UN ព្រមាន​ពី​ផលប៉ះពាល់​នៃ​បម្រែបម្រួល​អាកាសធាតុ​ទៅលើ​សិទ្ធិមនុស្ស​
អន្តរជាតិ
UN ព្រមាន​ពី​ផលប៉ះពាល់​នៃ​បម្រែបម្រួល​អាកាសធាតុ​ទៅលើ​សិទ្ធិមនុស្ស​
10, Sep 2019 , 3:22 pm        
រូបភាព
​ដោយ​៖ ឈួន ឈី​វ​អ៊ីង​

​អង្គការសហប្រជាជាតិ (UN) បាន​ព្រមាន​នៅ​ថ្ងៃទី​៩ កញ្ញា ថា បម្រែបម្រួល​អាកាសធាតុ មិន​ត្រឹម​តែមាន​ផលប៉ះពាល់ និង​បំផ្លិចបំផ្លាញ​បរិស្ថាន​ប៉ុណ្ណោះ​ទេ តែ​ក៏​ប៉ះពាល់​ការគោរព​សិទ្ធិមនុស្ស​នៅ​ទូទាំង​ពិភពលោក​ផងដែរ​។​



​មិនមែន​បរិស្ថាន​មួយ​មុខ​ទេ សិទ្ធិមនុស្ស​ក៏​ជាប់​វា​ក់វិន​នឹង​ការផ្លាស់ប្ដូរ​អាកាសធាតុ​សាកល​ដែរ​។ ជាប់ទាក់ទង​ដោយ​របៀប​ណា ប្រធាន​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ លោកស្រី Michelle Bachelet បានលើកឡើង​ពី​សង្គ្រាមស៊ីវិល​ដែល​បង្ក​ការឡើង​កម្ដៅ​ពិភពលោក និង​ការរង​គ្រោះ​របស់​ជនជាតិ​ដើម​នៅ​ព្រៃ​អា​ម៉ា​ហ្សូ​ដោយសារ​ភ្លើង​ឆេះ​ព្រៃ និង​ការកាប់បំផ្លាញ​ព្រៃឈើ​យ៉ាងខ្លាំង​។​

​លោកស្រី Michelle បាន​ប្រាប់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់ UN នៅ​ទីក្រុង​ហ្សឺ​ណែវ​ថា ពិភពលោក​មិនដែល​ឃើញ​ការគំរាមកំហែង​សិទ្ធិមនុស្ស​ដល់​ថ្នាក់​នេះ​ទេ​។ លោកស្រី​បាន​បន្ថែមទៀតថា សេដ្ឋកិច្ច​របស់​ប្រជាជាតិ ស្ថាប័ន​នានា នយោបាយ សង្គម វប្បធម៌​របស់​រដ្ឋ​នីមួយៗ សិទ្ធិ​របស់​ប្រជាជន​ទាំងអស់ និង​មនុស្ស​ជំនាន់​ក្រោយ នឹងរង​ផលប៉ះពាល់​ពី​ការប្រែប្រួល​អាកាសធាតុ​នាពេល​អនាគត​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ។​

​ប្រធាន​ក្រុមប្រឹក្សា​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​រូបនេះ ក៏បាន​ថ្កោលទោស​ការកាប់បំផ្លាញ​ព្រៃ​អា​ម៉ា​ហ្សូ​ន​ក្នុង​មួយ​យ៉ាង​លឿន​។ លោកស្រី​បាន​និយាយទៀតថា អគ្គិភ័យ​ដែល​កំពុង​ឆាបឆេះ​នៅលើ​ព្រៃរងទឹកភ្លៀង អាច​ផ្តល់​គ្រោះមហន្តរាយ​មកលើ​មនុស្សជាតិ​ទាំងមូល ប៉ុន្តែ​ផលប៉ះពាល់​អាក្រក់​បំផុត គឺ​មនុស្ស​ដែល​រស់នៅក្នុង​តំបន់​ទាំងនេះ​តែម្ដង​។​

​លើសពីនេះ​លោកស្រី ក៏បាន​លើកឡើង​ពី​ផលប៉ះពាល់​នៃ​ការប្រែប្រួល​អាកាសធាតុ ដែល​កំពុង​ធ្វើ​ឲ្យ​មាន​ភាពអសន្តិសុខ​នៅ​ជុំវិញ​ពិភពលោក​។ នៅក្នុង​តំបន់​សា​ហេ​ល (Sahel) នៃ​ទ្វីបអាហ្វ្រិក ការ​រេច​រិល​ដី​ដែល​អាច​បង្កបង្កើនផល​បាន កំពុងតែ​កើនឡើង​យ៉ាងខ្លាំង ខណៈ​កង្វះ​ធនធាន​កើតមាន​រួចទៅហើយ​។ លោកស្រី Bachelet បាន​បន្ថែមថា បញ្ហា​នេះ​កាន់តែ​ធ្វើឱ្យមាន​ភាព​តានតឹង​ដល់​ជនជាតិភាគតិច​និង​បង្កឱ្យមាន​អំពើហិង្សា និង​អស្ថិរភាព​នយោបាយ​។​

​ការវាយប្រហារ​ទៅលើ​ក្រុម​អ្នកការពារ​សិទ្ធិមនុស្ស នៅតែ​កើតមាន​ស្ទើរតែ​គ្រប់​តំបន់ ពិសេស​នៅ​អាមេរិក​ឡាទីន​។ លោកស្រី Bachelet បាន​និយាយថា​៖ «​ខ្ញុំ​ខកចិត្ត​ចំពោះ​អំពើហិង្សា​នេះ និង​ការវាយប្រហារ​ដោយ​ពាក្យសំដី​ទៅលើ​សកម្មជន​វ័យក្មេង ដូចជា Greta Thunberg និង​អ្នក​ដទៃទៀត ដែល​ជំរុញ​ឲ្យ​មាន​ការពារ​បរិស្ថាន​ស​ម្រា​ប់​អ្នកជំនាន់ក្រោយ​ដូចជា​ពួកគេ​។ ការទាមទារ​របស់​អ្នកការពារ​បរិស្ថាន​និង​សកម្មជន គឺ​គួរឱ្យ​ទាក់ទាញ​ហើយ​យើង​គួរតែ​គោរព​ការពារ​និង​បំពេញ​សិទ្ធិ​របស់​ពួកគេ​។​»

​សកម្មជន​វ័យក្មេង Greta Thunberg គឺជា​អ្នកដឹកនាំ​ក្រុមយុវជន​រាប់រយ​នាក់ ដើម្បី​តវ៉ា​ប្រឆាំងនឹង​ការប្រែប្រួល​អាកាសធាតុ នៅខាងមុខ​ទីស្នាក់ការ​កណ្តាល​របស់​អង្គការសហប្រជាជាតិ​នៅ​ថ្ងៃទី ៣០ សីហា ក្នុង​ទីក្រុង​ញូយ៉ក​កន្លងទៅ​៕

© រក្សាសិទ្ធិដោយ thmeythmey.com