អន្តរជាតិ
កូរ៉េខាងជើង ផ្ញើ​សារ​ចង់​ចរចា​ជាមួយ​អាមេរិក អមដោយ​ការបាញ់​មី​ស៊ី​លពីរ​គ្រាប់​
10, Sep 2019 , 10:54 am        
រូបភាព
​កូរ៉េខាងជើង​នៅ​ថ្ងៃទី​១០ ខែកញ្ញា បាន​បាញ់​មី​ស៊ី​ល​ចំនួន​ពីរ​គ្រាប់​ចូល​សមុទ្រ​ខាងកើត ប៉ុន្មាន​ម៉ោង​ក្រោយ​ប្រកាស​បន្ត​ការចរចា​ជាមួយ​អាមេរិក​នៅ​ចុងខែ​កញ្ញា​ខាងមុខនេះ​។ ជាមួយនឹង​ការបាញ់​នេះ កូរ៉េខាងជើង ទំនង​ចង់​ផ្ញើ​សារ​ថា ទោះ​ខ្លួន​ចង់​ចាប់ផ្ដើម​ការចរចា​ឡើងវិញ តែ​ការពង្រឹង​អានុភាព​យោធា​នៅតែ​ជា​អាទិភាព​ដដែល​។ លោក​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ហាក់​ទទួលយក​សំណើ​របស់​ទីក្រុង​ព្យុងយ៉ាង​ហើយ​។​



​មី​ស៊ី​លពីរ​គ្រាប់​របស់​កូរ៉េខាងជើង បាញ់​ចេញ​នៅ​ព្រឹក​ថ្ងៃទី​១០ ខែកញ្ញា ចេញពី​តំបន់ឆ្នេរ​ភាគ​ខាងលិច​សំដៅ​សមុទ្រ​ខាងកើត ឬ​សមុទ្រ​ជប៉ុន​។ នេះ​បើតាម​ការអះអាង​របស់​យោធា​កូរ៉េខាងត្បូង តែ​មិនបាន​បញ្ជាក់​ពី​ប្រភេទ​អាវុធ​ដែល​បាញ់​នេះ​ជា​មី​ស៊ី​ល ឬ​គ្រាប់​រ៉ុក្កែត​ឡើយ​។ យោធា​កូរ៉េខាងត្បូង​បន្តថា ខ្លួន​កំពុង​តាមដាន​យ៉ាង​យកចិត្តទុកដាក់​ពី​ស្ថានការណ៍​ក្រែង​លោ​ក្រុង​ព្យុងយ៉ាង​បន្ត​ការបាញ់ ហើយ​ត្រៀមខ្លួន​ប្រយុទ្ធ​ជាស្រេច​។​

​ការបាញ់​លើក​នេះ ធ្វើឡើង​ប៉ុន្មាន​ម៉ោង​ក្រោយ​មន្ត្រីជាន់ខ្ពស់​ក្រសួងការបរទេស​កូរ៉េខាងជើង បង្ហាញ​ឆន្ទៈ​ចាប់ផ្ដើម​ការចរចា​ជាមួយ​អាមេរិក​ឡើងវិញ​។ ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង KCNA បាន​ស្រង់​សម្ដី​អនុរដ្ឋមន្ត្រី​ការបរទេស​កូរ៉េខាងជើង ឆេ ស៊ុន​ហ៊ី (Choe Son-hui) ថា ទីក្រុង​ព្យុងយ៉ាង មានបំណង​ជួប​ជជែក​ឲ្យ​បាន​ស៊ីជម្រៅ​ជាមួយ​អាមេរិក​នៅ​ចុងខែ​កញ្ញា​នេះ​ទៅតាម​ពេលវេលា និង​ទីតាំង​ដែល​ភាគី​ទាំងអស់​យល់ព្រម​។

​ការបង្ហាញ​ឆន្ទៈ​របស់​កូរ៉េខាងជើង ក៏​កើតមាន​ពីរ​ថ្ងៃក្រោយ​រដ្ឋមន្ត្រីការបរទេស​អាមេរិក ម៉ៃ ប៉ុ​ម​ប៉េ​អូ និយាយ​ពី​ការចាប់ផ្ដើម​ការចរចា​ឡើងវិញ​នៅ​ប៉ុន្មាន​ថ្ងៃ ឬ​សប្ដាហ៍​ខាងមុខ​ផងដែរ​។ ត្រង់ចំណុច​នេះ ទាំង​អាមេរិក ទាំង​កូរ៉េខាងជើង ទំនង​បាន​ឯកភាពគ្នា​លើ​ការចរចា​រួចទៅហើយ​។ ប៉ុន្តែ​លោកស្រី ឆេ បាន​ដាស់តឿន​អាមេរិក​ឲ្យ​រក​វិធីសាស្ត្រ​ថ្មី​ដើម្បី​ចរចា ជាជាង​ការប្រើប្រាស់​យុទ្ធសាស្ត្រ​ចាស់ ព្រោះ​វា​នឹងធ្វើ​ឲ្យ​ការចរចា​មិនបាន​ផល​អ្វី​ឡើយ​។

​ការចរចា​ថ្នាក់​ក្រុមការងារ​រវាង​ក្រុង​វ៉ាស៊ីនតោន និង​ក្រុង​ព្យុងយ៉ាង មិនទាន់​រៀបចំ​ធ្វើ​ឡើយ​ទោះ​មេដឹកនាំ​ប្រទេស​ទាំងពីរ​ឯកភាពគ្នា​រួចហើយ​ក្ដី​។ ការចរចារ​ដើម្បី​រំសាយ​នុយក្លេអ៊ែរ​​កូរ៉េខាងជើង បាន​បរាជ័យ​នា​ជំនួប​នៅ​វៀតណាម​ក្នុង​ខែកុម្ភៈ​កន្លងទៅ​។ លោក ដូ​ណា​ល់ ត្រាំ និង​លោក គីម ជុង​អ៊ុន បាន​ជួបគ្នា​ជា​លើក​ទី​បី​នៅ​តំបន់​គ្មាន​យោធា​ខណ្ឌ​ចែក​ឧបទ្វីប​កូរ៉េ ប៉ុន្តែ​នៅតែ​គ្មាន​បាន​ផល ហើយ​កូរ៉េខាងជើង​ក៏​ចាប់ផ្ដើម​បាញ់​មី​ស៊ី​ល និង​រ៉ុក្កែត​ជា​បន្តបន្ទាប់​។​

​ក្រោយ​ទទួលដំណឹង​ពី​កូរ៉េខាងជើង លោក ត្រាំ ឯណោះ​វិញ​ហាក់​រីករាយ​។ លោក ត្រាំ ចាត់ទុក​ជំនួប​ចរចា ជា​រឿង​ល្អ តែ​ត្រូវ​រង់ចាំ​មើល​សិន​ថា នឹងមាន​អ្វី​កើតឡើង​។ ត្រង់នេះ លោក ត្រាំ ហាក់​ប្រុងប្រយ័ត្ន និង​មិនទាន់​និយាយ​ច្បាស់​ថា ជំនួប​រវាង​អាមេរិក និង​កូរ៉េខាងជើង នឹង​កើតឡើង​ប្រាកដ​ឡើយ​៕   


Tag:
 កូរ៉េខាងជើង​
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com