រថយន្ត
អន្តរជាតិ
Eurostat៖ នៅ​បារាំង ក្នុងចំណោម​មនុស្ស​១០០០​នាក់ មាន​អ្នក​ប្រើ​រថយន្ត​៤៧៨​គ្រឿង​
09, Sep 2019 , 7:39 pm        
រូបភាព
ដោយ: ធីតា
​ខណៈ​កំណើន​នៃ​ការប្រើប្រាស់​រថយន្ត​នៅ​បណ្តា​ប្រទេស​ជាច្រើន​ក្នុង​ទ្វីបអឺរ៉ុប មាន​កើនឡើង​នា​រយៈពេល​២០​ឆ្នាំ​ចុងក្រោយ ប៉ុន្តែ​សម្រាប់​ប្រទេស​បារាំង ចំនួន​បាន​ធ្លាក់​ចុះបើ​គិត​ចាប់តាំងពី​ឆ្នាំ​២០១៣​មក​។ តាម​របាយការណ៍ Eurostat ក្នុងចំណោម​ពលរដ្ឋ​បារាំង​១០០០​នាក់ មាន​រថយន្ត​៤៧៨​គ្រឿង​។​



​រថយន្ត​៤៧៨​គ្រឿង​សម្រាប់​ពលរដ្ឋ​បារាំង​១០០០​នាក់ បានធ្វើ​ឲ្យ​ប្រទេស​នេះ ឈរ​ក្នុងចំណោម​ថ្នាក់​លេខ​១១ ប្រើ​ប្រៀបធៀប​ទៅនឹង​បណ្តា​ប្រទេស​អឺរ៉ុប​ផ្សេងៗ ស្តីពី​ការប្រើប្រាស់​រថយន្ត​។ របាយការណ៍​ដែល​សិក្សា​ដោយ​ភ្នាក់ងារ​ស្ថិតិ​សហភាព​អឺរ៉ុប Eurostat ត្រូវបាន​ចេញផ្សាយ​តាំងពី​ឆ្នាំ​២០១៧​មក ប៉ុន្តែ​មិនមាន​លក្ខណៈ​ខុសប្លែក​ច្រើន​ពី​បច្ចុប្បន្នភាព​នោះឡើយ​។​

​តាម​តួ​ត​លេខ​ដោយ​គិត​ក្នុងចំណោម​មនុស្ស​១០០០​នាក់ បារាំង​ស្ថិតក្នុង​ចំណាត់ថ្នាក់​លេខ​១១ (៤៧៨​គ្រឿង​) ដោយ​ឈរលើ​ចក្រភព​អង់គ្លេស (៤៧១​គ្រឿង​), ប៊ុលហ្គារី (៣៩៣​គ្រឿង​), ហុង​គ្រី (៣៥៥​គ្រឿង​) និង​រូ​ម៉ា​នី (២៦១​គ្រឿង​)​។​



​លុច​សំបួរ ជា​រដ្ឋ​ដែលមាន​អ្នកប្រើប្រាស់​រថយន្ត​ច្រើនជាងគេ ពោលគឺ​៦៧០​គ្រឿងក្នុង​ចំណោម​មនុស្ស​១០០០​នាក់​។ អ៊ីតាលី​, ប៉ូឡូញ​, អាល្លឺម៉ង់​, ស្វី​ស​, បែលហ្ស៊ិក និង​អេ​ស្ប៉ា​ញ ស្ថិតក្នុង​ចន្លោះ​ពី​៦២៥​គ្រឿង ចុះមក ៥០៤​គ្រឿង ខណៈ ព័រ​ទុយ​ហ្គា​ល់​, ហូ​ឡង់ និង​ស៊ុយអែត មាន​ចំនួន​ប្រហាក់ប្រហែល​បារាំង​។​

​តាមពិតទៅ បើ​ផ្អែកលើ​តួលេខ​រួម បារាំង​មាន​រថយន្ត​ប្រមាណ​៣២​លាន​គ្រឿង​ដែល​ចរាចរណ៍​នៅលើ​ផ្លូវ ដោយ​ស្ថិតនៅ​លំដាប់​លេខ​២ បន្ទាប់ពី​អាល្លឺម៉ង់ ដែលមាន​ចំនួន​ប្រមាណ​៤៦​លាន​គ្រឿង​។​

 ពលរដ្ឋ​បារាំង​កាន់តែច្រើន បាន​បោះបង់​ការប្រើប្រាស់​រថយន្ត​របស់​ពួកគេ​។ លោក Flavien Neuvy អ្នកជំនាញ​ផ្នែក​រថយន្ត​ម្នាក់​នៅ​បារាំង បាន​អះអាងថា ការសម្រេចចិត្ត​របស់​ពលរដ្ឋ​បារាំង ភាគច្រើន គឺ​ផ្តោតទៅលើ​កិច្ច​គាំពារ​បរិស្ថាន រួមទាំង​អាយុកាល​នៃ​ការប្រើប្រាស់​ផងដែរ​៕

© រក្សាសិទ្ធិដោយ thmeythmey.com