កីឡាជាតិ
ជាតិ
ឳពុក ឈុត សេរីវ៉ាន់ថង ថា ការជាប់បាក់ឌុបមានអារម្មណ៍ក្តុកក្តួលខ្លាំងជាងឈ្នះពាន លោក ឈុត សេរី (ស្តាំ)ថតជាមួយកូនប្រុស ឈុត សេរីវ៉ាន់ថង
× លោក ឈុត សេរី ឳពុកបង្កើតរបស់អ្នកលេងគុនខ្មែរ ឈុត សេរីវ៉ាន់ថង បាននិយាយថា លោកមានអារម្មណ៍រំភើបសប្បាយរីករាយមែនទែន ក្រោយដឹងដំណឹងកូនប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)។ វ៉ាន់ថង ដែលបានដកខ្លួនមិនចូលប្រឡងកាលពីឆ្នាំមុន ទទួលបាននិទ្ទេស E ក្នុងការប្រឡងស្វៃរិនថ្នាក់វិទ្សាសាស្ត្រសង្គម។ អ្នកលេងគុនខ្មែររូបនេះ អាចនឹងចាប់យកជំនាញច្បាប់នៅសាលកវិទ្យាល័យបៀលប្រាយខេត្តបាត់ដំបង។
«ក្រោយដឹងថាកូន(ឈុត សេរីវ៉ាន់ថង)ជាប់បាក់ឌុប ខ្ញុំមានអារម្មណ៍ក្តុកក្តួលខ្លាំងមែនទែន ជាងកូនឈ្នះពានក្នុងការប្រកួតប្រដាល់ទៅទៀត»។ នេះជាការបង្ហាញអារម្មណ៍រំភើបរបស់លោក ឈុត សេរី ឳពុកបង្កើតរបស់កីឡាករ ឈុត សេរីវ៉ាន់ថង ដែលតាមដានមើលការប្រកាសលទ្ធផលបាក់ឌុបតាមទំព័រហ្វេសប៊ុកនៅផ្ទះក្នុងខេត្តបាត់ដំបង។
កត្តាដែលធ្វើឲ្យលោករំភើបខ្លាំងជាមួយលទ្ធផលបាក់ឌុបជាងការលើកពាន ព្រោះលោកយល់ថា ការជាប់បាក់ឌុបអាចជួយឲ្យកូនខ្លួនមានអនាគតល្អជាងការប្រឡូកក្នុងវិស័យប្រដាល់។
គ្រូបង្វឹករូបនេះបានប្រាប់ពីអារម្មណ៍ក្នុងអំឡុងពេលមើលការប្រកាសលទ្ធផលថា លោកអារម្មណ៍ភ័យផង អរផង ព្រោះខ្លាចកូនប្រុសខ្លួន ដែលបោះបង់ការប្រឡងកាលពីឆ្នាំមុន ធ្លាក់បាក់ឌុបនៅឆ្នាំនេះ។ ប៉ុន្តែក្រោយដឹងលទ្ធផលជាប់ លោករួមជាមួយសាម៉ីខ្លួន ឈុត សេរីវ៉ាន់ថង និងគ្រួសារមានអារម្មណ៍ក្តុកក្តួលយ៉ាងខ្លាំង ជាមួយកាយវិការលោតផង និងស្រែកហ៊ោផង។
ក្រោយជាប់បាក់ឌុប ឈុត សេរីវ៉ាន់ថង អាចនឹងបន្តការសិក្សានៅសាកលវិទ្យាល័យបៀលប្រាយខេត្តបាត់ដំបងលើមុខជំនាញច្បាប់។ នេះបើតាមការបញ្ជាក់របស់លោក ឈុត សេរី ដែលបានបន្ថែមថា សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រដោយមានការឧបត្ថម្ភពីលោក ស៊ីថូ ណាថាន់ ប្រធានផ្នែកកីឡាប្រចាំស្ថានីយទូរទស្សន៍ CNC CTN និង MyTV ពាក់កណ្តាលលើការចំណាយថ្លៃសាលា។
សម្រាប់ការប្រឡងបាក់ឌុបនេះ ឈុត សេរីវ៉ាន់ថង ទទួលបាននិទ្ទេស E លើការប្រឡងស្វៃរិនថ្នាក់វិទ្យាសាស្ត្រសង្គម ក្រោយរូបគេទទួលបាននិទ្ទេស D លើមុខវិជ្ជាភាសាខ្មែរ និងបាននិទ្ទេស E លើមុខវិជ្ជាភូមិវិទ្យា ប្រវត្តិវិទ្យា និងសីលធម៌ពលរដ្ឋ៕
Tag:
ប្រដាល់គុនខ្មែរ
ឈុត សេរីវ៉ាន់ថង
ឈុត សេរី
© រក្សាសិទ្ធិដោយ thmeythmey.com