ប្រមុខ​ការទូត​អាមេរិក​សង្ឃឹមថា ជំនួប​ជាមួយ​កូរ៉េខាងជើង នឹង​កើតឡើង​ក្នុងពេល​ឆាប់ៗ​នេះ​
អន្តរជាតិ
ប្រមុខ​ការទូត​អាមេរិក​សង្ឃឹមថា ជំនួប​ជាមួយ​កូរ៉េខាងជើង នឹង​កើតឡើង​ក្នុងពេល​ឆាប់ៗ​នេះ​
09, Sep 2019 , 9:59 pm        
រូបភាព
រដ្ឋមន្រ្តីការបរទេសអាមេរិក ម៉ៃ ប៉ុមប៉េអូ, រូបភាព (ABC News)
រដ្ឋមន្រ្តីការបរទេសអាមេរិក ម៉ៃ ប៉ុមប៉េអូ, រូបភាព (ABC News)
​រដ្ឋមន្ត្រីការបរទេស​អាមេរិក ម៉ៃ ប៉ុ​ម​ប៉េ​អូ នៅ​ថ្ងៃទី​០៨ ខែកញ្ញា បាន​និយាយថា ទីក្រុង​វ៉ាស៊ីនតោន​សង្ឃឹមថា កិច្ចចរចា​រំសាយ​អាវុធ​នុយក្លេអ៊ែរ នឹងមាន​ក្នុងពេល​ឆាប់ៗ​នេះ​។ លោក ប៉ុ​ម​ប៉េ​អូ នៅតែ​មានគំនិត​វិជ្ជមាន​បែបនេះ បើទោះបីជា​កូរ៉េខាងជើង​បាន​សាកល្បង​មី​ស៊ី​ល​ប៉ា​លី​ស្ទិ​ក​ចំងាយ​ខ្លី​ជាច្រើនលើក​មកហើយ​ក៏ដោយ​។



​បន្ទាប់ពី​កិច្ចចរចា​រំសាយ​អាវុធ​នុយក្លេអ៊ែរ​កូរ៉េខាងជើង​ចុងក្រោយរ​វាង​អាមេរិក និង​កូរ៉េខាងជើង​បាន​បិទ​បញ្ជ​ប់​ដោយ​មិនមាន​កិច្ចព្រមព្រៀង​ជាមួយគ្នា​រួចមក រដ្ឋាភិបាល​ទីក្រុង​ព្យុងយ៉ាង​បានចាប់ផ្តើម​សាកល្បង​មី​ស៊ី​ល​ចំងាយ​ខ្លី​៧​ដង ក្នុង​គោលបំណង​គំរាមកំហែង​អាមេរិក ក៏ដូចជា​ការធ្វើ​សមយុទ្ធ​យោធា​រវាង​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន និង​រដ្ឋាភិបាល​ទីក្រុង​សេ​អ៊ូ​ល​។

​តាមរយៈ​បទសម្ភាសន៍​នៅលើ​កញ្ចក់​ទូរទស្សន៍​អាមេរិក ABC កាលពី​សប្តាហ៍​មុន លោក​ម៉ៃ ប៉ុ​ម​ប៉េ​អូ បាន​លើកឡើងថា អាមេរិក​ដឹងថា មេដឹកនាំ​គីម ជុង​អ៊ុន នៅតែ​បន្ត​កិច្ចចរចា​រំសាយ​អាវុធ​នុយក្លេអ៊ែរ ហើយ​សង្ឃឹមថា លោក ត្រាំ និង​លោក គីម នឹង​ចូល​តុ​ចរចា​ក្នុងពេល​ឆាប់ៗ​នេះ​។ វា គឺ​លទ្ធផល​ដ៍​ល្អ​មួយ​។

​ទោះជា​ខកចិត្ត​នឹង​ការសាកល្បង​មី​ស៊ី​ល​របស់​ទីក្រុង​ព្យុងយ៉ាង​ក្ដី លោក ប៉ុ​ម​ប៉េ​អូ នៅតែ​ជឿថា ការប្តេជ្ញាចិត្ត​របស់លោក គីម ចំពោះ​លោក ត្រាំ នៅក្នុង​កិច្ចចរចា​រំសាយ​អាវុធ​នុយក្លេអ៊ែរ​នៅតែមាន​ដដែល​។ បន្ថែម​ពីលើ​នេះ ប្រមុខ​ការទូត​អាមេរិក​បាន​អះអាង​ទៀតថា លោក ត្រាំ នឹងមាន​ការខកចិត្ត ប្រសិនបើ​កូរ៉េខាងជើង​នៅតែ​មិន​ចូល​តុ​ចារ​ចា ឬ​នៅតែ​សាកល្បង​មី​ស៊ី​ល​ប៉ា​លី​ស្ទិ​ក ដែល​ផ្ទុយ​នឹង​កិច្ចព្រមព្រៀង ដែល​ពួកគេ​បានធ្វើ​កន្លងមក​។

​សូមបញ្ជាក់ថា កិច្ចចរចា​រំសាយ​អាវុធ​នុយក្លេអ៊ែរ​រវាង​អាមេរិក និង​កូរ៉េខាងជើង​បានធ្វើ​២​លើក​រួចមកហើយ ប៉ុន្តែ​នៅតែ​រក​ច្រកចេញ​មិនទាន់​ឃើញ​នៅឡើយ​។ យ៉ាងណាមិញ កាលពី​ខែមិថុនា មេដឹកនាំ​ទីក្រុង​ព្យុងយ៉ាង និង​វ៉ាស៊ីនតោន បាន​ជួបគ្នា​ជាថ្មី​នៅ​តំបន់​គ្មាន​យោធា​ក្នុង​ឧបទ្វីប​កូរ៉េ ហើយ​សន្យាថា​នឹងមាន​ជំនួប​ចរចា​លើក​ទី​៣ ក្នុងពេល​ឆាប់ៗ​ខាងមុខ​។ ប៉ុន្តែ​មកដល់​ពេលបច្ចុប្បន្ន​មិនទាន់មាន​ជំនួប​ណាមួយ​រវាង​មេដឹកនាំ​ទាំងពីរ​កើតឡើង​ទេ​៕


Tag:
 អាមេរិក​
  កូរ៉េខាងជើង​
  ម៉ៃ ប៉ុ​ម​ប៉េ​អូ​
© រក្សាសិទ្ធិដោយ thmeythmey.com