ជាតិ
បាក់ឌុប
ជ័យលាភីបាក់ឌុប និទ្ទេស A ទាំង៦រូប នៅកំពង់ស្ពឺ សុទ្ធតែសិស្សស្រី
× ភ្នំពេញ៖ លទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៩នេះ បានបង្ហាញថាខេត្តកំពង់ស្ពឺ ទទួលបានសិស្សនិទ្ទេសចំនួន ៦នាក់ ដែលជានារីទាំងអស់។ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទថា នេះជាមោទកភាព សម្រាប់ខេត្តកំពង់ស្ពឺ ដែលមានសិស្សស្រីជាប់និទ្ទេស A រហូតដល់៦នាក់។ បើតាមអភិបាលខេត្តកំពង់ស្ពឺ ជ័យលាភីនិទ្ទេស Aទាំងនេះ នឹងទទួលបានរង្វាន់ម៉ូតូ Zoomer X ម្នាក់មួយគ្រឿង នៅព្រឹកថ្ងៃទី ១៣ កញ្ញានេះ នាសាលាខេត្តកំពង់ស្ពឺ។
យុវតី ៦រូប បានឈរតំណែងជាជ័យលាភីនិទ្ទេស A ទូទាំងខេត្តកំពង់ស្ពឺ។ តាមរយៈលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៩ ខេត្តកំពង់ស្ពឺ ទទួលបានសិស្សចំនួន ៦នាក់ ដែលជាសិស្សស្រី។ លទ្ធផលរបស់ខេត្តកំពង់ស្ពឺ ខុសប្លែកពីខេត្តដទៃ ដែលមានសិស្សនិទ្ទេស A ទាំងប្រុស និងស្រី។
លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗថា៖ «ខ្ញុំមានមោទកភាព។ សម្រាប់ខ្ញុំឲ្យតែសិស្សកំពង់ស្ពឺ ប្រឡងជាប់ខ្ញុំសប្បាយចិត្ត ហើយរហូតដល់ជាប់និទ្ទេស A គឺរឹតតែប្រសើរទៀត។ អ្វីដែលនឹកស្មានមិនដល់ គឺនារីទាំងអស់»។ លោក វ៉ី សំណាង បន្ថែមថា នៅព្រឹកថ្ងៃសុក្រសប្ដាហ៍នេះ នឹងរៀបចំពិធីប្រគល់រង្វាន់ម៉ូតូ Zoomer X ជូនសិស្សនិទ្ទេស A។
សូមស្ដាប់សំឡេងលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ៖
អភិបាលខេត្តកំពង់ស្ពឺ អះអាងថា លទ្ធផលរបស់សិស្សនិទ្ទេស A បានជួយលើកកិត្តិយសមុខមាត់ខេត្តកំពង់ស្ពឺបន្ថែមទៀត។ បើតាមលោក វ៉ី សំណាង តាមរយៈលទ្ធផលនេះ នឹងពញាក់ស្មារតីសិស្សនារីផ្សេងៗ ដែលគិតថាខ្លួនវិលចង្ក្រានមិនជុំ។
សិស្សនិទ្ទេស A នារី ទាំង ៦នាក់នៅខេត្តកំពង់ស្ពឺ រួមមាន យុវតី ទូច វុចហ៊ួ និទ្ទេស A មកពីវិទ្យាល័យត្រែងត្រយឹង, យុវតី ហង់ សុខខេង និទ្ទេស A មកពីវិទ្យាល័យសម្ដេចឪម៉ែបសេដ្ឋ, យុវតី ម៉ុក ច័ន្ទម៉ូលីនដា និទ្ទេស A មកពីវិទ្យាល័យកំពង់ស្ពឺ, យុវតី ភេម ដាណេ និទ្ទេស A មកពីវិទ្យាល័យកំពង់ស្ពឺ យុវតី ចេស្ដា ហួតនីតា និទ្ទេស A មកពីវិទ្យាល័យ ហ៊ុន សែន អន្លង់ជ្រៃ និងយុវតី ហ៊ន មិថុនា និទ្ទេស A មកពីវិទ្យាល័យឧដុង្គ។ សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៨ ខេត្តកំពង់ស្ពឺ ទទួលបានសិស្សនិទ្ទេស A ចំនួន ៣នាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com