អន្តរជាតិ
ម៉ាឡេស៊ី សហការ​ជាមួយ​ភ្នាក់ងារ​បរទេស​ដើម្បី​យក​ពលរដ្ឋ​ខ្លួន​ដែល​ជាប់​នៅ​ស៊ី​រី​មកវិញ​
09, Sep 2019 , 11:19 pm        
រូបភាព
រូបភាព The Star
រូបភាព The Star
​ដោយ​៖ ងួន សុ​ភាវ​ត្តី​

​ប៉ូលិស​ម៉ាឡេស៊ី កំពុងធ្វើការ​រួមគ្នា​ជាមួយ​ភ្នាក់ងារ​ស៊ើបការណ៍​បរទេស​ដើម្បី​នាំយក​ជនជាតិ​ម៉ាឡេស៊ី​ដែល​ត្រូវបាន​គេ​សង្ស័យថា​មាន​ជាប់ទាក់ទង​ជាមួយ​ក្រុម​សកម្មប្រយុទ្ធ​រដ្ឋ​ឥស្លាម​នៅក្នុង​ស៊ី​រី​ត្រឡប់មកវិញ​។​



​អគ្គស្នងការ​ប៉ូលិស Abdul Hamid Bador និយាយ​នៅ​ពីថ្ងៃ​ទី​៨ ខែកញ្ញា ថា កិច្ចសហប្រតិបត្តិការ​កំពុង​បន្ត​ជាមួយ​ស្ថាប័ន​អន្តរជាតិ​ដើម្បី​នាំយក​ជនជាតិ​ម៉ាឡេស៊ី​មកវិញ  ខណៈ​ប៉ូលិស​ម៉ាឡេស៊ី​កំពុង​ប្រឈមមុខ​នឹង​ឧបសគ្គ​មួយចំនួន​នៅក្នុង​ដំណើរការ​នេះ​ក៏ដោយ​។ ជនជាតិ​ម៉ាឡេស៊ី​ទាំងនោះ ទំនងជា​បាន​ចូលរួម​ក្នុង​សកម្មភាព​របស់​ក្រុម​រដ្ឋ​ឥស្លាម ដែល​សព្វថ្ងៃ​កំពុង​បាក់​ខ្ចាត់ខ្ចាយ​ទៅហើយ​។

​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Bernama លោក Bador បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា ម៉ាឡេស៊ី​កំពុង​ដោះស្រាយ​បញ្ហា​ព្រោះ​ត្រូវ​ជជែក​ជាមួយ​ប្រទេស​ស៊ី​រី សម្ព័ន្ធមិត្ត​សហរដ្ឋអាមេរិក​និង​រដ្ឋ​អ៊ីស្លាម​ផ្ទាល់​។ លោក​បញ្ជាក់ថា​៖ « យើង​កំពុងធ្វើការ​ជាមួយ​ភ្នាក់ងារ​ស៊ើបការណ៍​បរទេស​ដើម្បី​នាំ​ពួកគេ​ចេញទៅ​ក្រៅ យើង​ត្រូវ​នាំ​ពួកគេ​ត្រឡប់ទៅផ្ទះ​វិញ​ពីព្រោះ​ពួកគេ​ជា​ជនជាតិ​ម៉ាឡេស៊ី​» ។

​បើតាម​មេ​ប៉ូលិស​ម៉ាឡេស៊ី​ដដែល​នេះ ប្រជាជន​ម៉ាឡេស៊ី​បច្ចុប្បន្ន​ជាប់​នៅក្នុង​ប្រទេស​ស៊ី​រី​ត្រូវបាន​គេ​ជឿថា អាច​ត្រូវបាន​ចាប់ខ្លួន​ដោយ​ភាគី​មួយចំនួន​។​

​រដ្ឋមន្ត្រី​មហាផ្ទៃ​ម៉ាឡេស៊ី លោក Muhyiddin Yassin ធ្លាប់បាន​និយាយថា​រដ្ឋាភិបាល​មិនទាន់បាន​សម្រេចចិត្ត​លើ​ការអំពាវនាវ​របស់​ប្រជាជន​ម៉ាឡេស៊ី​ដែល​កំពុង​ត្រូវបាន​ឃុំខ្លួន​នៅក្នុង​ស៊ី​រី​។ លោក​Muhyiddin បាន​និយាយថា​ដំណើរការ​ដើម្បី​នាំ​ពួកគេ​ទៅផ្ទះ​ត្រូវតែ​គិត​អោយបាន​ល្អិតល្អន់​ទាក់ទង​ទៅនឹង​ទិដ្ឋភាព​នៃ​សន្តិសុខ​ផងដែរ​។   ​
​គួររំលឹកថា ប្រជាជន​ម៉ាឡេស៊ី​ចំនួន ៣៩ នាក់​កំពុង​ត្រូវបាន​ឃុំខ្លួន​នៅក្នុង​ប្រទេស​ស៊ី​រី​ហើយ​បាន​ទាក់ទង​ទៅ​អាជ្ញាធរ​នៅទីនេះ​ដើម្បី​រក​មធ្យោបាយ​ដើម្បី​យក​ពួកគេ​មក​ស្រុកកំណើត​វិញ​៕

© រក្សាសិទ្ធិដោយ thmeythmey.com