កីឡាអន្តរជាតិ
អន្តរជាតិ
Euro 2020៖ ជ័យជម្នះ​របស់​ហូ​ឡង់ និង​អាល្លឺម៉ង់ នាំ​ឲ្យ​ពូ​ល C ប្រទាញប្រទង់​ខ្លាំង​
10, Sep 2019 , 11:23 am        
រូបភាព
​ជ័យជម្នះ​របស់​ក្រុម​ជម្រើសជាតិ​ហូ​ឡង់​លើ​ក្រុម​អេ​ស្តូ​នី​ក្នុង​លទ្ធផល ៤-០ ជាការ​ដាក់​សម្ពាធ​លើ​អៀរ​ឡង់​ខាងជើង​ដែល​ប្រកួត​ចាញ់​អាល្លឺម៉ង់ ២-០ នា​ការប្រកួត​វគ្គ​ជម្រុះ Euro 2020 នៅ​យប់​ថ្ងៃទី​៩ ខែកញ្ញា​។ ក្នុង​ពូ​ល C នេះ អាល្លឺម៉ង់ និង​អៀរ​ឡង់​ខាងជើង​មាន​១២​ពិន្ទុ​ដូចគ្នា ខណៈ​ហូ​ឡង់​មាន​៩​ពិន្ទុ ប៉ុន្តែ​សល់​១​ប្រកួត​ក្នុង​ដៃ​។​



៤​គ្រាប់​ដែល​សម្រេច​ទី​បាន​ដោយ ខ្សែប្រយុទ្ធ Ryan Babel ពីរ​គ្រាប់ Memphis Depay មួយ​គ្រាប់ និង Georginio Wijnaldum មួយ​គ្រាប់ បាន​ជួយ​ឲ្យ​ក្រុម​របស់លោក Ronald Koeman ទទួលបាន​៣​ពិន្ទុ​បន្ថែម​សម្រាប់​ជំនួប​លើក​ទី​៤​នេះ​។ ក្រុម​រហស្សនាម​ទឹកក្រូច​ទទួលបាន​៩​ពិន្ទុ​ពី​ការប្រកួត​៤​លើក ស្ថិតនៅ​ចំណាត់ថ្នាក់​ទី​៣ ពូ​ល C តាម​ពីក្រោយ​ក្រុម​លេខ​២ អៀរ​ឡង់​ខាងជើង និង​ក្រុម​កំពូល​តារាង​អាល្លឺម៉ង់​ដែល​ប្រកួត​៥​លើក​ដូចគ្នា​មាន​១២​ពិន្ទុ​។​



​បរាជ័យ​របស់​អៀរ​ឡង់​ខាងជើង ក្រោម​ថ្វី​ជើង​ក្រុម​ឥន្ទ្រី​ដែក​ក្នុង​លទ្ធផល ២-០ ដែល​ស៊ុត​បញ្ចូល​ទី​ដោយ Marcel Halstenberg និង​ខ្សែប្រយុទ្ធ Serge Gnabry បាន​បង្ក​ការលំបាក​ដល់​អៀរ​ឡង់​ខាងជើង​ក្នុងការ​ប្រជែង​កៅអី​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ពាន់រង្វាន់​ទ្វីបអឺរ៉ុប​ឆ្នាំ​២០២០ ប៉ុន្តែ​បាន​ផ្តល់ឱកាស​ឲ្យ​ហូ​ឡង់​ច្រើន​វិញ​។ 

​ជំនួប​បន្ទាប់ សម្រាប់​ការប្រកួត​លើក​ទី​៥​របស់​ហូ​ឡង់​ដែលជា​ក្រុម​កំពុង​ឡើង​ជើង​ខ្លាំង ត្រូវ​បើកទ្វារ​ទទួលភ្ញៀវ​អៀរ​ឡង់​ខាងជើង​ដែលជា​ប្រកួត​លើក​ទី​៦​។ ប្រសិនបើ​ហូ​ឡង់​ឈ្នះ នោះ​អៀរ​ឡង់​ខាងជើង​នឹង​ធ្លាក់​ទៅ​លេខ​៣ ក្នុង​ពូ​ល C វិញ ខណៈ​អាល្លឺម៉ង់​មាន​ភាគរយ​ខ្ពស់​ក្នុងការ​រក្សា​ចំណាត់​កំពូល​តារាង ដ្បិត​ប៉ះ​ក្រុម​ខ្សោយ​បេឡា​រុស​៕




Tag:
 Euro 2020
© រក្សាសិទ្ធិដោយ thmeythmey.com