ជាតិ
បាក់ឌុប
សង្គមជាតិ
ក្រសួងមិនបង្ហាញលំដាប់ពិន្ទុបាក់ឌុបឡើយ តែនឹងមានបញ្ជាក់នៅលើវិញ្ញាបនបត្រ
× ភ្នំពេញ៖ លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះ ខុសពីឆ្នាំកន្លងទៅមួយចំនួន ត្រង់ថា ក្រសួងអប់រំ យុវជន និងកីឡា មិនបានបង្ហាញលទ្ធផលលំដាប់ពិន្ទុ នៅតាមការប្រកាសលទ្ធផលនៅទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងអប់រំ និងតាមមណ្ឌលប្រឡងទូទាំងរាជធានី-ខេត្តឡើយ។
បើតាមការបញ្ជាក់ពីលោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លំដាប់ពិន្ទុរបស់បេក្ខជននឹងមិនផ្សាយជាសាធារណៈឡើយ តែក្រសួងនឹងបង្ហាញនៅលើវិញ្ញាបនបត្ររបស់បេក្ខជនប្រឡង និងបញ្ជូនទៅនាយកដ្ឋានឧត្តមសិក្សាដើម្បីត្រួតពិនិត្យ និងផ្តល់អទិភាពជូនបេក្ខជនសម្រាប់ទទួលបានអាហារូបករណ៍។
អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា៖«ក្រសួងមិនបង្ហាញលំដាប់ពិន្ទុប្រឡងរបស់បេក្ខជន ដើម្បីចូលរួមឆ្លងតបនឹងមតិរបស់សាធារណជនកន្លងមកដែលពួកគាត់ឆ្ងល់រវាងនិទ្ទេស និងលំដាប់ពិន្ទុ។ ដូច្នេះដើម្បីបន្ថយការភ័ន្ទច្រឡំ រវាងនិទ្ទេស និងលំដាប់ពិន្ទុ ទើបក្រសួងសម្រេចចិត្តមិនបញ្ចេញលំដាប់ពិន្ទុនៅពេលនេះ តែក្រសួងនឹងមានភ្ជាប់ជូនបេក្ខជននៅលើវិញ្ញាបនបត្ររបស់បេក្ខជនប្រឡងនៅពេលក្រោយ»។
ក្រសួងអប់រំ បានប្រកាសថា លទ្ធផលបាក់ឌុបឆ្នាំនេះមានសិស្សដែលប្រឡងជាប់បាក់ឌុបចំនួន ៧៩ ០៥២នាក់ ត្រូវជា ៦៨.៦២ភាគរយ និងមានសិស្សដែលជាប់និទ្ទេសA ចំនួន៤៤៣នាក់៕
Tag:
ក្រសួងអប់រំ
លទ្ធផលប្រឡង
បាក់ឌុប
ពិន្ទុ
BacII2019
វិញ្ញាបនបត្
© រក្សាសិទ្ធិដោយ thmeythmey.com