អន្តរជាតិ
វិស័យ​ទេសចរណ៍​ហុងកុង ធ្លាក់ចុះ​ដល់​កម្រិត​ទាប​បំផុត​ក្នុងពេល​១៦​ឆ្នាំ ដោយសារ​ការ​បាតុកម្ម​
11, Sep 2019 , 9:49 am        
រូបភាព
​ដោយ៖ ឈួន ឈី​វ​អ៊ីង​

​វិស័យ​ទេសចរណ៍​របស់​ហុងកុង ទទួលរង​ផល​អាក្រក់​យ៉ាងខ្លាំង​ក្រោយពី​ភ្ញៀវទេសចរ​បាន​ធ្លាក់ចុះ​ក្នុង​រយៈ​ជាង ១០​ឆ្នាំ​មកនេះ​។ ការធ្វើ​បាតុកម្ម​តវ៉ា​នៅតាម​ដងផ្លូវ ក្នុង​ខែសីហា​នេះ បាន​កាត់បន្ថយ​ចំនួន​ភ្ញៀវ​មកលេង​តំបន់​ដែល​ពេញនិយម ដូចជា Disneyland និង Ocean Park​។​



​ចំនួន​ភ្ញៀវទេសចរ​ទៅដល់​ហុងកុង បាន​ធ្លាក់ចុះ​ស្ទើរតែ​៤០% ក្នុង​ខែសីហា ដែលជា​ការធ្លាក់​ទាប​បំផុត​គិត​តាំងពី​ឆ្នាំ​២០០៣ ។ នេះ​បើតាម​ការប្រកាស​របស់​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ហុងកុង Paul Chan Mo កាលពី​ថ្ងៃទី​៨ ខែកញ្ញា​។ កាលពី​ឆ្នាំ​២០០៣ ចំនួន​ភ្ញៀវទេសចរ​បាន​ធ្លាក់ចុះ​ដល់​កម្រិត​ទាប​បំផុត​មិន​ធ្លាប់មាន​ដោយសារ​ពេល​មានការ​ផ្ទុះ​នៃ​ជម្ងឺ​ផ្លូវដង្ហើម (Sars) ។​

​ប្រធាន​ក្រុមប្រឹក្សា​ទេសចរណ៍​ហុងកុង​ដែល​តំណាង​ក្រុម​អ្នក​នាំ​ភ្ញៀវ ជាង​បី​ពាន់​នាក់ ក្នុង​ទីក្រុង​ហុងកុង​បាន​និយាយថា ពួកយើង​ទទួលរង​ការវាយប្រហារ​យ៉ាងខ្លាំង​ពី​ការធ្វើ​បាតុកម្ម​។ កាលពី​ឆ្នាំមុនៗ អ្នក​នាំ​ភ្ញៀវ​ទេសចរណ៍​អាច​រកចំណូលបាន ៣៨០០​ដុល្លា​អាមេរិក​ក្នុង​មួយខែ អំឡុង​ខែកក្កដា និង​សីហា​។ ពេលនេះ អ្នក​នាំ​ភ្ញៀវ​មួយចំនួន​សម្រេចចិត្ត​ស្នាក់នៅ ចិនដីគោក​ជាមួយ​សាច់ញាតិ​បណ្តោះអាសន្ន​ដើម្បី​កាត់បន្ថយ​ការចំណាយ​។​

​លោក Yiu Si Wing ជា​សមាជិកសភា​តំណាង​ឲ្យ​ឧស្សាហកម្ម​ទេសចរណ៍ និង​ជា​ប្រធាន​សេវាកម្ម​ទេសចរណ៍​ចិន​នៅ​ហុងកុង បាន​ឲ្យ​ដឹងថា អត្រា​ជួល​បន្ទប់​សណ្ឋាគារ ត្រូវបាន​បន្ទាប​ស្ទើ​៤០% ខុសពី​ធម្មតា​។ បន្ទប់​នៃ​សណ្ឋាគារ Ibis នៅ​សង្កាត់ Sheung Wan ក្នុង​សប្តាហ៍​នោះ​មានតម្លៃ ៥៥០​ដុល្លារ​ហុងកុង ដែល​តាមច្បាប់ បន្ទប់​មួយ​ត្រូវមាន​តម្លៃ​យ៉ាង​ទាប​បំផុត​ក៏ មួយ​ពាន់​ដុល្លារ​ហុងកុង​ដែរ​។ នេះ​បើតាម​កាសែត​ហុងកុង South China Morning Post ។​

​សមាជិកសភា​ដដែល បាន​បន្ថែមទៀតថា បញ្ហា​ដ៏​ធំជាងគេ​គឺ​មិនមែន​ត​ម្លែ ឬ​ទីផ្សារ​នោះទេ តែ​មនុស្សម្នា​នឹង​បាត់បង់​ទំនុកចិត្ត​ក្នុង​ការចូល​មកលេង​នៅ​ទីក្រុង​ហុងកុង​។ នៅ​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ គ្មាន​ភ្ញៀវ​ទេសចរណ៍​ទៅ​កំសាន្ត​នៅ​ឧទ្យាន Disneyland និង Ocean Park នោះទេ ដែលជា​ធម្មតា​កន្លែង​ទាំងពីរ​នេះ​ជាទី​ពេញចិត្ត​របស់​ពួកគេ​។

​ភោជនីយដ្ឋាន​នានា ក៏​កំពុង​ស្ថិតក្រោម​សម្ពាធ​របស់​អតិថិជន​ដែរ បើទោះបីជា​ពួកគេ​បាន​កាត់​តម្លៃ​ពាក់កណ្តាល​រួចទៅហើយ​ក្តី​។ អំឡុង​ពេលបាយ​ថ្ងៃត្រង់​ក្នុង​ថ្ងៃ​ចន្ទ មាន​ហាង​តែ​ពាក់កណ្តាល​ប៉ុណ្ណោះ ដែល​បើក​លក់ ខណៈ​ហាង​ជាច្រើន​បាន​បិទទ្វារ​។​
 
​គួរបញ្ជាក់​ផងដែរ​ថា ការតវ៉ា​ទាមទារ​លទ្ធិប្រជាធិបតេយ្យ​របស់​ហុងកុង​បានអូសបន្លាយ​ពេល​អស់ ១៤​សប្តាហ៍​មកហើយ ប៉ុន្តែ​គ្មាន​សញ្ញា​នៃ​ការបន្ធូរបន្ថយ​ឡើយ ព្រមទាំង​បានធ្វើ​ឲ្យ​អាកាសយានដ្ឋាន​ត្រូវ​បិទ​អស់​រយៈពេល​២​ថ្ងៃ​ទៀតផង ហើយ​មាន​ការបង្ក​អគ្គិភ័យ​នៅតាម​ដងផ្លូវ និង​បិទ​ចោល​ស្ថានីយ៍​រថភ្លើង​រាប់សិប​កន្លែង​ផងដែរ​៕


© រក្សាសិទ្ធិដោយ thmeythmey.com