ជាតិ
​​​ន​យោ​បាយ​ជាតិ​
អាមេរិក​ស្នើ​តុលាការ​ទម្លាក់​បទ​ចោទ និង​ផ្ដល់​សិទ្ធិ​នយោបាយ​ឱ្យ​លោក កឹម សុខា វិញ​
10, Sep 2019 , 2:28 pm        
រូបភាព
​ភ្នំពេញ​៖ អាមេរិក នៅតែ​ស្នើឱ្យ​តុលាការ​កម្ពុជា ទម្លាក់​បទ​ចោទ​លើ​លោក កឹម សុខា ហើយ​ផ្ដល់​សិទ្ធិ​នយោបាយ​ឡើងវិញ​។ លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជាប់ឃុំ​និង​កំពុង​រស់នៅ​ក្នុងផ្ទះ ដោយ​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​របស់​តុលាការ អស់​រយៈពេល​២​ឆ្នាំ​ហើយ ។



​អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក អ្នកស្រី Morgan Ortagus បាន​និយាយថា ការសម្រេច​ចោទ​លោក កឹម សុខា ពីបទ​ស​ន្និ​ដ្ឋិ​ភាពជា​មួយ​បរទេស (​សមគំនិត​ជាមួយ​បរទេស​) គឺជា​ការចោទប្រកាន់​ដែល​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​ឡើយ​។ តាមរយៈ​វីដេអូ​ឃ្លី​ប​១​នាទី ដែល​បង្ហោះ​នៅលើ​ហ្វេ​ស​ប៊ុ​ក​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​នោះ អ្នកស្រី Morgan Ortagus បាន​និយាយ​ដូច្នេះ​ថា​៖«​រដ្ឋាភិបាល​កម្ពុជា មិនទាន់បាន​កាត់ទោស ឬ​បង្ហាញ​ភស្តុតាង​ណាមួយ​ដ៏​គួរឱ្យ​ទុកចិត្ត​នោះឡើយ ដើម្បី​បញ្ជាក់​ចំពោះ​ការអះអាង​របស់ខ្លួន ដែល​ត្រូវបាន​ប្រើ ដើម្បី​រំលាយ​គណបក្សប្រឆាំង​ដ៏​ធំជាងគេ គឺ​គណបក្ស​សង្គ្រោះ​ជាតិ និង​ដើម្បី​ដកតំណែង​តំណាង​ជាប់ឆ្នោត​ត្រឹមត្រូវ​ជាង​៥០០០​នាក់​»​។​

​អ្នកស្រី Morgan Ortagus ចាត់ទុក​ការ​ធ្វើទុក្ខ​បុក​ម្នេញ​អតីត​គណបក្សប្រឆាំង​ដ៏​ធំ​នេះ គឺជា​ទង្វើ​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដែលមាន​ចែង​នៅក្នុង​រដ្ឋធម្មនុញ្ញ​រប​ស់​កម្ពុជា​។ ដោយសារ​មើលឃើញ​ពី​បញ្ហា​នេះ ទើប​អ្នកស្រី Morgan ស្នើឱ្យ​មានការ​ទម្លាក់​ប​ទ​ចោទ​លោក កឹម សុខា ដើម្បី​អាចឱ្យ​មេបក្ស​ប្រឆាំង​រូបនេះ មាន​សិទ្ធិ​ធ្វើ​នយោបាយ​វិញ​។ «​សហរដ្ឋអាមេរិក​អំពា​វ​នាវ​ម្ដងទៀត ដល់​រដ្ឋាភិបាល​កម្ពុជា ឱ្យ​ទម្លាក់​រាល់​ការចោទប្រកាន់​ទាំងឡាយ​ទៅលើ​លោក កឹម សុខា ហើយ​ប្រគល់​ឡើងវិញ នូវ​សិទ្ធិ​នយោបាយ និង​សិទ្ធិ​ពលរដ្ឋ​ជូន​គាត់​។ ជាពិសេស​ដោះលែង​អ្នក​ទាំងឡាយណា ដែល​ត្រូវបាន​ឃុំខ្លួន តាម​អំពើ​ចិត្ត​។ យើង​សូម​អំពាវនាវ​ដល់​រដ្ឋា​ភិ​បាល​កម្ពុជា ប្រកាន់យក​ជំហាន​ជាក់ស្ដែង ដើម្បី​ជំរុញ​ការផ្សះផ្សារ​ឡើងវិញ ដោយ​អនុញ្ញាតឱ្យ​ប្រព័ន្ធ​ផ្ស​ព​ផ្សាយ និង​សង្គម​ស៊ីវិល ដំណើរការ​ដោយ​គ្មាន​ការភ័យខ្លាច ការគំរាមកំហែង និង​ការ​សងសឹក ដោយសារ​ការអនុវត្ត​សិទ្ធិ​របស់គេ​ក្នុងការ​បញ្ចេញមតិ និង​ការជួបជុំ​នៅក្រោម​ច្បាប់​»​។​

​កន្លងមក​អ្នករាយការណ៍​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ និង​ក្រុម​អន្តរជាតិ​ផ្សេងទៀត តែងតែ​ទាមទារ​ឱ្យ​តុលាការ​ទម្លាក់​បទ​ចោទ​លើ​លោក កឹម សុខា ដោយ​ពួកគេ​យល់ឃើញថា ការអនុវត្ត​នីតិវិធី​របស់​តុលាការ​កំពុង​រំលោភ​មនុស្ស និង​ការ​ធ្វើទុក្ខបុកម្នេញ​អ្នកនយោបាយ​បក្សប្រឆាំង​។ ប៉ុន្តែ​ការលើកឡើង​របស់​អន្តរជាតិ​នេះ ត្រូវបាន​រដ្ឋាភិបាល ច្រានចោល ហើយ​ចាត់ទុក​សម្តី​ពួកគេ​ទាំងនោះ គ្រាន់តែ​ជា​បំណង​ចង់​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា​ប៉ុណ្ណោះ​។​

​ត្រង់ចំណុច​នេះ​លោក ជិន ម៉ា​លីន បាន​និយាយថា គ្មាន​បុគ្គល ឬ​រដ្ឋ​បរទេស​ណាមួយ ដែលមាន​ឥទ្ធិពល​មក​បង្គាប់បញ្ជា​លើ​តុលាការ​កម្ពុជា​បានឡើយ ដូច្នេះ​ការទាមទារ​ឲ្យ​តុលាការ​ទម្លាក់​បទ​ចោទ​លើ​អ្នកណាម្នាក់​នោះ វា​គ្មាន​ប្រសិទ្ធភាព​ទេ​។ ក្នុងន័យនេះ​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ បាន​សង្កត់ធ្ងន់ថា ការការពារ​បុគ្គល​ណា​ម្នាក់​នោះ គឺ​អង្គទូត ឬ​រដ្ឋ​បរទេស​អាច​អនុលោម​ទៅបាន តាមរយៈ​ការបង្ហាញ​តឹកតាង​តវ៉ា​នៅក្នុង​តុលាការ​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ ជាជាង​ដាក់​សម្ពាធ​លើ​កម្ពុជា​។​

អត្ថបទទាក់ទង

​គិត​មកដល់ពេលនេះ លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជាប់ឃុំ​និង​កំពុង​រស់នៅ​ក្នុងផ្ទះ ដោយ​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​របស់​តុលាការ អស់​រយៈពេល​២​ឆ្នាំ​ហើយ ។​ជុំវិញ​បញ្ហា​នេះ​ក្រុម​មេធាវី​ការពារ​ក្តី​លោក កឹម សុខា បាន​សំណើរ​ទៅ​តុលាការ​ជាច្រើនលើក​ច្រើនសារ ដើម្បី​ស្នើ​សុំឱ្យ​ព​ន្លឿ​ន​នីតិវិធី និង​ទម្លាក់​បទ​ចោទ​លើ​កូនក្តី​ខ្លួន ក្រោយពី​តុលាការ​ពន្យា​ពេល​ស៊ើបអង្កេត​អស់​ជាង​១​ឆ្នាំ​មកហើយ​។ លោក ចាន់ ចេ​ន មេធាវី​ការពារ​ក្តី​លោក កឹម សុខា យល់ឃើញថា វា​ជា​ពេលវេលា​សមល្មម និង​គ្រប់គ្រាន់​ហើយ ដែល​តុលាការ​គួរតែ​ឆាប់​សម្រេច​លើ​សំណុំរឿង​មេដឹកនាំ​នៃ​អតីត​បក្សប្រឆាំង​នេះ​។​

​តាមច្បាប់ ជន​ត្រូវ​ចោទ នឹងត្រូវ​ដោះលែង​ឬក៏​បញ្ជូនទៅ​ជំនុំជម្រះ ក្រោយពី​ប្រើពេល​យ៉ាងយូរ​ត្រឹម​១៨​ខែ ក្នុងការ​ស៊ើបសួរ​។ តែ​ចំពោះ​លោក កឹម សុខា តុលាការ អាច​ប្រើពេល​លើសពី​១៨​ខែ ដើម្បី​ដាក់​លោក​ឲ្យ​រស់នៅ​ក្នុងផ្ទះ និង​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​។ តែ​យ៉ាងណា​ការដាក់ឱ្យ​លោក កឹម សុខា ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​របស់​តុលាការ​នេះ វា​ក៏​ជាការ​រឹត​ដ្បិត​សេរីភាព និង​ការរំលោភ​សិទ្ធិមនុស្ស​ផងដែរ​។ នេះ​ជាការ​លើកឡើង​របស់លោក អំ សំអាត ដែល​ស្នើឱ្យ​តុលាការ​ព​ន្លឿ​ន​នីតិវិធី ឬ​ទម្លាក់​បទ​ចោទ​លើ​ករណី​លោក កឹម សុខា បើសិនជា​រក​មិនឃើញ​ភស្តុតាង​ពាក់ព័ន្ធ​នឹង​បទចោទប្រកាន់ «​ស​ន្និ​ដ្ឋិ​ភាពជា​មួយ​បរទេស (​សមគំនិត​ជាមួយ​បរទេស​)» ទេនោះ​៕


Tag:
 កឹម សុខា​
  អាមេរិក​
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com