កីឡាអន្តរជាតិ
អន្តរជាតិ
កំហុស​បច្ចេកទេស​! ម៉ា​ក្រុង សុំទោស​អាល់​បា​នី​ដែល​ច្រឡំ​ចាក់​ភ្លេងជាតិ​អង់​ដូ​រ៉ា
10, Sep 2019 , 7:19 pm        
រូបភាព
​ប្រធានាធិបតី​បារាំង លោក អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង (Emmanuel Macron) បាន​សុំ​ការ​អភ័យទោស​ទៅកាន់​ប្រទេស​អាល់​បា​នី ចំពោះ​ការភាន់ច្រឡំ​ចាក់​បទ​ភ្លេងជាតិ​ខុស ក្នុងការ​ប្រកួត​ជម្រុះ Euro 2020 រវាង​ម្ចាស់ផ្ទះ​បារាំង​ទល់នឹង​អាល់​បា​នី កាលពី​ថ្ងៃ​៧ ខែកញ្ញា​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក Edi Rama នាយករដ្ឋមន្ត្រី​អាល់​បា​នី ដែល​ហៅ​ការណ៍​នេះ​ជា «​ភាព​ល្ងីល្ងើរ​ដែល​គួរ​ឲ្យ​ស្អប់ខ្ពើម​»​។​



​ការប្រកួត​ជម្រុះ​ពានរង្វាន់​ទ្វីបអឺរ៉ុប​ប្រចាំ​ពូ​ល H នា​កីឡដ្ឋាន Stade de France ក្នុង​ក្រុងប៉ារីស បារាំង​ដែល​ដឹកនាំ​ជំនួប​នេះ បាន​ច្រឡំ​យក​ភ្លេងជាតិ​ប្រទេស​អង់​ដូ​រ៉ា​មកចាក់​ជំនួស​ឲ្យ​ភ្លេងជាតិ​អាល់​បា​នី ដែល​ធ្វើ​ឲ្យ​កីឡាករ និង​អ្នកគាំទ្រ​អាល់​បា​នី​មានការ​ខកចិត្ត​យ៉ាងខ្លាំង​។ ក្រោយ​ភ្លេងជាតិ​ក្រុម​ទាំងពីរ​បញ្ចា​ប់ គ្រូបង្វឹក​អាល់​បា​នី​លោក Edoardo Reja បាន​បដិសេធ​មិន​ចាប់ផ្តើម​ការប្រកួត​នេះ​ទេ​។​



​អ្វី​ដែលជា​រឿង​គួរ​ឲ្យ​អាម៉ាស់​បំផុត​សម្រាប់​ម្ចាស់ផ្ទះ​បា​រាំ​ង​ទៀត​នោះ គឺ​នៅមុន​បន្ត​ការប្រកួត​ក្រោយ​មានការ​សម្របសម្រួល​ពី​មន្ត្រី UEFA រយៈពេល​៧​នាទី ជុំវិញ​រឿង​ខុស​ភ្លេងជាតិ ពិធីករ​ក្នុងការ​ប្រកួត​នេះ​បាន​បន្ថែម​កំហុស​ដ៏​ភ្ញាក់ផ្អើល​ថែមទៀត ដោយ​ប្រកាស​ពី​ការ​សូមទោស​ទៅ​អាល់​បា​នី ប៉ុន្តែ​និយាយថា​អា​មេ​នី​ជំនួស​ទៅវិញ​។​

​កំហុស​ផ្ទួនៗ​បែបនេះ នាយករដ្ឋមន្ត្រី​អាល់​បា​នី លោក Rama តាមរយៈ​បណ្តាញ​សង្គម Twitter ផ្ទាល់ បាន​ហៅ​ហេតុការណ៍​នេះ​ថា​ជា​«​ភាព​ល្ងីល្ងើរ​ដែល​គួរ​ឲ្យ​ស្អប់ខ្ពើម​»​។ យ៉ាងណាក៏ដោយ លោក Rama ក៏​អះអាងថា​លោក​ម៉ា​ក្រុង​បានស្នើ​សុំ​ការ​អភ័យទោស​ទៅ​លោក​ផងដែរ​។​



«​លោក​ប្រធានាធិបតី ម៉ា​ក្រុង បាន​សម្តែង​ការ​សុំទោស​ដោយស្មោះ​ចំពោះ​ភាព​ល្ងីល្ងើរ​របស់​សហព័ន្ធ​កីឡាបាល់ទាត់​បារាំង​ជាមួយ​នឹង​បទ​ភ្លេងជាតិ​នៃ​ប្រទេស​របស់​យើង​! គាត់​ប្រាប់​ខ្ញុំ​ថា​នេះ​ជា​«​កំហុស​ដែល​មិនអាច​ទទួលយកបាន​» និង​កោតសរសើរ​ចំពោះ​ឥរិយាបថ​របស់​កីឡាករ​របស់​យើង​ដែល​មិន​ប្រ​ត្តិ​កម្ម​ខ្លាំង​។ ម៉ា​ក្រុង បានស្នើ​សុំ​ខ្ញុំ​អោយ​ផ្សាយ​ពា​ក្រ​យ​សុំទោស​របស់គាត់​ជា​សារ​ធារ​ណ​ផង​»​។​

​បើទោះជា​ខុស​បច្ចេកទេស ប៉ុន្តែ​ការប្រកួត​បានចាប់ផ្តើម និង​បញ្ចប់​ដោយ​លទ្ធផល​ម្ចាស់ផ្ទះ​រហស្សនាម​មាន់គក​បារាំង​ឈ្នះ​អាល់​បា​នី ៤-១​។ ជ័យជម្នះ​នេះ បាន​នាំ​ឲ្យ​ក្រុម​រងជើង​ឯក​ឆ្នាំ​២០១៨ ឈរ​នៅ​កំពូល​តារាង​ពូ​ល H ដោយមាន​១២​ពិន្ទុ​ពី​ការប្រកួត​៥​លើកចុងក្រោយ តាម​ពីក្រោយ​ដោយ តួ​ក​គី និង​អ៊ី​ស្លង់​ដែលមាន​១២​ពិន្ទុ​ដូចគ្នា​។ អាល់​បា​នី ស្ថិតនៅ​លេខ​រៀង​ទី​៤ មាន​៦​ពិន្ទុ ឈរ​ពីលើ​ម៉ុ​ល​ដាវី​មាន​៣​ពិន្ទុ និង​ក្រុម​បាត​តារាង​អង់​ដូ​រ៉ា​សូន្យ​ពិន្ទុ​៕




Tag:
 Euro 2020
  អាល់​បា​នី​
  ម៉ា​នុយ​អែល ម៉ា​ក្រុង
© រក្សាសិទ្ធិដោយ thmeythmey.com