អន្តរជាតិ
ជេ​ក ម៉ា ដើរ​ចេញពី​តំណែង​ប្រធាន Alibaba ចំ​ថ្ងៃ​ខួបកំណើត​៥៥​ឆ្នាំ​
10, Sep 2019 , 11:13 am        
រូបភាព
លោក ជេក ម៉ា (AFP)
លោក ជេក ម៉ា (AFP)
ដោយ:
​លោក ជេ​ក ម៉ា បុរស​មាន​ដាច់​គេ​ប្រចាំ​ប្រទេស​ចិន យក​ថ្ងៃ​ខួបកំណើត ៥៥​ឆ្នាំ​របស់លោក នៅ​ថ្ងៃ​អង្គារ ទី​១០ ក​ញ្ញា ដើម្បី​លាលែង​ពី​តំណែង​ប្រធាន​ក្រុមហ៊ុន Alibaba ។ វា គឺជា​ក្រុមហ៊ុន​ពាណិជ្ជកម្ម​អេឡិចត្រូនិក (e-commerce) ដែល​លោកបាន​បង្កើត​ដោយ​ផ្ទាល់ដៃ​កាលពី​២០​ឆ្នាំមុន នៅផ្ទះ​ដ៏​តូចចង្អៀត​មួយ​របស់លោក​ក្នុងប្រទេស​ចិន​។​



«​ខ្ញុំ​នៅមាន​សុបិន​ជាច្រើន រង់ចាំ​ខ្ញុំ​សម្រេច​។ អ្នក​ដែល​ស្គាល់​ខ្ញុំ ដឹងថា ខ្ញុំ​មិន​ចូលចិត្ត​អង្គុយ​ទំនេរ​ទេ​»​។ លោក ម៉ា  សរសេរ​បែបនេះ​ក្នុង​លិខិត​បើកចំហ​មួយ ប្រកាស​ពី​ការលាលែង​តំណែង កាលពី​ឆ្នាំ​២០១៨​។ លោក បន្ថែមថា​៖«​ពិភពលោក គឺ​ធំធេង​ណាស់ ហើយ​ខ្ញុំ​នៅមាន​វ័យក្មេង ម្ល៉េះ​ហើយ ខ្ញុំ​ចង់​សាក​រឿង​ថ្មីៗ ព្រោះថា ចុះបើ​ក្តី​សុបិន​ថ្មី អាច​សម្រេចបាន​ជោគជ័យ​នោះ​?» ។

​ក្រុមហ៊ុន Alibaba នេះ លោក ជេ​ក ម៉ា បាន​បង្កើតឡើង​ជាមួយ​មិត្តភក្តិ​ក្នុងផ្ទះ​ដ៏​តូចចង្អៀត​មួយ​របស់លោក ក្នុង​ឆ្នាំ ១៩៩៩ ហើយ​បច្ចុប្បន្ន​ក្រុមហ៊ុន​យក្ស​នេះ មានតម្លៃ ៤៦០​ពាន់​លាន​ដុល្លារ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ លោក ម៉ា បានក្លាយ​ជា​និ​ម​ត្តិ​រូប​ដ៏​សំខាន់​មួយ​នៃ​ការរីកលូតលាស់​របស់​ចិន​ក្នុង​វិស័យ​បច្ចេកវិទ្យា​។

​លោក ដា​នី​ញែ​ល ចាង (Daniel Zhang) ដែល​បាន​ក្លាយជា​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Alibaba កាលពី​ឆ្នាំ​២០១៥ នឹង​ចូលកាន់​តំណែង​ជា​ប្រធាន​ក្រុមហ៊ុន​យក្ស​ចិន​នេះ​បន្ត​ពី​លោក ជេ​ក ម៉ា​។ ក្នុង​លិខិតបញ្ជាក់​ពី​ការដើរ​ចេញពី​តំណែង លោក ម៉ា ហៅ​លោក ចាង ថា បុគ្គល​ម្នាក់ ដែលមាន​សមត្ថភាព​នាំ​មូល​នូវ​គំនិត​ថ្មី និង​សាកល្បង​គំរូ​អាជីវកម្ម​ប្រកបដោយ​ភាព​ច្នៃប្រឌិត​។

​ក្រោយពី​ថ្ងៃទី ១០ កញ្ញា ឆ្នាំ​២០១៩ តទៅ លោក ម៉ា មាន​គម្រោង​ចំណាយពេល​បន្ថែម​ដោះស្រាយ​បញ្ហា​របស់​ប្រទេស​ចិន ជាពិសេស បណ្តុះបណ្តាល​គ្រូបង្រៀន​នៅតាម​ជនបទ តាមរយៈ​មូលនិធិ​ដែល​លោក​បង្កើតឡើង ក្នុង​ឆ្នាំ​២០១៤​កន្លងទៅ​។ នា​ខែតុលា​ខាងមុខ លោក​នឹង​ក៏​ទៅ​ទទួល​ពាន់រង្វាន់ Africa Netprenur ទីមួយ ផងដែរ​។​

​យ៉ាងណាមិញ លោក ជេ​ក ម៉ា នឹង​រក្សា​កៅអី​ក្នុង​ក្រុមប្រឹក្សាភិបាល​របស់​ក្រុមហ៊ុន Alibaba រហូតដល់​ឆ្នាំ​២០២០ ហើយ​គេ​រំពឹងថា លោក​នៅតែមាន​ឥទ្ធិពល​ខ្លាំង​ដដែល​។ ប្រាប់​វេ​ប​សាយ Quartz ក្រុមហ៊ុន Alibaba  បញ្ជាក់​ឲ្យ​ដឹ​ងថា លោក ម៉ា នៅតែ​ស្ថិត​ជា​ផ្នែក​មួយ​នៃ​ក្រុមហ៊ុន Alibaba​។ ខណៈ​លោក នឹង​ពុំ​មក​ធ្វើការ​ជា​រៀងរាល់ថ្ងៃ​ក្តី លោក​នឹង​បន្ត​ផ្តល់​គំនិត និង​យោបល់​ដល់​ប្រតិបត្តិការ​ក្រុមហ៊ុន​៕

© រក្សាសិទ្ធិដោយ thmeythmey.com