ពីនេះ ពីនោះ
ព័ត៍មានសុខភាព
មិន​អើពើ​នឹង​អាកា​រៈទាំង​នេះ ប្រយ័ត្ន​គ្រោះថ្នាក់​ដល់​ជីវិត​
11, Sep 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​រាងកាយ​របស់​មនុស្ស គឺ​ប្រៀបបាន​នឹង​ម៉ាស៊ីន​ដ៏​ស្មុគស្មាញ​បំផុត​មួយ​។ ជាធម្មតា​រាងកាយ​ក៏​តែងតែ​បញ្ជូន​នូវ​រាល់​ព័ត៌មាន​ដែល​ទាក់ទង​នឹង​ភាពមិនប្រក្រតី​នៃ​ប្រព័ន្ធ​សរីរាង្គ រួមទាំង​ប្រព័ន្ធ​សរីរាង្គ​ឲ្យ​យើង​បានដឹង​តាមរយៈ​ការបញ្ចេញ​អាកា​រៈ ឬ​សញ្ញា​ផ្សេងៗ​។ ទោះជា​យ៉ាងណា ភាគច្រើន​នៃ​ពួកយើង គឺ​តែងតែ​មើលរំលង​មិន​អើពើ​ឡើយ​ជាមួយ​អ្វីដែល​រាងកាយ​ព្យាយាម​ប្រាប់​។



​ហើយ​នេះ គឺជា​កំហុស​ដ៏​ធំ​មួយ​! ថ្ងៃនេះ​យើង នឹង​បង្ហាញ​អោយដឹងពី​សញ្ញា​គួរអោយ​ព្រួយបារម្ភ​មួយចំនួន​ដែល​រាងកាយ​អាច​បញ្ជូនមក ហើយ​អ្នក​គួរ​យកចិត្តទុកដាក់​យ៉ាង​ដិតដល់​បំផុត ៖

១. ស្នាម​រង្វង់​ខ្មៅ​ក្រោម​ភ្នែក​

​បញ្ហា​នេះ​អាច​កើតឡើង ប្រសិនបើ​អ្នក​គេង​មិនបាន​គ្រប​គ្រាន់​។ វេជ្ជបណ្ឌិត​ជាច្រើន​បាន​ណែនាំ​អោយ​អ្នក​គេង​មិនតិចជាង ៧ ទៅ ៨ ម៉ោង​រាល់​យប់​។ ទោះជា​យ៉ាងណា​ស្នាម​រង្វង់​ខ្មៅ​ក្រោម​ភ្នែក​អាចជា​លទ្ធផល​នៃ​អ្វីមួយ​មិន​ប្រក្រតី​គួរអោយ​ព្រួយបារម្ភ ដូចជា​ជំងឺ​ខ្វះ​គ្រាប់​ឈាមក្រហម​។ បញ្ហា​នេះ​កើតឡើង​នៅពេល​រាងកាយ​មិនអាច​ផលិត​កោសិកា​គ្រាប់​ឈាមក្រហម​ដែល​បណ្ដាល​ឲ្យ​ស្បែក​ក្រោម​ភ្នែក​ប្រែជា​ខ្មៅ​។​

២. ភាពប្រែប្រួល​នៃ​ពណ៌​ម្រាមដៃ​


​ប្រសិនបើ​អ្នក​សម្គាល់​ឃើញថា ម្រាមដៃ​ផ្លាស់ប្ដូរ​ពណ៌​ជា​ញឹកញយ នោះ​វា​អាចជា​រោគសញ្ញា​មួយ​នៃ​ជំងឺ Reynaud’s Syndrome​។​

៣. មើល​លែង​សូវ​ច្បាស់​

​ប្រសិនបើ​ភ្នែក​របស់​អ្នក​ឆាប់​នឿយហត់ និង​ឧស្សាហ៍​ព្រិល​ភ្នែក ឬ​ចាប់ផ្ដើម​មើលឃើញ​អ្វី​លែង​សូវ​ច្បាស់ បើទោះជា​ស្ថិតក្នុង​ចម្ងាយ​ធម្មតា​សោះ នោះ​អ្នក​កំពុង​ប្រឈមមុខ​ជាមួយ​ហានិភ័យ​នៃ​បញ្ហា​ភ្នែក​ហើយ​។ ដូច្នេះ​មុននឹង​យឺត​ពេល អ្នក​គួរ​ប្រញាប់​ទៅ​ជួប​ពិនិត្យ​ជាមួយ​គ្រូពេទ្យ ឬ​អ្នកឯកទេស​ខាង​បញ្ហា​ភ្នែក​។​

៤. សំឡេង​ក្នុង​ពោះ​

​សំឡេង ឬ​សូរ​លាន់ឮ​ក្នុង​ពោះ គឺអាច​បណ្ដាលមកពី​ដំណើរការ​មុខងារ​នៃ​ពោះវៀន​។ ប្រសិនបើ​បញ្ហា​នេះ​កើតឡើង​យូរៗ​ម្ដងនោះ​វា​គ្មានអ្វី​គួរ​ឲ្យ​ព្រួយបារម្ភ​ឡើយ ប៉ុន្តែ​ប្រសិនបើ​ពោះ​របស់​អ្នកបង្កើត​សំឡេង ឬ​សូរ​ណាមួយ​ជាប្រចាំ​ដោយមាន​អម​មកជា​មួយ​នូវ​ការឈឺចាប់​ទៀត​នោះ​អ្នក​គួរ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ភ្លាម​។​

៥. របកស្បែក​

​ការ​របកស្បែក គឺអាច​ជាការ​ចង្អុលបង្ហាញ​មួយ​ពាក់ព័ន្ធ​នឹង​កង្វះ​វីតាមីន​ក្នុង​រាងកាយ​។ របប​អាហារ​មាន​តុល្យភាព​អាច​កែប្រែ​ស្ថានភាព​នៃ​ស្បែក​ឲ្យ​ប្រក្រតី​វិញ​បាន​យ៉ាង​លឿន​។ ប៉ុន្តែ​ប្រសិនបើ​ការ​របក​​អម​មកជា​មួយ​នូវ​ការ​រមាស់ នោះ​អ្នក​មិនគួរ​ស្ទាក់ស្ទើ​នឹង​ទៅ​ជួប​ពិនិត្យ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ឡើយ​។ បញ្ហា​នេះ​អាច​បណ្ដាល​មក​ការឆ្លង​មេរោគ​ផ្សិត​។​

៦. លែង​ដឹង​ក្លិន​

​ជាធម្មតា​ចំពោះ​មនុស្ស​ចាស់ បញ្ហា​នេះ​អាច​បណ្ដាលមកពី​ការខូចខាត​នៃ​ប្រព័ន្ធ​សរសៃប្រសាទ​។ ប៉ុន្តែ​ប្រសិនបើ​អ្នក​នៅ​វ័យក្មេង​សោះ ក៏​ជួបប្រទះ​នឹង​បញ្ហា​បាត់បង់​សមត្ថភាព​នៃ​ការដឹង​ក្លិន​ដែរនោះ​អ្នក​គួរ​ប្រញាប់​ទៅ​ជួប​ពិនិត្យ​ជាមួយ​គ្រូពេទ្យ​ភ្លាម​។ បញ្ហា​នេះ​អាចជា​លទ្ធផល​នៃ​រោគ​ឆ្លង​ណាមួយ ឬ​ផ្ដាសាយធំ​។​

៧. សំឡេង​ក្នុង​ត្រចៀក​

​អាកា​រៈ​ហឹ​ង​ត្រចៀក គឺជា​អារម្មណ៍​នៃ​ការ​លឺ​សំឡេង​រំខាន​ក្នុង​ត្រចៀក​។ មនុស្ស​ភាគច្រើន​ព្យាយាម​មិន​ចាប់អារម្មណ៍ ឬ​យកចិត្តទុកដាក់​ខ្វាយខ្វល់​ចំពោះ​បញ្ហា​នេះឡើយ ដោយ​ជឿជាក់ថា​វា​មិនអាច​ជះ​ឥទ្ធិ​​ពល​គំរាមកំហែង​អ្វី​ដល់​សុខភាព​។ ប៉ុន្តែ​ទោះជា​យ៉ាងណា​អាកា​រៈ​ហឹ​ង​ត្រចៀក​ដែល​កើតមាន​ជាប្រចាំ​មិន​បាត់​សោះ គឺអាច​បណ្ដាលមកពី​ជំងឺ​ណាមួយ​ហើយ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com