អន្តរជាតិ
ចិន រិះគន់​ប្រមុខ​ការទូត​អាមេរិក​ដែល​ចង់យក​ករណី​ជនជាតិ​វី​ហ្គ័​រ​ទៅ​វេទិកា UN
10, Sep 2019 , 8:19 pm        
រូបភាព
អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Hua Chunying
អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Hua Chunying
​មន្ត្រី​រដ្ឋាភិបាល​ចិន បាន​រិះគន់​យ៉ាងខ្លាំង​លើ​ការលើកឡើង​របស់​ប្រមុខ​ការទូត​អាមេរិក​លោក ម៉ៃ ប៉ុ​ម​ប៉េ​អូ ដែល​សន្យាថា​នឹង​នាំយក​ករណី​ការឃុំ​ឃាំង​ជនជាតិភាគតិច​វី​ហ្គ័​រ​ទៅកាន់​វេទិកា​អង្គការសហប្រជាជាតិ​។ ទីក្រុង​ប៉េកាំង និយាយថា សំដី​រដ្ឋមន្ត្រី​អាមេរិក ជាការ​ខ្វះ​ការទទួលខុសត្រូវ  និង​ព្យាយាម​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន​។



​កាលពី​សប្ដាហ៍​មុន ប្រមុខ​ការទូត​លោក​ម៉ៃ ប៉ុ​ម​ប៉េ​អូ បានលើកឡើង​ពី​ករណី​ឃុំឃាំង​ជនជាតិ​វី​ហ្គ័​រ​នៅ​តំបន់​ស្វយ័ត​ស៊ីន​ជាំ​ង និង​សន្យា​នាំយក​ករណីនេះ​ទៅ មហាសន្និបាត​អង្គការសហប្រជាជាតិ ដើម្បី​ឲ្យ​ពួកគេ​ទទួលបាន​នូវ​សិទ្ធិសេរីភាព​ត្រឹមត្រូវ​។ ការលើកឡើង​នេះ​ត្រូវបាន​មន្ត្រី​រដ្ឋាភិបាល​ចិន​រិះគន់​យ៉ាងខ្លាំង ហើយ​ថា​វា​មិនមែនជា​លើកដំបូង​ទេ ដែល​មន្ត្រី​អាមេរិក​ការលើកឡើង​ដោយ​គ្មាន​ទំនួល​ខុសត្រូវ​ពី​តំបន់​ភាគ​ខាងលិច​មួយ​នេះ​។​

​ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ថ្ងៃទី​០៩ ខែកញ្ញា លោកស្រី Hua Chunying អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​បាន​និយាយថា ចិន​មិន​ពេញចិត្ត​ពេល​មន្ត្រី​អាមេរិក​មិន​ទទួលស្គាល់​ការពិត ហើយ​បាន​បញ្ចេញមតិ​ដោយ​គ្មាន​ការទទួលខុសត្រូវ​អំពី​គោលនយោបាយ​របស់​ចិន​លើ​តំបន់ Xinjiang​។ ជាពិសេស​គឺ ចិន​ជំទាស់​យ៉ាង​ដាច់អហង្កា​លើ​ការជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​ពី​សំណាក់​អាមេរិក​តែម្ដង​។

​អ្នកនាំពាក្យ​ក្រសួងការបរទេស​រូប​នេះ​បានលើកឡើង​ទៀតថា ចំណាត់ការ​របស់​រដ្ឋា​ភិ​បាល​ចិន​ទៅលើ​ករណី​នៅ​ស៊ីន​ជាំ​ង គឺ​មិន​ខុសគ្នា​ទេពី​ប្រទេស​ផ្សេង​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ពួក​ជ្រុលនិយម និង​ភេ​វរ​កម្ម​ឡើយ​។​

​មកទល់ពេលនេះ អ្នកជំនាញ និង​សកម្មជន​របស់​អង្គការសហប្រជាជាតិ​បាន​អះអាងថា យ៉ាងហោចណាស់​ជនជាតិ​ភាគតិច​វី​ហ្គ័​រ និង​ជនជាតិភាគតិច​ឯទៀត​ចំនួន​មួយ​លាន​នាក់ ត្រូវបាន​អាជ្ញាធរ​ចិន​ឃុំឃាំង​នៅក្នុង​ជំរុំ​សម្ងាត់ ក្នុង​តំបន់​ដាច់ស្រយាល​នៅ​ស៊ីន​ជាំ​ង​។ រដ្ឋាភិបាល​ចិន​ទទួលស្គាល់​ពី​ការឃុំខ្លួន​នេះ តែ​បាន​ច្រានចោល​ការចោទប្រកាន់​ពាក់ព័ន្ធ​ការបំពាន​សិទ្ធិ ហើយ​ថា​វា​គ្រាន់តែ​ការសម្អាត​គំនិត​ជ្រុលនិយម និង​បណ្តុះបណ្តាល​ជំនាញ​ការងារ​ប៉ុណ្ណោះ​។

​សូមបញ្ជាក់ថា ដោយសារតែ​បញ្ហា​ការឃុំ​ឃាំង​ជនជាតិភាគតិច​មូស្លីម​បែបនេះ រដ្ឋបាល​របស់លោក ដូ​ណា​ល់ ត្រាំ បាន​ពិចារណា​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​មន្ត្រីជាន់ខ្ពស់​ចិន ដូចជា​លោក Chen Quangue លេខា​បក្ស​កុម្មុយនីស្ត​ចិន​ខេត្ត​ស៊ីន​ជាំ​ង ប៉ុន្តែ​ត្រូវបាន​ទីក្រុង​ប៉េកាំង​គំរាមថា​នឹង​ចំណាត់ការ​ត្រលប់​ទៅវិញ​។ ទីក្រុង​វ៉ាស៊ីនតោន បាន​រិះគន់​ខ្លាំង​ឡើងៗ​ទៅលើ​ចំណាត់ការ​របស់​ចិន​លើ​តំបន់​ស៊ីន​ជាំ​ង តែ​មិន​ឈានទៅដល់​ការដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​ឡើយ ខណៈពេល​អាមេរិក និង​ចិន​កំពុង​ខិត​ទៅរក​ច្រកចេញ​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​៕


Tag:
 ចិន​
 ​អាមេរិក​
  អ៊ុយ​ហ្គួ​រ
© រក្សាសិទ្ធិដោយ thmeythmey.com