ជាតិ
សង្គមជាតិ
កម្ពស់ទឹកខេត្តស្ទឹងត្រែង ក្រចេះ បានស្រកជាបណ្តើរៗហើយ ខណៈទន្លេកោះខែល និងកំពង់ចាម នៅបន្តហក់ឡើង ព្រឹត្តិបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកទន្លេមេគង្គតាមបណ្តាខេត្ត នៅថ្ងៃទី១០ ខែកញ្ញា រូបភាពពីក្រសួងធនធានទឹក និងឧតុនិយម
× ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានព្យាករថា កម្ពស់ទឹកទន្លេស្ទឹងត្រែង និងក្រចេះ បានស្រកជាបណ្តើរៗហើយ តែទន្លេខេត្តកំពង់ចាម និងកោះខែលនៅតែបន្តហក់ឡើង។ នេះបើតាមព្រឹត្តិបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹករបស់ក្រសួងធនធានទឹក ដែលចេញផ្សាយនៅថ្ងៃទី ១០ ខែកញ្ញា។
តាមការព្យាកររបស់ក្រសួង បានបញ្ជាក់ថា ទឹកទន្លេខេត្តស្ទឹងត្រែង បានស្រក០.០៦ គឺមកត្រឹម១១.៤៤ម៉ែត្រ បើធៀបនឹងថ្ងៃទី៩ ខែកញ្ញា មានកម្ពស់១១.៦០ ម៉ែត្រ ដែលជាកម្រិតហួសប្រុងប្រយ័ត្ន។ ទន្លេខេត្តក្រចេះក៏បានស្រក០.០៤ម៉ែត្រ ដែលមានកម្ពស់២២.៦៩ តែការស្រកនេះ ក៏ស្ថិតក្នុងស្ថានភាពលើសពីកម្រិតប្រុងប្រយ័ត្ននៅឡើយ។
សម្រាប់ទន្លេខេត្តកំពង់ចាមវិញ នៅតែបន្តហក់ឡើងខ្ពស់ដល់១៥.៧៣ម៉ែត្រ បើធៀបថ្ងៃទី៩ កញ្ញា មានត្រឹមតែ១៥.៦៤ម៉ែត្រ។ រីឯទន្លេកោះខែលវិញ ក៏បន្តហក់ឡើងដែរ គឺដល់ទៅ ៧.៦៤ម៉ែត្រ ហួសកម្រិតប្រុងប្រយ័ត្នគឺ ៧.៥០ម៉ែត្រ។ ចំណែកកម្ពស់ទឹកទន្លេចតុមុខ,អ្នកលឿង,ព្រែកក្តាម និងទន្លេសាបកំពង់លួងក៏នៅតែបន្តហក់ឡើងផងដែរ។ នេះបើតាមព្រឹត្តិបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកសម្រាប់ថ្ងៃទី១០ ខែកញ្ញា៕
Tag:
ទន្លេមេគង្គ
កម្ពស់ទឹក
អាកាសធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com