សង្គមស៊ីវិល បង្កើតយុទ្ធនាការដាំដើមកោងកាងឲ្យបាន១សែនដើមនៅកំពត
ជាតិ
សង្គមជាតិ
សង្គមស៊ីវិល បង្កើតយុទ្ធនាការដាំដើមកោងកាងឲ្យបាន១សែនដើមនៅកំពត
10, Sep 2019 , 6:05 pm        
រូបភាព
ផ្ទៃដីជិត២ពាន់ហិកតា នៅខេត្តកំពត នឹងគ្របដណ្តប់ដោយដើមកោងកាងចំនួន១សែនដើម ដែលមានក្រុមយុវជន និងពលរដ្ឋជាច្រើន ចូលរួមដាំនៅក្នុងយុទ្ធនាការ១សែនកោងកាង នៅតាមដែនសហគមន៍នេសាទចំនួន៨ នៅខេត្តកំពត។ យុទ្ទនាការនេះ ចាប់ផ្តើមចាប់ពីខែកញ្ញា ឆ្នាំ២០១៩ រហូតដល់ខែឧសភា ឆ្នាំ២០២០ ដែលជាយុទ្ធនាការមួយ ដើម្បីកៀងគរឲ្យយុវជន និងពលរដ្ឋស្រឡាញ់ធនធានធម្មជាតិ និងយល់ពីសារប្រយោជន៍នៃដើមកោងកាង។



យុទ្ធនាការ១សែនកោងកាងនេះមានការចូលរួមដោយអង្គការ ActionAid Cambodia (AAC) មជ្ឈមណ្ឌលអភិវឌ្ឍស្ត្រី និងកុមារនៅកម្ពុជា អង្គការសាមគ្គី រដ្ឋបាលជលផលខេត្តកំពត និងសហគមន៍ទាំង៨ក្នុងខេត្តកំពត គឺសហគមន៍ត្រពាំងសង្កែ សហគមន៍កំពង់សាមគ្គី សហគមន៍ត្រពាំងរពៅ សហគមន៍ព្រែកត្នោត សហគមន៍កែបថ្មី សហគមន៍ទទឹងថ្ងៃ សហគមន៍កោះគ្រឹស្នា និង សហគមន៍លក។



យុទ្ធនាការនេះ បានចាប់ផ្តើមជាលើកដំបូង កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៩ ដែលដឹកនាំនិងរៀបចំដោយអង្គការ ActionAid។ ក្នុងយុទ្ធនាការលើកដំបូងនេះ អង្គការ ActionAid បានដឹកនាំយុវជនប្រមាណ៤០នាក់ យកដើមកោងកាង១១៥ដើម ទៅដាំនៅតាមដៃសមុទ្រខេត្តកំពត ដែលស្ថិតក្នុងដែនសហគមន៍ត្រពាំងសង្កែ។

លោកស្រី ហ៊ុន បូរមី នាយិកាអង្គការ ActionAid ប្រចាំកម្ពុជា បានបញ្ជាក់ថា យុទ្ធនាការ១សែនកោងកាង នឹងជួយផ្សព្វផ្សាយឲ្យសាធារណជនជ្រាបពីអត្ថប្រយោជន៍នៃដើមកោងកាង និងចូលរួមការពារឆ្នេរដែលជាប្រភពស្បៀងអាហាររបស់ពលរដ្ឋដែលរស់នៅតាមសហគមន៍នេសាទទាំង៨ ក្នុងខេត្តកំពត និងរក្សាតុល្យភាពប្រព័ន្ធអេកូឡូស៊ី និង បរិស្ថាន ព្រមទាំងកាត់បន្ថយបម្រែបម្រួលអាកាសធាតុ។


(លោកស្រី ហ៊ុន បូរមី នាយិកាអង្គការ ActionAid ប្រចាំកម្ពុជា)

បើតាមលោកស្រី ហ៊ុន បូរមី យុទ្ធនាការនេះ នឹងជួយកៀងគរពលរដ្ឋឲ្យចូលរួមដាំកោងកាង នៅ សហគមន៍ទាំង៨ ក្នុងខេត្តកំពត។ អ្នកស្រី ហ៊ុន បូរមី បានអះអាងថា ព្រៃកោងកាងគឺជាជម្រកនៃជីវចម្រុះ ហើយព្រៃកោងកាងជារនាំងការពារទប់ស្កាត់ខ្យល់ព្យុះ និងទឹកជំនន់ និងជួយកាត់បន្ថយបម្រែបម្រួលអាកាសផងដែរ។ កំពុងតែស្ថិតនៅក្នុងយុទ្ធនានាដាំដើមកោងកាងក្នុងសហគមន៍ត្រពាំងសង្កែ អ្នកស្រី បានបញ្ជាក់ថា យុទ្ធនាការ១សែនកោងកាង នឹងធ្វើឲ្យពលរដ្ឋបានយល់ដឹងពីសារប្រយោជន៍នៃដើមកោងកាងឲ្យកាន់តែល្អប្រសើរ។



ប្រធានអង្គការរូបនេះ និយាយដូច្នេះថា៖«ព្រៃកោងកាងជាអង្គរក្សដែនសមុទ្រ ហើយព្រៃកោងកាងមានតួនាទីសំខាន់ណាស់ក្នុងការផ្តល់នូវជម្រកធនធានចម្រុះដល់សហគមន៍ដែលពឹងអាស្រ័យផលនៃដើមកោងកាងនេះ។ បើយើងមិនចាប់ផ្តើមការពារព្រៃកោងកាងទេ សហគមន៍ដែលរស់នៅតាមតំបន់ឆ្នេរហ្នឹង នឹងជួបបញ្ហាប្រឈម ដោយសារពុំមានអ្វីអាស្រ័យផល ហើយបើបាត់បង់ព្រៃកោងកាង ធ្វើឲ្យបាត់បង់ធនធានមួយដែលស្រូបយកជាតិពុល»។



លោក ស សូរិន នាយខណ្ឌរដ្ឋបាលជលផលកំពត ដែលចូលរួមក្នុងយុទ្ធនាការនេះដែរ បាននិយាយប្រាប់សារព័ត៌មានថ្មីៗថា ព្រៃកោងកាងមានសារសំខាន់ ទើបខាងអ្នកពាក់ព័ន្ធបង្កើតបានជាសហគមន៍ជាច្រើនកន្លែងនៅខេត្តកំពត ដើម្បីការពារធនធានជលផល។ បើតាមលោក ស សូរិន ដែលកំពុងតែស្ថិតនៅក្នុងយុទ្ធនាការដាំកូនកោងកាងជាមួយក្រុមយុវជនប្រមាណ៤០ សហគមន៍ត្រពាំងសង្កែ គឺជាកន្លែងដែលមានដើមកោងកាង ធនធានធម្មជាតិល្អប្រសើរ។

នាយខណ្ឌរដ្ឋបាលជលផលកំពត បានអះអាងថា រដ្ឋបាលជលផលមានយុទ្ធការ និងផែនការគ្រប់គ្រងព្រៃកោងកាងហើយ។ លោកនិយាយដូច្នេះថា៖«ជាក់ស្តែងរដ្ឋបាលជលផលយើងបានរៀបចំ ជាមួយអង្គការក្រៅរដ្ឋាភិបាល ដើម្បីកំណត់បង្គោលព្រំប្រទល់ព្រៃកោងកាង ដើម្បីការពារព្រៃកោងកាង និងផ្សព្វផ្សាយឲ្យប្រជាជនយើងការពារព្រៃកោងកាង»។ លោក បានបញ្ជាក់ទៀតថា ព្រៃកោងកាង អាចនឹងផ្តល់ចំណូលដល់ប្រជានេសាទដែលរស់នៅតាមសហគមន៍ និងអាចចិញ្ចឹមជីវិតរបស់ពូកគេផងដែរ។ 



ពលរដ្ឋប្រមាណ៣៥០០គ្រួសារ នៅខេត្តកំពត ទទួលបានចំណូលពីការនេសាទដោយអាស្រ័យផលលើដើមកោងកាង ពីចន្លោះ៥ម៉ឺនរៀលទៅ៧០ម៉ឺនរៀលក្នុងមួយថ្ងៃ។ របាយការណ៍ដែលស្តីពីដើមកោងកាងនៅកម្ពុជាដែលបង្ហាញដោយអង្គការ ActionAid បានបញ្ជាក់ថា ក្នុងមួយឆ្នាំ ពលរដ្ឋដែលជាអ្នកនេសាទ អាចរកចំណូលពីដើមកាង បានពី១៦ លានដុល្លារ រហូតដល់២២០លានដុល្លារ៕





Tag:
 យុទ្ធនាការ១សែនកោងកាង
© រក្សាសិទ្ធិដោយ thmeythmey.com