ជាតិ
ហេតុអ្វី​ផ្លូវ​ក្នុងក្រុង​សៀមរាប​ខូច​ច្រើន ហើយ​មិន​ជួសជុល​? ស្តាប់​ប្រធាន​មន្ទីរ​សាធារណការ​បកស្រាយ​
09, Sep 2019 , 9:39 pm        
រូបភាព
​សៀមរាប​៖ គិត​មកដល់​ថ្ងៃទី​៩ ខែកញ្ញា គឺមាន​រយៈពេល​២៦​ថ្ងៃ​ហើយ ដែល​លោក គី វី​រិន្ទ ឡើងជា​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តសៀមរាប ជំនួស​លោក គឹម ប៉ុណ្ណា ដែល​ត្រូវ​ឡើងជា​អនុរដ្ឋលេខាធិការ​ក្រសួង​សាធារណការ​។ ការរិះគន់​ចំពោះ​បញ្ហា​ផ្លូវថ្នល់​ក្នុង​ក្រុង​សៀមរាប​មិនមែន​ទើបតែ​កើត​នោះទេ ជារួម​គឺ​កើតឡើង​ច្រើន​ឆ្នាំ​មកហើយ ដ្បិត​ប្រជាពលរដ្ឋ​មើលឃើញថា​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ខេត្ត​នេះ​មិន​ស័ក្ដិសម​នឹង​ខេត្ត​ទេសចរណ៍​ឡើយ​។​



​ថ្មីៗ​នេះ ដោយសារ​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់ ធ្វើឱ្យ​ផ្លូវថ្នល់​ដែល​ខូចខាត​តិចតួច កាន់តែ​រីក ក្លាយជា​ជង្ហុក​ធំៗ ផ្លូវ​ខ្លះ​បែក​ភក់ ធ្វើឱ្យ​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​មានការ​ពិបាក​។ ជាមួយគ្នានេះ ផ្លូវ​សំខាន់ៗ​ដែល​បាន​បើក​ការដ្ឋាន​ជួសជុល​រួចហើយនោះ ក៏​មិនទាន់​ដំណើរការ​ផងដែរ បន្ទាប់ពី​មានការ​ឈូសឆាយ​បាន​ខ្លះ​ហើយ​នោះ​។ ការណ៍​នេះ ធ្វើឱ្យ​ប្រជាពលរដ្ឋ​មានការ​ងឿងឆ្ងល់ និង​រិះគន់​អាជ្ញាធរ​កាន់តែខ្លាំង​។​

​ប្រធាន​មន្ទីរ​សាធារណការ​ថ្មី លោក គី វី​រិន្ទ បានចេញ​មុខ​ធ្វើ​សន្និសីទកាសែត​នៅ​ថ្ងៃទី​៧ កញ្ញា ដើម្បី​បំភ្លឺ​ពី​រឿងនេះ​។ លោក គី វី​រិន្ទ ពន្យល់ថា ផ្លូវ​ក្នុង​ក្រុង​សៀមរាប​ដែល​រង​ការខូចខាត​គឺ​សុទ្ធសឹង​មាន​គម្រោង​អភិវឌ្ឍន៍​និង​ជួសជុល​ថ្មី​ហើយ ដែល​ក្នុងនោះ​មាន​ទាំង​គម្រោង​របស់​ខេត្ត​និង​មន្ទីរ​។ ឆ្លើយតប​នឹង​ផ្លូវ​ក្រវ៉ាត់​ក្រុង​និង​ផ្លូវ​ខ្នារ​ចាញ់​ដែល​សរុប​ប្រវែង​ប្រមាណ​៧​គីឡូម៉ែត្រ ដែល​បើក​ការដ្ឋាន​ជិត​មួយខែ​ហើយ តែ​មិនទាន់​បន្ត​ការជួសជុល​នោះ លោក​ប្រធាន​សាធារណការ​បកស្រាយ​ថា ដោយសារ​ប៉ុន្មាន​ថ្ងៃមុន «​មាន​ភ្លៀង​ធ្លាក់​ច្រើនពេក និង​ស្រប​ពេលដែល​មន្ទីរ​កំពុង​ខ្វះខាត​ថវិកា​» ទើប​ធ្វើឱ្យ​ការជួសជុល​មាន​ភាពយឺតយ៉ាវ​។​

​ជាមួយគ្នានេះដែរ លោក គី វី​រិន្ទ ក៏​សុំ​ការយោគយល់​ពី​ប្រជាពលរដ្ឋ ហើយ​ថា​បន្ទាប់ពី​ឡើងជា​ប្រធាន​សាធារណការ​មក លោក​បានធ្វើ​ការងារ​ជាច្រើន បំណង​ដើម្បី​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ខេត្តសៀមរាប​ឱ្យបាន​ល្អប្រសើរ​៕


Tag:
 គី​វី​រិន្ទ​
  សាធារណការ​
  ផ្លូវ​
© រក្សាសិទ្ធិដោយ thmeythmey.com