ពិការភាព មិនមែនជាឧបសគ្គសម្រាប់យុវជន ទុយ សុខដុង ឡើយ។ តាមរយៈការខំប្រឹងប្រែងរៀនសូត្រ និងជម្នះរាល់ឧបសគ្គ បានធ្វើឲ្យ យុវជន ទុយ សុខដុង ទទួលបាននិទ្ទេស D សម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម។ ថ្លែងប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទ សុខដុង លើកឡើងថា៖ «ខ្ញុំមានអារម្មណ៍រំភើបខ្លាំង ពេលមិនទាន់ដឹងលទ្ធផល បុកពោះ គេងមិនលក់ និងភ័យខ្លាំង។ ខ្ញុំសង្ឃឹមថា បាននិទ្ទេស C, D តែពេលនេះ បាន D មែន»។
សូមអញ្ជើញស្ដាប់កិច្ចសម្ភាសខ្លីរវាងកញ្ញា ញឹក ស្រីល័ក្ខ អ្នកសារព័ត៌មាន ThmeyThmey.com និងយុវជន ទុយ សុខដុង សិស្សពិការដៃ និងជើង នៃវិទ្យាល័យស្ទឹងសែន នាខេត្តកំពង់ធំ ដូចតទៅ៖
ក្នុងការប្រឡងបាក់ឌុបនេះ យុវជន សុខដុង ប្រើដៃគាបនឹងចង្កា ដើម្បីសរសេរចម្លើយ។ ទោះជួបការលំបាកក្នុងការប្រឡង ដោយសារពិការភាពក៏ដោយ ក៏សុខដុង ប្រឹងប្រែងរហូតទាល់តែប្រឡងជាប់។ យុវជន សុខដុង បញ្ជាក់យ៉ាងដូច្នេះ៖ «មានផលលំបាក នៅពេលសរសេរលើសពី២ម៉ោង គឺចុកក»។
កត្តាដែលជំរុញឲ្យយុវជន សុខដុង ទទួលបានលទ្ធផលបែបនេះ គឺដោយសារកត្តាខ្លួនឯង។ «កត្តាខ្លួនឯង ខំប្រឹងចង់មានចំណេះដឹងខ្លួនឯង កុំឲ្យពិការចឹងហើយ យើងអត់មានចំណេះដឹង
ក្នុងខ្លួន ព្រោះនៅមជ្ឈដ្ឋានជុំវិញខ្លួន គេមើលងាយ»។ នេះជាការរៀបរាប់របស់យុវជន ទុយ សុខដុង។
(ប្រភពរូបភាពពីទំព័រហ្វេសប៊ុកក្រសួងអប់រំ យុវជន និងកីឡា)
ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ យុវជន សុខដុង បានប្រាប់ថា នៅពេលបន្តការសិក្សានៅសាកលវិទ្យាល័យ សុខដុង នឹងជ្រើសរើសជំនាញព័ត៌មានវិទ្យា ដែលជាជំនាញខ្លួនស្រឡាញ់។ ការជ្រើសរើសជំនាញនេះ អាចជានិស្ស័យពីធម្មជាតិ ដែលសុខដុង ស្រឡាញ់ចូលចិត្ត ហើយបច្ចុប្បន្ន សុខដុង ក៏កំពុងរៀនសរសេរវេបសាយផងដែរ។
សូមបញ្ជាក់ថា យុវជន ទុយ សុខដុង បានប្រឡងនៅមណ្ឌលបឋមសិក្សាអនុវត្ត ហ៊ុន សែន អាចារ្យលាក់ ខេត្តកំពង់ធំ។ បេក្ខជន សុខដុង មានលេខតុ ២៤៧ ដោយប្រឡងជាប់និទ្ទេស D លើមុខវិជ្ជាអក្សរសាស្ត្រខ្មែរ, គណិតវិទ្យា ទទួលបាននិទ្ទេស E, ផែនដី និងបរិស្ថានវិទ្យា F, ភូមិវិទ្យា និទ្ទេស C, ប្រវត្តិវិទ្យា និទ្ទេស C, សីលធម៌-ពលរដ្ឋ D និងភាសាបរទេស និទ្ទេស F៕