ជាតិ
សេដ្ឋកិច្ច
២០២០ សហជីព ទារ​ប្រាក់ខែ​១៩៩​ដុល្លារ​ឲ្យ​កម្មករ ខណៈ​ថៅកែ​សុំ​ត្រឹម​១៨៤​ដុល្លារ
09, Sep 2019 , 8:39 pm        
រូបភាព
រូបពីក្រសួងការងារ
រូបពីក្រសួងការងារ
ដោយ: ថ្មីៗ
​ក្រុម​មេ​សហជីព ដែល​តំណាង​ឲ្យ​កម្មករ​ក្នុង​វិស័យ​ដា​ត់​ដេរ សុំ​ឲ្យ​ម្ចាស់​រោងចក្រ ដំឡើង​ប្រាក់ខែ​ឲ្យ​ដល់​១៩៩​ដុល្លារ នៅ​ឆ្នាំ​២០២០ តែ​តំណាង​រោងចក្រ សុំ​ត្រឹម​១៨៤​ដុល្លារ​បាន​ហើយ​។ ការចរចា​ពី​ប្រាក់ខែ​របស់​កម្មករ​នេះ គឺធ្វើឡើង​ក្នុង​កិច្ចប្រជុំ​ត្រីភាគី (​រដ្ឋាភិបាល និយោជក និង មេ​សហជីព​) កាលពី​ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ​២០១៩​។



​គេហទំព័រ​ក្រសួង​ការងារ បាន​ស្រង់​សម្តី​របស់លោក ហេង សួរ រដ្ឋលេខាធិការ​ក្រសួង​ការងារ ដែល​ប្រាប់​ក្រុម​អ្នក​សែត​ក្រោយ​កិច្ចប្រជុំ ទៅ​ចុះផ្សាយ​ដូច្នេះ​ថា​៖«​តួលេខ​លើកឡើង​រវាង​ភាគី​និយោជក និង​ភាគី​សហជីព មិន​ចម្លែក​ទេ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​កន្លងទៅ ដែលជា​ទូទៅ​ភាគី​នីមួយៗ តែងតែ​បង្ហាញ​តួលេខ​ផ្តើមចេញពី​ខ្ពស់ រីឯ​ម្ខាង​ទៀត ផ្តើមចេញពី​ទាប ហើយ​អ្វី​ទាំងអស់នេះ យើង នឹង​កែសម្រួល​គោលជំហរ​បន្តទៀត​នៅពេល​ប្រជុំ​ថ្ងៃ​ខាងមុខ ដោយយោង​ទៅតាម​លក្ខណៈ​វិនិច្ឆ័យ​តាមបែប​សង្គម​និង​សេដ្ឋកិច្ច​....»​។

​យ៉ាងណាក៏ដោយ ភាគី​ទាំងបី មិនទាន់​អាច​សម្រេច​រួមគ្នា​នៅឡើយ​ទេ​អំពី​ប្រាក់ខែ​របស់​កម្ម​ករស​ម្រា​ប់​ឆ្នាំ​២០២០​។ ភាគី​ទាំងបី នឹង​បើក​កិច្ចប្រជុំ​បន្តទៀត នៅ​ថ្ងៃទី​១២ ខែកញ្ញា​ខាងមុខ​។
​បច្ចុប្បន្ន ប្រាក់ខែ​របស់​កម្មករ គឺ​១៨២​ដុល្លារ​។ ក្នុង​ឆ្នាំ​២០១៨ ប្រាក់ខែ​កម្មករ គឺ​១៧៥​ដុល្លារ​៕

Tag:
 កម្មករ​
  ប្រាក់ខែ
© រក្សាសិទ្ធិដោយ thmeythmey.com