អគ្គមេបញ្ជាការ ហាម​យោធា យក​អាវុធ​តាម​ខ្លួន ពេល​ចូល​ក្លិប​កម្សាន្ត​
ជាតិ
សង្គមជាតិ
អគ្គមេបញ្ជាការ ហាម​យោធា យក​អាវុធ​តាម​ខ្លួន ពេល​ចូល​ក្លិប​កម្សាន្ត​
10, Sep 2019 , 7:59 am        
រូបភាព
លោក វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ (រូបពីអគ្គបញ្ជាការដ្ឋាន)
លោក វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ (រូបពីអគ្គបញ្ជាការដ្ឋាន)
ដោយ: ថ្មីៗ
​កងកម្លាំង​យោធា មិនត្រូវ​ស្លៀកពាក់​ឯកសណ្ឋាន​និង​យក​អាវុធ​តាម​ខ្លួន​ឡើយ ពេល​ចូល​ក្លិប​កម្សាន្ត ភោជនីយដ្ឋាន និង អគារ​លក់ទំនិញ ដែល​ប្រមូលផ្តុំ​មហាជន​។ នេះ​ជា​បញ្ជា ដែល​ចេញ​ដោយ​នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ កាលពី​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១៩​។



​នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន បញ្ជាក់ថា កម្លាំងយោធា អាច​យក​អាវុធ​ទៅ​កន្លែង​ទាំង​នោះបាន បើ​ស្ថិតក្នុង​ប្រតិបត្តិការ​។ ការចេញ​បញ្ជា​នេះ គឺ​ដើម្បី​កុំ​ឲ្យ​បាត់បង់​សណ្ដាប់ធ្នាប់​និង​វិន័យ​របស់​កងយោធពល​ខេមរភូមិន្ទ​។

​នាយ​ឧ​ត្ត​ម​សេនីយ៍ ឈុំ សុជាត ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​ថា ប្រជាជន អាច​នឹងមាន​អារម្មណ៍​ភ័យខ្លាច​និង​បារម្ភ​ពី​សន្តិសុខ បើ​យោ​ធាណា​ម្នាក់ ដាក់អាវុធ​តាម​ខ្លួន ពេល​ចូល​កន្លែង​ទាំងនោះ​។ លោក បញ្ជាក់​ដូច្នេះ​ថា​៖«​ជូន​កាល​យើង រេ​កៃ​ទៅ វា ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​»​។​

​លោក បន្តថា ការចេញ​បញ្ជា​នេះ ក៏​ដើម្បី​ការពារ​កុំ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​យោធា ដោយសារតែ​ការផ្ទុះអាវុធ នៅ​កន្លែង​កម្សាន្ត​ផ្សេងៗ​។ លោក សង្កត់ធ្ងន់ថា​៖«​ជូន​កាល​ផឹក​ស្រវឹង បាញ់បោះ​ទៅ វា​បាត់​តួនាទី  គេ​ដក​ស័ក្តិ​អី វា​ស្តាយ អ៊ីចឹង​យើង​ត្រូវ​ហាមឃាត់​....»​។

​បើតាម​អ្នកនាំពាក្យ ការហាម​មិន​ឲ្យ​យោធា យក​អាវុធ​ចូល​កន្លែង​ទាំងនេះ មិនមែនជា​រឿង​ថ្មី​នោះទេ ពោលគឺ កន្លងមក មេដឹកនាំ​យោធា ក៏​ធ្លាប់​ហាមប្រាម​ដែរ​។

​តាមរយៈ​បទបញ្ជា​នេះ នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន ក៏បាន​ប្រាប់​មេបញ្ជាការ​កងទ័ព នាយក​ស្ថាប័ន និង​នាយក​សាលា ដែល​ចំណុះ​អគ្គបញ្ជាការដ្ឋាន​នៃ​កងយោធពល​ខេមរភូមិន្ទ កុំ​ឲ្យ​យក​កងទ័ព ឬធ​ម្យោ​បាយ​របស់​កងទ័ព​ក្នុង​អង្គភាព «​ទៅ​បម្រើ​ការងា ឬ​យាម​ការពារ​ក្រុមហ៊ុន រោងចក្រ សហគ្រាស​ឯកជន និង​បម្រើ​ការងារ​បុគ្គល​ឯកជន​»​។

​លោក ឈុំ សុជាត អះអាងថា ការហាម​មិន​ឲ្យ​យក​កម្លាំងយោធា​ទៅ​បម្រើ​វិស័យ​ឯកជន​នេះ ក៏​ក្រសួងការពារជាតិ ធ្លាប់​ហាម​ពីមុនមក​ដែរ​។ លោក ថ្លែង​បែបនេះ​ថា​៖«​ក្រសួង មិនដែល​អនុញ្ញាត​ឲ្យ​ធ្វើ​ទេ តែ​ជា​រឿង​បុគ្គល ដែល​ធ្វើ​។ ការណែនាំ​នេះ ដើម្បី​រម្លឹកស្មារតី​ឡើងវិញ ចំពោះ​អ្នក​ដែល​អនុវត្ត​ខុស ឲ្យ​អនុវត្ត​ចាប់ផ្តើម​ពី​ពេលនេះ​ទៅ កុំ​ឲ្យ​មាន​បន្តទៀត​»​។

​កាលពីដើម​ខែកក្កដា ឆ្នាំ​២០១៩ សម្តេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានចេញ​បទបញ្ជា​មួយ ដោយបាន​ហាម​គ្រប់​អង្គភាព មិន​ឲ្យ​យក​កងកម្លាំង​នគរបាល និង​មធ្យោបាយ​ផ្សេងៗ (​ម៉ូតូ រថយន្ត​...) ទៅ​បម្រើ​ការងារ​តាម​ក្រុមហ៊ុន រោងចក្រ សហគ្រាស ឬ​ជា​លក្ខណៈ​បុគ្គល​ឯកជន ដោយ​គ្មាន​ការអនុញ្ញាត​ពី​ថ្នាក់ដឹកនាំ​។ លើសពីនេះ រដ្ឋមន្ត្រី​មហាផ្ទៃ នៅ​ហាម​មិន​ឲ្យ​យក​កងកម្លាំង​នគរបាល​ទៅ​ប្រចាំការ ឬ​ការពារ​នៅ​កន្លែង​កម្សាន្ត​ផ្សេងៗ ដូចជា  ក្លិប ខារ៉ាអូខេ និង កាស៊ីណូ ជាដើម​៕


Tag:
 ​វង្ស ពិ​សេន
© រក្សាសិទ្ធិដោយ thmeythmey.com