អន្តរជាតិ
វៀតណាម សន្យា​នាំចូល​ទំនិញ​បន្ថែម​ពី​អាមេរិក
09, Sep 2019 , 10:39 pm        
រូបភាព
កំពង់ផែក្រុង ដាណាង វៀតណាម (ប្រភពរូប៖ AFP)
កំពង់ផែក្រុង ដាណាង វៀតណាម (ប្រភពរូប៖ AFP)
ដោយ:
​វៀតណាម សន្យា​នាំចូល​ទំនិញ​បន្ថែម​ពី​សហរដ្ឋអាមេរិក​ដើម្បី​ផ្គាប់ចិត្ត​ក្រុង​វ៉ាស៊ីនតោន ពាក់ព័ន្ធ​នឹង​អតិរេក​ពាណិជ្ជកម្ម​ដែល​កំពុង​ប៉ោង​ឡើង​។ ហើយ​មួយទៀត គឺ​ដើម្បី​លុបបំបាត់​ការយល់ឃើញថា ក្រុង​ហាណូយ កេងចំណេញ​ពី​សង្គ្រាម​ពាណិជ្ជកម្ម​អាមេរិក​-​ចិន ។ នេះ​បើតាម​ការលើកឡើង​រប​ស់​មន្ត្រី​នៃ​ប្រទេស​ទាំងពីរ​។



​ក្នុងជំនួប​កាលពី​ថ្មីៗ​នេះ ជាមួយ​មន្ត្រីការទូត និង​អ្នកជំនាញ​អាមេរិក មន្ត្រី​វៀតណាម លើកឡើង​ពី​គម្រោង​បង្កើន​ការ​នាំចូល​ផលិតផល ដែល​ក្នុងនោះ​រួមមាន ធ្យូងថ្ម ឧស្ម័ន​ធម្មជាតិ សាច់ ផ្លែឈើ និង​ផលិតផល​កសិកម្ម​ផ្សេងទៀត​។ នេះ​បើតាម​ការចុះផ្សាយ​របស់​កាសែត​អាមេរិក Financial Times នៅ​ថ្ងៃទី​៦ ខែកញ្ញា​។

​កិច្ចពិភាក្សា​នេះ ធ្វើឡើង​ក្រោយពី​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ កាលពី​ខែមិថុនា បានចាត់ទុក​វៀតណាម​ជា​អ្នករំលោភ​បំពាន​ដ៏​អាក្រក់​បំផុត​ក្នុង​បញ្ហា​ពាណិជ្ជកម្ម​។ ការលើកឡើង​របស់លោក​បែបនេះ បង្កើតជា​កង្វល់​ដល់ទី​ក្រុង ហាណូយ​ថា ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​មួយ​នេះ អាចជា​គោលដៅ​បន្ទាប់​នៃ​បញ្ជី​ដំឡើង​ពន្ធ​របស់​រដ្ឋបាល​លោក​ត្រាំ​។​

​របាយការណ៍មួយចំនួន បង្ហាញថា អតិរេក​ពាណិជ្ជកម្ម​របស​វៀតណាម​ជាមួយ​សហរដ្ឋអាមេរិក ដែលជា​ទីផ្សារ​នាំចេញ​ដ៏​ធំ​របស់ខ្លួន បាន​កើន​ដល់ ៣៩,៥​ពាន់​លាន​ដុល្លារ កាលពី​ឆ្នាំ ២០១៨ ហើយ​កំពុង​ឆ្ពោះទៅ​បំបែក​កំណត់ត្រា​ថ្មី ក្នុង​ឆ្នាំ​២០១៩​នេះ​។

​ចាប់តាំងពី​ផ្ទុះ​សង្គ្រាម​ពាណិជ្ជកម្ម​កាលពីដើមឆ្នាំ​២០១៨​មក ក្រុមហ៊ុន​អាមេរិក​ខ្លះ បាន​បិទទ្វារ​រោងចក្រ​ខ្លួន​ក្នុងប្រទេស​ចិន ដោយសារ​ការដំឡើង​ពន្ធ​នាំចូល​ខ្ពស់​ពេក​។ ហើយ​ពួកគេ កំពុង​សម្លឹងមើល​វៀត​ណា​ម និង​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ដទៃទៀត ជាទី​តាំង​បង្កើត​រោងចក្រ​ជំនួស​ចិន​។

​លោក Pete Rickett ដែលជា​អភិបាលរដ្ឋ Nebraska បានធ្វើ​ទស្សនកិច្ច​នៅ​ទីក្រុង​ហាណូយ កាលពី​សប្តាហ៍​មុន​។ ប្រាប់​កាសែត Financial Times លោក Ricketts បញ្ជាក់​ឲ្យ​ដឹងថា ខណៈ​ចិន​បញ្ឈប់​ការនាំ​ចូល​ផលិតកម្ម​កសិកម្ម​ពី​សហរដ្ឋអាមេរិក ក្រុង​វ៉ាស៊ីនតោន ចាំបាច់​ត្រូវធ្វើ​ពិពិធ​កម្ម​ទីផ្សារ​។ លោក សង្កត់ធ្ងន់ថា​៖ «​យើង ចង់​ស្វែងរក​ទីផ្សារ​ផ្សេងទៀត​នៅ​តំបន់​អាស៊ីអាគ្នេយ៍ សម្រាប់​កសិករ​អាមេរិក​ដើម្បី​លក់​ផលិតផល​ខ្លួន​»​។ 

​សូមបញ្ជាក់ថា វៀតណាម ជា​ប្រទេស​ដែល​កេង​ផលចំណេញ​ច្រើន​បំផុត​មួយ​ពី​ចំហាយ​សង្គ្រាម​ពាណិជ្ជកម្ម ព្រោះថា​វា​ផលិត​ទំនិញ​ដូចគ្នា​ជាច្រើន ដែលជា​គោលដៅ​នៃ​ការដំឡើង​ពន្ធ​អាមេរិក​ប្រឆាំង​ចិន​។ ប្រទេស​នេះ ទទួល​ការវិនិយោគ​បរទេស​ថ្មីៗ​ជាច្រើន ដោយសារ លក្ខខណ្ឌ​វិនិយោគ​ល្អជា​ច្រើន ដូចជា តម្លៃ​ពលកម្ម​ទាប និង​កម្លាំង​ច្រើន​ហូរហៀ​ជាដើម ៕​    ​



Tag:
 វៀតណាម​
  សហរដ្ឋអាមេរិក​
  ដូ​ណា​ល់​ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com