អន្តរជាតិ
អ្នកជំងឺ​ស្លាប់​តាមផ្លូវ​ទៅ​មន្ទីរពេទ្យ​ជា​ហូរហែ ដោយសារ​ស្ទះ​ចរាច​ណ៍​នៅ​ក្រុង​ម៉ានីល​
10, Sep 2019 , 8:29 am        
រូបភាព
ទិដ្ឋភាពស្ទះចរាចរណ៍នៅផ្លូវល្បឿនលឿនមួយកន្លែង ក្នុងទីក្រុង ម៉ានីល ថ្ងៃ ៩ សីហា ២០១៩(AFP)
ទិដ្ឋភាពស្ទះចរាចរណ៍នៅផ្លូវល្បឿនលឿនមួយកន្លែង ក្នុងទីក្រុង ម៉ានីល ថ្ងៃ ៩ សីហា ២០១៩(AFP)
ដោយ:
​ការកកស្ទះ​ចរាចរណ៍​ក្នុង​រដ្ឋធានី ម៉ានីល នៃ​ប្រទេស​ហ្វីលីពីន កំពុង​ឆក់យក​ជីវិត​មនុស្ស​ជាច្រើន ខណៈ​ឡានពេទ្យ​យឺតយ៉ាវ​ក្នុង​ការដឹក​អ្នកជំងឺ​ដល់​មន្ទីរពេទ្យ​ទាន់ពេលវេលា​។ អ្នកជំនាញ​វេជ្ជសាស្ត្រ​ព្រមាន​បែបនេះ ដោយ​បន្ថែមថា គ្មាន​ឡើយ​ផ្លូវ​ពិសេស​សម្រាប់​រថយន្ត​សង្គ្រោះបន្ទាន់ ហើយ​អ្នកបើកបរ​ទៀតសោត ហាក់​ពុំ​ឲ្យ​តម្លៃ​ដល់​ជីវិត​មនុស្ស ដោយ​ពួកគេ​មិន​ព្រម​បើកផ្លូវ​សម្រាប់​ឡានពេទ្យ​ធ្វើដំណើរ​ទៅមុន ជាហេតុ​បណ្តាល​ឲ្យ​អ្នកជំងឺ​ដាច់ខ្យល់​ស្លាប់​តាមផ្លូវ​បែបនេះ​។ 



​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP លោក Joseph Laylo ដែលមាន​តួនាទី​ជា​អ្នកបើកបរ​ឡានពេទ្យ និង​ជា​គ្រូពេទ្យ​សង្គ្រោះបន្ទាន់​ផង​នោះ លើកឡើងថា​៖«​អ្នកមាន​អារម្មណ៍​ថា គ្មាន​បានការ ប្រសិនបើ​អ្នក​ពុំ​ត្រូវ​ផ្តល់ឱកាស​ឲ្យ​ប្រើប្រាស់​ជំនាញ​ដែល​អ្នកមាន ដើម្បី​ជួយសង្គ្រោះ​អ្នកជំងឺ​»​។ លោក ថា ប្រសិនបើ​បញ្ហា​កកស្ទះ​ចរាចរណ៍ ពុំ​អាក្រក់​ខ្លាំង​ទេនោះ វា​អាចជួយ​សង្គ្រោះ​ជីវិត​ពួកគេ​បាន​។​

​ដោយ​រំឭក​ពី​ព្រឹត្តិការណ៍​អ្នកជំងឺ​របស់លោក​ស្លាប់​ខណៈ​ការកកស្ទះ​ចរាចរណ៍​ប​ណ្តា​ល​ម៉ោង​ទៅដល់​មន្ទីរពេទ្យ កើនឡើង​៣​ដង​ហួស​ម៉ោង​ធម្មតា​នោះ លោក សង្កត់ធ្ងន់ថា ទោះជា​ស្គាល់ផ្លូវ​កាត់​ច្រើន ឬ​បើក​ស៊ី​រ៉ែ​ន​ខ្លាំង​ប៉ុណ្ណា​ក៏ដោយ វា​នៅតែ​គ្មាន​ពេល​គ្រប់គ្រាន់​ទៅដល់​មន្ទីរពេទ្យ​ឲ្យ​ទាន់ពេលវេលា​ដដែល​។

​តាម AFP អ្នកបើកបរ​ឡានពេទ្យ​ម្នាក់ទៀត ឈ្មោះថា Adriel Aragon នៅតែ​រង​បន្លាច​ដោយ​ព្រឹត្តិការណ៍​មួយ កាលពី​ឆ្នាំ ២០១៤​។ កាលនោះ អ្នកជំងឺ​របស់លោក​ម្នា​ក់បាន​ស្លាប់ ក្រោយពី​ឡានពេទ្យ​ប្រើពេល​ដល់​៤០​នាទី ទើប​ទៅដល់​មន្ទីរពេទ្យ ខណៈ​លោក អះអាងថា ជាធម្មតា វា​ត្រូវការ​ពេល​ត្រឹម ២០​នាទី​ប៉ុណ្ណោះ​។

«​មិន​ខ្វល់​ថា យើង​ប្រឹង​ចុច​ស៊ី​ផ្លេ​រ ឬ​បើក​ស៊ី​រ៉ែ​ខ្លាំង​ប៉ុណ្ណា​ឡើយ ប្រសិនបើ រថយន្ត​លើ​ដងផ្លូវ​ទាំងនោះ មិន​ព្រម​ចៀស​ផ្លូវ​ឲ្យ​យើង​ទៅមុន វា​គ្មាន​បាន​ប្រយោជន៍​អ្វី​ទេ​។ នេះ​ជាហេតុ​ការណ៍​ដែល​បាន​កើតឡើង​ក្នុង​ឆ្នាំ​២០១៤»​។ លោក Aragon និយាយ​ទាំង​ក្ដុកក្ដួល​បែបនេះ ដោយ​បន្ថែមថា ៥​នាទី មុន​លោក​ដឹក​អ្នកជំងឺ​ដល់​មន្ទីរពេទ្យ ស្ត្រី​ដែល​ឈឺ​ធ្ងន់​រូបនោះ​បាន​ដាច់ខ្យល់​បាត់ទៅហើយ​។

​មន្ត្រី​ហ្វីលីពីន​ម្នាក់​ទទួលបន្ទុក​សុវត្ថិភាព​សាធារណៈ​ប្រចាំ​ទីក្រុង ម៉ានីល ឈ្មោះថា Aldo Mayor បាន​ទម្លាក់កំហុស​លើ​អ្នកបើកបរ​តាម​ដងផ្លូវ​។ លោក ប្រាប់ AFP ថា​៖ «​អ្នកខ្លះ គ្មាន​ខ្វល់​ពី​នរណា​ទាំងអស់ ។ វា​ដូចជា ពួកគេ​ជា​ប្រជាជន​តែ​ម្នាក់​គត់​ក្នុង​ពិភពលោក​នេះ អ៊ីចឹង​!»​។

​នៅ​ម៉ោង​រវល់​បំផុត ផ្លូវ​សំខាន់ៗ​របស់​ទីក្រុង ម៉ានីល មាន​រថយន្ត​បន្តកន្ទុយ​គ្នា​ដ៏​វែង​អន្លាយ​។ ផ្លូវ​ចម្ងាយ​ត្រឹម​២៥​គីឡូម៉ែត្រ ជា​មធ្យម​ត្រូវការ​ពេល​ប្រមាណ​៣​ម៉ោង ទើប​ជិះ​ផុត​ការកកស្ទះ​នេះ​។ មាន​ប្រជាជន​ប្រមាណ ១៣​លាន​នាក់ ប្រជាជន​ស្ទើរ​គ្រប់​ផ្ទះ​មាន​ឡាន​ជិះ​។ តាម​របាយការណ៍​ក្នុង​ឆ្នាំ​២០១៧​មួយ ដែល​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ដោយ​រដ្ឋាភិបាល​ជប៉ុន ការកកស្ទះ​ចរាចរណ៍​បែបនេះ ធ្វើ​ឲ្យ​ទីក្រុង​នេះ​បាត់បង់​៦៧​លាន​ដុល្លារ ជា​រៀងរាល់ថ្ងៃ ដោយ​គិត​លើ​ការបាត់បង់​ផលិតភាព​៕

Tag:
 ហ្វីលីពីន​
  ឡានពេទ្យ​
  ម៉ានីល
© រក្សាសិទ្ធិដោយ thmeythmey.com