កីឡាជាតិ
ជាតិ
សឿយ វិសាល៖ អ្នកគាំទ្រច្រើនមិនមែនជាសម្ពាធទេ តែជាចលករជំរុញឆន្ទៈកីឡាករ កីឡាករ សឿយ វិសាល ពេលប្រកួតជាមួយហុងកុង
× កីឡាករ សឿយ វិសាល ប្រធានក្រុមជម្រើសជាតិកម្ពុជា ចាត់ទុកអ្នកគាំទ្រ ជាកត្តារួមចំណែកដ៏សំខាន់ ក្នុងការជួយជំរុញនិងលើកទឹកចិត្តកីឡាករឲ្យមានកម្លាំងចិត្ត និងឆន្ទៈកាន់តែខ្លាំងក្នុងការប្រកួត។ សម្រាប់ វិសាល វត្តមានយ៉ាងច្រើនកុះករពីសំណាក់អ្នកគាំទ្រនៅពហុកីឡដ្ឋានជាតិ វាមិនបានដាក់សម្ពាធនោះទេ តែវាធ្វើឲ្យពួកគេរំភើបនិងមានកម្លាំងចិត្តទៅវិញ។ លោក Felix Dalmas គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា ចាត់ទុកអ្នកគាំទ្រជាកីឡាករទី១២ និងជាប្រភពថាមពលសម្រាប់កីឡាករ។
នាសន្និសីទសារព័ត៌មានមុនជំនួបរវាងក្រុមជម្រើសជាតិកម្ពុជាជាមួយបារ៉ែន កីឡាករ សឿយ វិសាល ប្រធានក្រុមជម្រើសជាតិកម្ពុជាស្នើឲ្យអ្នកគាំទ្រ មកទស្សនាការប្រកួតផ្ទាល់ឲ្យបានច្រើនកុះករនៅពហុកីឡដ្ឋានជាតិនាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ ។ នោះក៏ព្រោះតែ វិសាល យល់ឃើញថា អ្នកគាំទ្រជាប្រភពផ្តល់ថាមពល និងជាចលករជួយជំរុញទឹកចិត្តកីឡាករឲ្យមានឆន្ទៈប្រកួតកាន់តែខ្លាំង បន្ថែមលើបច្ចេកទេសរបស់ពួកគេ។
«សម្រាប់ខ្ញុំអ្នកគាំទ្រមកទស្សនាច្រើន វាជាទឹកចិត្តមួយដ៏សំខាន់សម្រាប់ក្រុមជម្រើសជាតិកម្ពុជា ព្រោះពេលពួកយើងឃើញពួកគាត់មកទស្សនាច្រើន ធ្វើឲ្យទឹកចិត្ត និងឆន្ទៈរបស់ពួកយើងក៏ខ្លាំងតាមនឹងដែរ។ វាមិនមែនជាសម្ពាធនោះទេ ពេលឃើញវត្តមានអ្នកគាំទ្រមកទស្សនាច្រើន ផ្ទុយទៅវិញ វាធ្វើឲ្យពួកយើងរំភើប និងមានកម្លាំងចិត្តកាន់តែខ្លាំង»។ នេះជាការលើកឡើងរបស់កីឡាករ សឿយ វិសាល ដែលចង់ឃើញវត្តមានអ្នកគាំទ្រយ៉ាងច្រើនកុះករមកទស្សនាការប្រកួតផ្ទាល់របស់ក្រុមជម្រើសជាតិកម្ពុជា។
កីឡាករ សឿយ វិសាល (រូបក្នុងរង្វង់)ពេលប្រកួតជាមួយហុងកុង
ក្រៅពីផ្តល់កម្លាំងចិត្ត និងថាមពលបន្ថែមដល់កីឡាករ អ្នកគាំទ្រ ក៏ជាផ្នែកមួយចូលរួមចំណែកជួយឲ្យក្រុមជម្រើសជាតិកម្ពុជាធ្វើបានល្អនៅលើទីលាន និងប្រឹងប្រែងប្រកួតឲ្យអស់ពីសមត្ថភាពផងដែរ។ លោក Felix Dalmas គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា អ្នកគាំទ្រជាកីឡាករទី១២ ដែលនៅក្រៅទីលាន បន្ថែមលើកីឡាករទាំង១១រូប ដែលកំពុងលេងនៅលើទីលាន។
គ្រូបង្វឹកអាហ្សង់ទីនរូបនេះបានបន្ថែមថា៖«ជាការពិតណាស់ពេលមានប្រជាពលរដ្ឋយ៉ាងច្រើនកុះករមកគាំទ្រការប្រកួត វាជាចំណុចមួយដ៏សំខាន់ ហើយខ្ញុំគិតថាកីឡាករ ក៏យល់ដូចខ្ញុំដែរ។ នៅពេលយើងលេងអស់កម្លាំងនៅចុងតង់ ខ្ញុំមានអារម្មណ៍ថា អ្នកគាំទ្រជាប្រភពថាមពល ដែលជួយជំរុញឲ្យពួកគេលេងឲ្យអស់ពីសមត្ថភាពរហូតចប់ការប្រកួត»។
ទាំងគ្រូបង្វឹក និងកីឡាករ សឿយ វិសាល សុទ្ធតែរំពឹងថា ការប្រកួតរវាងក្រុមជម្រើសជាតិកម្ពុជាជាមួយបារ៉ែន សម្រាប់វគ្គជម្រុះ World Cup 2022 ជុំទី២ នៅថ្ងៃទី១០ កញ្ញា នឹងមានអ្នកគាំទ្រយ៉ាងច្រើនកុះករមកទស្សនាការប្រកួតផ្ទាល់នៅពហុកីឡដ្ឋានជាតិ។ សម្រាប់ជំនួបរវាងក្រុមជម្រើសជាតិកម្ពុជាជាមួយហុងកុង ដែលបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ កាលពីថ្ងៃទី៥ កញ្ញា មានអ្នកគាំទ្រមកទស្សនាផ្ទាល់នៅពហុកីឡដ្ឋានជាតិចំនួន៤៥,៥០០នាក់។ ចំនួននេះជួយឲ្យកម្ពុជាជាប់ចំណាត់ថ្នាក់លេខ២ ក្នុងនាមប្រទេសម្ចាស់ផ្ទះ ដែលមានអ្នកគាំទ្រមកទស្សនាការប្រកួតបាល់ទាត់ច្រើនជាងគេ ខណៈឥណ្ឌូណេស៊ីឈរចំណាត់ថ្នាក់លេខ១៕
Tag:
World Cup
សឿយ វិសាល
© រក្សាសិទ្ធិដោយ thmeythmey.com