ជាតិ
ពីនេះ ពីនោះ
«ត្លុក»,«ភ្លុក» និង«ថ្លុក» មានន័យផ្សេងគ្នាដូចម្តេច?
× «ត្លុក» សំដៅលើអ្នកកំប្លែង អ្នកដែលបង្កើតបរិយាកាសឲ្យគេសប្បាយរីករាយ។ រីឯ «ភ្លុក» ជាឆ្អឹងដុះចេញពីមាត់សត្វ។ ចំណែក «ថ្លុក» សំដៅលើដីដែលដក់ទឹកភ្លៀង។ នេះបើតាមការបកស្រាយរបស់សម្តេចព្រះសង្ឃរាជ ជួន ណាត។
តាមការបកស្រាយបន្ថែមរបស់សម្តេចព្រះសង្ឃ ពាក្យថា «ត្លុក» ជានាមសព្ទ មានន័យថា អ្នកកំប្លែង អ្នកសម្តែងដែលធ្វើឲ្យគេសើច។ រូបត្លុក រូបដែលមានលក្ខណៈកំប្លុកកំប្លែង។
ចំពោះពាក្យ «ភ្លុក» មានន័យថា អវយវៈជាឆ្អឹងដុះចេញពីក្នុងមាត់ ដំរីឈ្មោលមានសណ្ឋានមូលធំចុងស្រួច។ កាលណាលូតវែងមានទ្រង់ទ្រាយងទន្ទាំ។ តាមធម្មតា តែងតែដុះមកមួយគូ ជួនកាលដ៏ដុះជាទោលតែមួយក៏មាន ដែលគេហៅថា ភ្លុកទក។ ដំរីឈ្មោល ដែលដុះភ្លុកពីកំណើត គេមិនហៅថា ឈ្មោលទេ តែគេហៅថា «ភ្លុក»។
ចំណែក «ថ្លុក» មានន័យថា ទីដីក្រហូង ដែលដក់ទឹកភ្លៀង ក្នុងរដូវវស្សា តែតូចជាងត្រពាំង។ ភាគច្រើន «ថ្លុក»នេះច្រើនកើតមានឡើង នៅពេលដែលក្របីដេក និងដោយសារទឹកហូរច្រោះ ឬមានមនុស្សកាប់ដីឲ្យទៅជាក្រហូង។ ឧទាហរណ៍៖ ថ្លុកជង្ហុក ទីដែលមានក្រហេងក្រហូង, ថ្លុកឈាម ជាដើម៕
© រក្សាសិទ្ធិដោយ thmeythmey.com