបាត់​អាកា​រៈ​នៃ​ភាព​តានតឹង​ក្នុង​អារម្មណ៍​ជាមួយនឹង​សំណើច គឺជា​វិធី​ដ៏​ងាយ ប៉ុន្តែ​មាន​ប្រសិទ្ធភាព​ខ្ពស់បំផុត​ដែល​អ្នក​គួរ​សាកល្បង​។ ការ​ស្ត្រេ​ស​អាច​បង្ក​ជំងឺ​គួរ​ឲ្យ​ព្រួយបារម្ភ​ជាច្រើន​ចាប់ពី​ជំងឺ​បេះដូង​ដល់​បញ្ហា​នៃ​ជំងឺផ្លូវចិត្ត​។ ដូច្នេះ​ចូរ​ព្យាយាម​សើច​អោយបាន​ច្រើន ខណៈដែល​វា​នឹង​ជួយ​កាត់បន្ថយ​កម្រិត​នៃ​អ័រម៉ូន​ស្ត្រេ​ស ព្រមទាំង​រក្សា​ការ​បូម​ឈាម​នៃ​បេះដូង​។​

២. កាត់បន្ថយ​បញ្ហា​ថប់​អារម្មណ៍​និង​ជំងឺ​ធ្លាក់​ទឹកចិត្ត (Depression)

​នៅពេល​ថប់​អារម្មណ៍ ឬ​បាក់​ទឹកចិត្ត ២​យ៉ាង​ដែល​មនុស្ស​ភាគច្រើន​ត្រូវការ​បំផុត​នោះ​គឺ​អ្នក​ដែល​ស្រឡាញ់​ពួកគេ​និង​សំណើច​។ ការប្រយុទ្ធប្រឆាំង​ជំងឺ​ធ្លាក់ទឹក​ចិត្ត​ដោយ​ការ​សើច​ជួយ​បង្កើន​អារម្មណ៍ល្អ​និង​ធ្វើអោយ​មុខងារ​នៃ​ខួរក្បាល​កាន់តែ​ប្រសើរឡើង​។ សំណើច​ត្រូវបាន​គេ​ស្គាល់​ថា​អាចជួយ​ព្យាបាល​ជំងឺ​ធ្លាក់ទឹក​ចិត្ត​និង​បញ្ហា​ថប់​អារម្មណ៍​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។​

៣. កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង​

​នោះ​ក៏​ព្រោះតែ​ការ​សើច​ធ្វើអោយ​សរសៃឈាម​រីក​ដែល​អាច​នាំ​ឈាម​ហូរ​កាត់​យ៉ាង​ស្រួល ហើយ​អ្នកនឹង​ចៀសផុត​បញ្ហា​សម្ពាធ​ឈាម​ឡើង​ខ្ពស់​។ ខណៈដែល​បញ្ហា​សម្ពាធ​ឈាម​មិន​ប្រក្រតី​ជា​មូលហេតុ​ចម្បង​នៃ​ជំងឺ​បេះដូង​និង​ដាច់​សរសៃឈាម​ខួរក្បាល​។

៤. ទប់ស្កាត់​ជំងឺមហារីក​

​សំណើច​ជា​ថ្នាំ​ដ៏​ប្រសើរ​បំផុត​មួយ​សម្រាប់​អ្នកជំងឺ​មហារីក​ដែល​ស្ថិតក្រោម​ការព្យាបាល​ដោយ​គីមី​ដោយ​វា​ជួយ​កាត់បន្ថយ​ការឈឺចាប់​និង​ភាព​ទុទ្ទិដ្ឋិនិយម​។ មន្ទីរពេទ្យ​ខ្លះ​ប្រើប្រាស់​ការ​សើច​ជា​វិធី​ព្យាបាល​ដើម្បី​ជំរុញ​ប្រព័ន្ធ​ភាពស៊ាំ​របស់​អ្នកជំងឺ​ឲ្យ​កាន់តែ​ប្រសើរឡើង បង្កើន​អារម្មណ៍ល្អ និង​កាត់បន្ថយ​ការឈឺចាប់​។ សំណើច​ក៏​អាចជួយ​បង្កើន​បរិមាណ​នៃ​កោសិកា​ប្រឆាំង​ជំងឺមហារីក​ក្នុង​រាងកាយ​ផងដែរ​។​

៥. ជួយ​ឲ្យ​គេង​លក់បាន​ស្កប់​

​អ្នក​អាច​ទទួលបាន​នូវ​ដំណេក​ដែល​ពោរពេញ​ទៅដោយ​ភាព​ស្ងប់​និង​មិន​យល់សប្តិ​ដោយ​គ្រាន់តែ​សើច​អោយបាន​ច្រើន​។ យោងតាម​ការសិក្សា​មួយ​ដែល​ត្រូវបាន​ធ្វើឡើង​នៅក្នុង​ប្រទេស​ជប៉ុន​អំពី​ទំនាក់ទំនង​រវាង​ការ​សើច​និង​ការ​គេង​បានបង្ហាញ​អោយដឹងថា​អ្នក​ដែល​សើច​ច្រើន​កំឡុងពេល​ល្ងាច គឺ​ទទួលបាន​នូវ​ដំណេក​មួយ​ដ៏​ស្ងប់​ប្រសើរ​។ ដូច្នេះ​ដើម្បី​អាច​គេង​លក់បាន​ស្ងប់ ចូរ​មើល​រឿង​កំប្លែង ឬ​អាន​សៀវភៅ​កំប្លែង​មុនពេល​គេង​។​

៦. កាត់បន្ថយ​ការឈឺចាប់​


​ការ​សើច​ជួយ​បង្កើន​អ័រម៉ូន endorphins ក្នុង​រាងកាយ ហើយ​អ័រម៉ូន​នេះ​ជា​សារធាតុ​គីមី​នៅក្នុង​ខួរក្បាល​ដើរតួ​ជា​ថ្នាំ​បំបាត់​ការឈឺចាប់​និង​ធ្វើអោយមាន​អារម្មណ៍ល្អ​។ ការសិក្សា​ស្រាវជ្រាវ​មួយ​បាន​បង្ហាញថា​អ្នក​ដែលមាន​បញ្ហា​ឈឺចាប់​រ៉ាំរ៉ៃ​ប្រែជា​ជួបប្រទះ​ការឈឺចាប់​តិចតួច​វិញ​នៅពេល​ទទួល​ការព្យាបាល​តាមរយៈ​ការ​សើច​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com