ជាតិ
បាក់ឌុប
២៥ខេត្ត/រាជធានី
ពិតជា​គំរូ​! ពិការ​ដៃជើង តែ ទុយ សុខ​ដុង ខំប្រឹង​រហូត​ជាប់​បាក់​ឌុប​និទ្ទេស D
10, Sep 2019 , 2:25 pm        
រូបភាព
រូបភាពពីហ្វេសប៊ុក Tuy Sokdung
រូបភាពពីហ្វេសប៊ុក Tuy Sokdung
​ភ្នំពេញ​៖ យុវជន ទុយ សុខ​ដុង ជា​សិស្ស​នៃ​វិទ្យាល័យ​ស្ទឹងសែន ខេត្តកំពង់ធំ ដែល​ទទួលបាន​លទ្ធផល​និទ្ទេស D ក្នុង​ដំណើរការ​នៃ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​។ ក្រោយ​ដឹង​លទ្ធផល យុវជន ទុយ សុខ​ដុង ដែល​ពិការ​ដៃ និង​ជើង មាន​អារម្មណ៍​រំភើប​រីករាយ ហើយ​និទ្ទេស​ដែល សុខ​ដុង រំពឹង​ទទួលបាន គឺ​និទ្ទេស C និង​D​។ បេក្ខជន​នៃ​ខេត្តកំពង់ធំ​រូបនេះ មានបំណង​រៀន​ជំនាញ​ព័ត៌មានវិទ្យា នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។


 
​ពិការភាព មិនមែនជា​ឧបសគ្គ​សម្រាប់​យុវជន ទុយ សុខ​ដុង ឡើយ​។ តាមរយៈ​ការ​ខំប្រឹងប្រែង​រៀនសូត្រ និង​ជម្នះ​រាល់​ឧបសគ្គ បានធ្វើ​ឲ្យ យុវជន ទុយ សុខ​ដុង ទទួលបាន​និទ្ទេស D សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​។ ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ សុខ​ដុង លើកឡើងថា​៖ «​ខ្ញុំ​មាន​អារម្មណ៍​រំភើប​ខ្លាំង ពេល​មិនទាន់​ដឹង​លទ្ធផល បុក​ពោះ គេង​មិន​លក់ និង​ភ័យ​ខ្លាំង​។ ខ្ញុំ​សង្ឃឹមថា បាន​និទ្ទេស C, D តែ​ពេលនេះ បាន D មែន​»​។​

សូម​អញ្ជើញ​ស្ដាប់​កិច្ច​សម្ភាស​ខ្លី​រវាង​កញ្ញា ញឹក ស្រី​ល័​ក្ខ អ្នកសារព័ត៌មាន ThmeyThmey.com និង​យុវជន ទុយ សុខ​ដុង សិស្ស​ពិការ​ដៃ និង​ជើង នៃ​វិទ្យាល័យ​ស្ទឹងសែន នា​ខេត្តកំពង់ធំ ដូចតទៅ​៖ 




​ក្នុងការ​ប្រឡង​បាក់​ឌុប​នេះ យុវជន សុខ​ដុង ប្រើ​ដៃ​គាប​នឹង​ចង្កា ដើម្បី​សរសេរ​ចម្លើយ​។ ទោះ​ជួប​ការលំបាក​ក្នុងការ​ប្រឡង ដោយសារ​ពិការភាព​ក៏ដោយ ក៏​សុខ​ដុង ប្រឹងប្រែង​រហូត​ទាល់តែ​ប្រឡង​ជាប់​។ យុវជន សុខ​ដុង បញ្ជាក់​យ៉ាង​ដូច្នេះ​៖ «​មាន​ផល​លំបាក នៅពេល​សរសេរ​លើសពី​២​ម៉ោង គឺ​ចុក​ក​»​។ 

​កត្តា​ដែល​ជំរុញ​ឲ្យ​យុវជន សុខ​ដុង ទទួលបាន​លទ្ធផល​បែបនេះ គឺ​ដោយសារ​កត្តា​ខ្លួនឯង​។ «​កត្តា​ខ្លួនឯង ខំប្រឹង​ចង់​មានចំណេះដឹង​ខ្លួនឯង កុំ​ឲ្យ​ពិការ​ចឹ​ង​ហើយ យើង​អត់​មានចំណេះដឹង​
ក្នុង​ខ្លួន ព្រោះ​នៅ​មជ្ឈដ្ឋាន​ជុំវិញខ្លួន គេ​មើលងាយ​»​។ នេះ​ជាការ​រៀបរាប់​របស់​យុវជន ទុយ សុខ​ដុង​។ 


(ប្រភពរូបភាពពីទំព័រហ្វេសប៊ុកក្រសួងអប់រំ យុវជន និងកីឡា)

​ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ យុវជន សុខ​ដុង បាន​ប្រាប់ថា នៅពេល​បន្ត​ការសិក្សា​នៅ​សាកលវិទ្យាល័យ សុខ​ដុង នឹង​ជ្រើសរើស​ជំនាញ​ព័ត៌មានវិទ្យា ដែលជា​ជំនាញ​ខ្លួន​ស្រឡាញ់​។ ការជ្រើសរើស​ជំនាញ​នេះ អាចជា​និស្ស័យ​ពី​ធម្មជាតិ ដែល​សុខ​ដុង ស្រឡាញ់​ចូលចិត្ត ហើយ​បច្ចុប្បន្ន សុខ​ដុង ក៏​កំពុង​រៀន​សរសេរ​វេ​ប​សាយ​ផងដែរ​។​

​សូមបញ្ជាក់ថា យុវជន ទុយ សុខ​ដុង បាន​ប្រឡង​នៅ​មណ្ឌល​បឋមសិក្សា​អនុវត្ត ហ៊ុន សែន អាចារ្យ​លាក់ ខេត្តកំពង់ធំ​។ បេក្ខជន សុខ​ដុង មាន​លេខ​តុ ២៤៧ ដោយ​ប្រឡង​ជាប់​និទ្ទេស D លើ​មុខវិជ្ជា​អក្សរសាស្ត្រ​ខ្មែរ​, គណិតវិទ្យា ទទួលបាន​និទ្ទេស  E, ផែនដី និង​បរិស្ថានវិទ្យា F, ភូមិវិទ្យា និទ្ទេស C, ប្រវត្តិវិទ្យា និទ្ទេស C, សីលធម៌​-​ពលរដ្ឋ D និង​ភាសាបរទេស និទ្ទេស F៕
 

© រក្សាសិទ្ធិដោយ thmeythmey.com